រូប​ចម្លាក់​ខ្មែរ លក់​ដាច់​ដោយ​«សូធើបាយ»​នៅ​ញ៉ូយក នឹង​វិល​ទៅ​កម្ពុជា

ការសម្របសម្រួលគ្នាមួយ ត្រូវបានព្រមព្រៀងដោយគ្រឹះស្ថានដេញថ្លៃ សូធើបាយ (Sotheby’s) នៅទីក្រុងញ៉ូយក ជាមួយនឹងទីក្រុងភ្នំពេញ ដើម្បីទទួលយកត្រឡប់មកវិញ នូវរូបចម្លាក់បូរាណខ្មែរដ៏មានតម្លៃមួយ ដែលត្រូវបាន​គេ​លួចពីប្រាសាទចិន ក្នុងតំបន់រាជធានីបូរាណ កោះកែ។ នេះជាជោគជ័យមួយថ្មីទៀត របស់ប្រទេសកម្ពុជា ដែល​សម្បូរ​ទៅដោយបេតិកភ័ណ្ឌកាត់ថ្លៃមិនបាន តែត្រូវបានលួចនិងយកទៅតាំង នៅតាមបណ្ដា​សារមន្ទីរនានាក្នុង​ពិភពលោក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសម្របសម្រួលគ្នាមួយ ត្រូវបានព្រមព្រៀងដោយគ្រឹះស្ថានដេញថ្លៃ សូធើបាយ (Sotheby’s) នៅទីក្រុងញ៉ូយក ជាមួយនឹងទីក្រុងភ្នំពេញ ដើម្បីទទួលយកត្រឡប់មកវិញ នូវរូបចម្លាក់បូរាណខ្មែរដ៏មានតម្លៃមួយ ដែលត្រូវបាន​គេ​លួចពីប្រាសាទចិន ក្នុងតំបន់រាជធានីបូរាណ កោះកែ។ នេះជាជោគជ័យមួយថ្មីទៀត របស់ប្រទេសកម្ពុជា ដែល​សម្បូរ​ទៅដោយបេតិកភ័ណ្ឌកាត់ថ្លៃមិនបាន តែត្រូវបានលួចនិងយកទៅតាំង នៅតាមបណ្ដា​សារមន្ទីរនានាក្នុង​ពិភពលោក។


រូបចម្លាក់ខ្មែរ «Duryodhanna» មានប្រភពដើមពីប្រាសាទចិន តំបន់កោះកែ នៃប្រទេសកម្ពុជា។ (រូបថត AFP)

បូរាណវត្ថុ - រូបចម្លាក់នេះ ដែលត្រូវបានលួចពីប្រាសាទចិន នៅរាជធានីបូរាណ កោះកែ (សតវត្សទី១០) ក្នុង​ប្រទេស​កម្ពុជា បានស្ថិតក្នុងកណ្ដាប់ដៃនៃប្រព័ន្ធយុត្តិធម៌របស់អាមេរិក តាំងពីច្រើនខែមកហើយ។ ប៉ុន្តែមិនយូរឡើយ រូប​ចម្លាក់នេះ នឹងវិលត្រឡប់ទៅប្រទេសដើមវិញ។

កាលពីថ្ងៃព្រហស្បត្តិ៍ទី១២ ខែធ្នូ ឆ្នាំ២០១៣នេះ អាជ្ញាធរសហព័ន្ធអាមេរិកាំង បានចុះហត្ថលេខាមួយ​ជាមួយនឹង​គ្រឹះស្ថានដេញថ្លៃ សូធើបាយ និងអ្នកស្រី ដេស៊ីយ៉ា រូស្ប៉ូលី (Decia Ruspoli di Poggio Suasa) អតិថិជនជាតិ​ប៊ែលហ្សិក របស់គ្រឹះស្ថាននេះ ដែលបានរួមគ្នាដាក់រូបចម្លាក់ឲ្យដេញថ្លៃ និងត្រូវបានលក់ដាច់ក្នុងតម្លៃពីរលានដុល្លា (១,៥លានអ៊ឺរ៉ូ) កាលពីឆ្នាំ២០១១កន្លងមក។ ការសម្របសម្រួលដែលត្រូវបានលើកបង្ហាញដោយ ការសែតញ៉ូយក​ថែម ថាគឺអ្នកស្រី រ៉ូស្ប៉ូលី ខ្លួនឯងជាអ្នកស្ម័គ្រចិត្តធ្វើការសម្រេចនេះ ដោយសារ«ការគោរព»ដល់​បេតិកភ័ណ្ឌ​វប្បធម៌។

អ្នកស្រី រ៉ូស្ប៉ូលី និងស្វាមីអ្នកស្រី បានទិញរូបចម្លាក់នេះ នៅក្នុងគ្រឹស្ថានដេញថ្លៃ ស្ពីន (Spink’s) នៅរាជធានីឡុងដ៍ កាលពីឆ្នាំ១៩៧៥ ដែលបានយករូបចម្លាក់នេះ ពីលោក ឌូគ្លាស ឡាស្វ័រ (Douglas Latchford) អ្នកជំនួញដ៏ល្បីមួយ​រូប ពីរាជធានីបាងកកប្រទេសថៃ។

សំនុំរឿងនេះបានបញ្ចប់ទៅ ហើយបានធ្វើឲ្យគ្រឹះស្ថាន សូធើបាយ ធូរស្បើយពីការជាប់ទាក់ទងក្នុងសង្គ្រាម​យុត្តិធម៌​ដ៏អស់សង្ឃឹម។ អស់សង្ឃឹម ព្រោះសូម្បីតែភ្នាក់ងារស៊ើបការសម្ងាត់ អេហ្វប៊ីអាយ អាមេរិក ក៏ធ្លាប់បាន​និយាយ​ប្រាប់​គ្រឹះស្ថាន តាមទូរសារអេឡិចត្រូនិកដែរថា «មានភស្ដុតាងពីកម្ពុជា ថារូបចម្លាក់នេះត្រូវបានលួច​ចេញពីប្រាសាទ​ចិន»។ ប៉ុន្តែគឺគ្រឹស្ថានដេញថ្លៃនេះទេ ដែលបានប្រកែកមិនឲ្យអាចមានការដកហូត និងការបញ្ជូនត្រឡប់​ទៅកម្ពុជា​វិញ។ គ្រឹស្ថានថែមទាំង ធ្លាប់បដិសេធសិទ្ធិជាម្ចាស់របស់ប្រទេសកម្ពុជា ដែលថានោះជាមរតក នៃរាជាណាចក្រ​ខ្មែរបូរាណនោះផង។

បើតាមការបង្ហើបឲ្យដឹង ពីការសម្របសម្រួលនោះ បានឲ្យដឹងថា អ្នកស្រី រ៉ូស្ប៉ូលី មិនទទួលបានតម្លៃ​សំណងនៃ​ការខូចខាតណាមួយ ហើយក្រុមហ៊ុននៃគ្រឹស្ថានដេញថ្លៃ ជាអ្នកទទួលបន្ទុកក្នុងការបញ្ជូនវត្ថុបូរាណ ទៅដល់​រាជធានីភ្នំពេញ។ តែការសម្របសម្រួលត្រឡប់ទៅវិញ គឺរដ្ឋអាជ្ញានៃទីក្រុងញ៉ូយក នឹងបោះបង់ចោល​នូវការចោទ​ប្រកាន់ទាំងឡាយ ដែលធ្វើប្រឆាំងនឹងគ្រឹះស្ថាន សូធើបាយ និងអ្នកស្រី រ៉ូស្ប៉ូលី ពីបទនាំចូល​វត្ថុ«ចោរ»មកក្នុង​សហរដ្ឋ​អាមេរិក។ ការិយាល័យរដ្ឋអាជ្ញាធ្លាប់បានបញ្ជូន អ្នកស៊ើបអង្កេតរបស់ខ្លួនពីររូប មករាជធានី​បូរាណ​«កោះកែ»​ដោយផ្ទាល់ ក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យឲ្យដឹងពីការកាត់គាស់​រំលីងរូបចម្លាក់នេះ ចេញពីកន្លែងដើម​របស់វា។

អ្នកនាំពាក្យរបស់គ្រឹះស្ថានដេញថ្លៃ បាននិយាយថា កិច្ចព្រមព្រៀងនេះ បញ្ជាក់ថា ក្រុមហ៊ុនសូធើបាយ និងអតិថិជន​របស់ខ្លួន បានធ្វើតែរឿងត្រឹមត្រូវប៉ុណ្ណោះ។

សូមបញ្ជាក់ថា ជាមួយនឹងការគាំទ្រជាសម្ងាត់ របស់អង្គការអ៊ុយណេស្កូ (Unesco) នៅក្នុងសំនុំរឿង ប្រទេសកម្ពុជា​បានទទួលជ័យជំនះជាលើកទីពីរហើយ នៅក្នុងឆ្នាំ២០១៣នេះ បន្ទាប់ពីរូបចម្លាក់មួយមុន ក៏ត្រូវបានបញ្ជូនទៅកម្ពុជា ពីសារមន្ទីរសិល្បៈ (Metropolitan Museum) នៅទីក្រុងញ៉ូយកដែរនោះ។ សារមន្ទីរណ័តុន ស៊ីម៉ុង (Norton Simon) នៅរដ្ឋកាលីហ្វ័រនី ដែលមានរូបចម្លាក់បូរាណខ្មែរដូចគ្នាដែរនោះ ក៏ទំនងជាត្រូវបញ្ជូនវត្ថុបូរាណទាំងនេះ ត្រឡប់ទៅ​ប្រទេសដើមវិញដែរ។ ប៉ុន្តែសារមន្ទីរបាននិយាយថា នឹងបញ្ជូនបេសកកម្មមួយទៅប្រទេសកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ជា​មួយអ្វីដែលអាជ្ញាធរបានលើកឡើង។

មិនមែនត្រឹមតែរូបចម្លាក់មួយឬពីរនេះទេ តែការបញ្ជូនត្រឡប់ទៅឲ្យម្ចាស់ដើម នឹងអាចធ្វើ​ទៅលើគ្រប់រូបចម្លាក់​ទាំងអស់ ដែលមានប្រភពលក់ចេញ ពោរពេញទៅដោយភាពមន្ទិល ជាមួយនឹងអ្នកជំនួញលោក ឌូគ្លាស ឡាស្វ័រ និងគ្រឹះស្ថានដេញថ្លៃ ស្ពីន នៅរាជធានីឡុងដ៍។ លោករដ្ឋអាជ្ញានៃទីក្រុងញ៉ូយក លោក ប្រេត បារ៉ារ៉ា (Preet Bharara) បានបង្ហាញនូវការប្ដេជ្ញាចិត្តថា «កិច្ចព្រមព្រៀង បានធ្វើឲ្យវត្ថុសិល្បៈវិលត្រឡប់ទៅប្រទេសកម្ពុជា ដែល​ជាម្ចាស់​ដើម​វិញ។ សហរដ្ឋអាមេរិក មិនមែនជាទីផ្សារ សម្រាប់ក្រុមចោរលួចវត្ថុបូរាណនោះទេ ហើយយើងនឹងបន្ត​ប្រឆាំង​នូវ​ការ​នាំចូល នៃចលនៈវត្ថុខុសច្បាប់ទាំងឡាយ មកក្នុងទឹកដីរបស់យើង និងចាត់វិធានាការបញ្ជូន​ត្រឡប់​ទៅវិញ៕»

ប្រព័ន្ធយុត្តិធម៌ ដែលធ្វើឲ្យព្រឺសម្បុរគីង្គក់ !

រូបថតទាំងមូលនៃរូបចម្លាក់ ដែលនឹងត្រូវបញ្ជូនមកកម្ពុជាវិញ៖

--------------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...