យុវជន​រួម​គ្នា​បង្កើត​ជា​ «សភា​ត្រាប់» បង្រៀន​សភា​ពិត? (vdo)

មិនមែនជារដ្ឋាភិបាលស្រមោលទេ តែជាសភាស្រមោល ដែលរួមគ្នាបង្កើតឡើងដោយក្រុមយុ​វជន និស្សិត ដើម្បី​ចូលរួម​ផ្ដល់​យោបល់​ទៅ​ឲ្យ​សភា​ពិត កុំឲ្យ«ជិះសេះលែងដៃ តែម្នាក់ឯង»។
ក្រុមយុវជនសភាត្រាប់។ (រូបថត monoROOM.info/ S. Tith)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 28, 2014
  • ប្រធានបទ: និតិបញ្ញត្តិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាយុវជន​កម្ពុជា​ម្នាក់ យុវជន​ចង់​បង្ហាញ​ពី​គំនិត និង​យោបល់​មួយ​ចំនួន ដែល​រួម​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ក្នុង​ការ​ចេញ​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ ពិសេស​ច្បាប់​បោះ​ឆ្នោត។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​យុវជន នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី២ របស់​សភា​យុវជន​ត្រាប់ ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ រៀបចំ​ដោយ ERA នៅ​សណ្ឋាគារ​អ៊ីភើរៀល។

កញ្ញា កុប ច័ន្ទណាំ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី៤ផ្នែក​ទស្សនៈវិទ្យា ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​សភា​យុវជន​ត្រាប់  បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​សភា​ពិត។ (…) គណបក្ស​ទាំង​ពីរ ដែល​មាន​សម្លេង​ក្នុង​សភា​ហ្នឹង ចង់​ឲ្យ​គាត់​ទទួល​យក​សំណើ ដែល​សភា​យុវជន​ត្រាប់ របស់​យើង​អនុម័ត​ច្បាប់។ (…) ហើយ​ឲ្យ​គាត់​ទទួល​យក​មតិ​យោបល់ ពី​យុវជន​ឲ្យ​បាន​ច្រើន។»

ការថ្លែងរបស់តំណាងសភាយុវជនត្រាប់រូបនេះ បន្ទាប់ពីសម័យប្រជុំពេញអង្គ បានដាក់ចេញនូវសេចក្តីព្រាង​ច្បាប់មួយ ដែលក្រុមយុវជននៃសភាត្រាប់បានបង្កើតឡើង ក្រោមបណ្ដុំគំនិតយោបល់ រួមនឹងបទពិសោធន៍ និង​ចំណេះដឹងនានារបស់ក្រុមយុវជនទាំងនោះ ក្រោយពីពួកគេ បានចូលរួមក្នុងសម្មភាពសង្គមជាច្រើន​កន្លង​មក។

យុវជន«គ្រប់»ជំនាញ ត្រូវបានប្រមូលមកជួបជុំគ្នាជាបន្តបន្ទាប់ នៅក្នុងសភាយុវជនត្រាប់នេះ ដើម្បីធ្វើការផ្ទេរ​ចំណេះដឹង និងការយល់ឃើញជាវិជ្ជមាន ទៅដល់ស្ថាប័នសភាពិត ក្នុងការអនុម័តច្បាប់។ យុវជន យ៉ង ចាន់ដារ៉ា និស្សិតឆ្នាំទីបួន ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៃសកលវិទ្យាល័យភ្នំពេញ បានបន្ថែមដែរថា នេះ​ក៏​ចាត់ទុកជាការរៀនសូត្ររបស់យុវជន ជាមួយសម្ព័ន្ធ ERA ពីសេចក្តីព្រាងច្បាប់ ដែលសម្ព័ន្ធមួយនេះ នឹងស្នើ​ទៅ​រដ្ឋសភាផងដែរ។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រេល ដែលជាអ្នកផ្តួចផ្តើមឲ្យមានសភាត្រាប់ បានថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពីសម័យប្រជុំលើកទី២នេះថា «ខ្ញុំគិតថា (វា)សំខាន់ណាស់ ដែលយើងចាប់ផ្តើម​ឲ្យ​យុវជនហ្នឹង ធ្វើជាម្ចាស់នៃការបោះឆ្នោត និងពួកគេចាប់យល់ដឹងពីច្បាប់បោះឆ្នោតផង»។

មេដឹកនាំអង្គការជំនាញខាងការបោះឆ្នោតដដែល បាននិយាយទៀតថា នៅដើមឆ្នាំ២០១៥ ក្នុងខែមករា​ខាង​មុខនេះ រដ្ឋសភាជាតិនឹងមានធ្វើជា«សិក្ខាសាលាជាសាធារណៈ»មួយ បើកឱកាសឲ្យមានការផ្តល់​មតិ​លើ​សេចក្តីព្រាងច្បាប់ គ.ជ.ប និងច្បាប់បោះឆ្នោត ពីបណ្តាសាធារណជនទូទៅផងដែរ។ ដូច្នេះ ក្រុមយុវជន​ទាំង​នេះ អាចចូលរួមជាមួយនឹងសិក្ខាសាលានោះ ដើម្បីផ្ដល់យោបល់របស់ពួកគេ ទៅឲ្យសមាជិករដ្ឋសភា​ផ្ទាល់​តែ​ម្ដង៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...