តុល្យភាពនៃព្យុះសមុទ្រនៅហ្វីលីពីន៖ ស្លាប់ជាង៦ពាន់ និងបាត់ខ្លួនជិត២ពាន់
ចំនួនជនរងគ្រោះដល់ជីវិត នៅក្នុងព្យុះសមុទ្រ ហៃយ៉ាន ដែលបានចូលមកទន្រ្ទាននិងបង្កវិនាសកម្មយ៉ាងធំធេង នៅថ្ងៃទី៨ខែវិច្ឆិកាកន្លងមកនោះ បានធ្វើឲ្យបញ្ជីតុល្យភាពក្រោយព្រឹត្តិការណ៍នេះ មានទម្ងន់កាន់តែខ្លាំងឡើង។ បើតាមតុល្យភាពផ្លូវការដែលបានផ្សាយនៅថ្ងៃសុក្រនេះ ដោយរដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា មនុស្សស្លាប់មានច្រើនជាង៦០០០នាក់ និងបាត់ខ្លួនមានជិត ២០០០នាក់ ផ្សេងទៀត។
កោះមួយ ដែលត្រូវខ្យល់ព្យុះបក់ពង្រាប បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ (រូបថត REUTERS/Erik De Castro)
គ្រោះធម្មជាតិ - ក្រុមប្រឹក្សាគ្រប់គ្រង់និងកាត់បន្ថយគ្រោះធម្មជាតិ ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានផ្សាយឲ្យដឹងថា តុល្យភាពផ្លូវការនៃគ្រោះថ្នាក់ បង្កដោយព្យុះសមុទ្រ ហៃយ៉ាន បានបង្ហាញពីតួលេខច្បាស់លាស់មួយ៖ អ្នកស្លាប់ ៦០០០នាក់។
ព្យុះសមុទ្រ ហៃយ៉ាន បានក្លាយជាព្យុះមួយ ដែលបានបង្កវិនាសកម្មយ៉ាងរង្គាលជាងគេ នៅក្នុងចំណោមព្យុះដែល បោកបក់មានកម្លាំងខ្លាំងទៅលើផែនពសុធា។ ហៃយ៉ាន ក៏ត្រូវបានកត់ត្រាថា ជាខ្យល់ព្យុះដ៏សាហាវលើកទីមួយដែរ នៅក្នុងប្រវត្តិសាស្ត្រនៃកោះហ្វីលីពីនកន្លងមក។
ក្រុមប្រឹក្សា បានរាប់ឃើញមានជនរងគ្រោះដោយបាត់ខ្លួន មានចំនួន ១៧៧៩នាក់។
បណ្ដាជនជាង៤លាននាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ជាពិសេសបណ្ដាជនដែលរស់នៅលើ កោះ លីត (Leyte) និងសាមារ (Samar)។ ខ្យល់ព្យុះ ហៃយ៉ាន បានបោកបក់ក្នុងល្បឿនលឿនជាង ៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយបានបង្កឲ្យមានរលកយក្សធំៗជាច្រើន ដែលប្រៀបបានទៅនឹងរលកយក្ស ស៊ូណាមី។
គួររំលឹកថា គ្រោះថ្នាក់ធម្មជាតិ ដែលបានបង្កវិនាសកម្មខ្លាំងជាងគេ នៅមុនវិនាសកម្មបង្កដោយព្យុះសមុទ្រហៃយ៉ាននេះ ជាគ្រោះរំជួយសមុទ្រ ស៊ូណាមី កាលពីឆ្នាំ១៩៧៦ ស្ថិតនៅផ្នែកខាងត្បូងនៃប្រទេស។ គ្រោះរំជួយសមុទ្រនេះ បានធ្វើឲ្យមនុស្សស្លាប់រវាងពី៥ ទៅ ៨០០០នាក់៕
--------------------------------------------------------
ដោយ ៖ ក. កេសរកូល - ភ្នំពេញ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ