«ឃើញពាក្យទាំងនេះហើយ ចង់ពន្លូតខ្ញុំចេញឬទេ?»
នេះជាពាក្យសម្តី ដែលបង្ហាញពីអារម្មណ៍ របស់ទារកនៅក្នុងផ្ទៃម្តាយ ដោយរំពឹងថា ខ្លួននឹងបានឃើញពន្លឺថ្ងៃ ប៉ុន្តែអ្វីៗ ប្រែខុសស្រលះ...
ខែទី១៖ ម៉ាក់ប្រហែលជាដឹងហើយ ថាមានខ្ញុំ។
ខែទី២៖ ប៉ាម៉ាក់ឈ្លោះគ្នា មកពីខ្ញុំហើយ មើលទៅ!
ខែទី៣៖ អ៊ុយ! ខ្ញុំរើខ្លាំងពេក សុំទោសម៉ាក់ ខ្ញុំអត់តាំងចិត្តទេ!
ខែទី៤៖ ប៉ាម៉ាក់ឈ្លោះគ្នាទៀតហើយ... មិនដឹងថារឿងអីទេ... និយាយពីខ្ញុំ? និយាយរឿងយកចេញ... ខ្ញុំអត់យល់»
ឃ្លាចុងក្រោយ ដែលគួរឱ្យសង្វេកទៀតនោះ គឺ៖ «ខែទី៥៖ ម៉ាក់ទៅរកពេទ្យ ពេទ្យឱ្យម៉ាក់គេងចុះ។ ខ្ញុំមានអារម្មណ៍ថា មានអ្វីម៉្យាង មកទាញជើងខ្ញុំចេញទៅ។ យ៉េ! ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ប្រាប់ថា ស្រលាញ់ម៉ាក់ តែ...? គ្រប់យ៉ាង ក៏ងងឹតឈឹង។ ម៉ាក់ហ្អ៎ា! ម៉ាក់សម្លាប់ខ្ញុំធ្វើអី ម៉ាក់អត់ចង់ដឹងទេហ៎ ថាខ្ញុំស្រលាញ់ម៉ាក់ប៉ុណ្ណា?»។
នេះ គ្រាន់តែជាសារមួយ របស់ប្រិយមិត្តមួយរូប ដែលបានសរសេរ ចែករំលែក នៅលើបណ្តាញសង្គម ដើម្បីជាការដាស់តឿន ដល់មិត្តយុវវ័យមួយចំនួន ដែលភ្លើតភ្លើន នឹងស្នេហាភ្លើងចម្បើង ដែលបណ្តាលឱ្យខ្លួនឯង មានកូន តែបែរជាចង់ពន្លូតគ្នាចោល។ សារនេះ ក៏បានដាស់តឿនផងដែរ ទៅរកអ្នកម្តាយទាំងឡាយ ដែលបានសម្រេចចិត្តបញ្ចប់ជីវិតកូន ដោយការរំលូតកូនចេញ ព្រោះមិនចង់ ឲ្យឈាមមួយតំណក់នេះ បានផ្ញើរជីវិត នៅក្នុងផ្ទៃរបស់ខ្លួន ព្រោះមូលហេតុផ្សេងជាច្រើន ដូចជា៖ ស្អប់ឪពុក គ្មានសមត្ថភាពចិញ្ចឹម ឬនឹកឃើញ នៅចង់សប្បាយនៅឡើយ ជាដើម។
បើទោះជា វាមិនមែនជាសម្តីទារក ដែលហៀបនឹង ត្រូវរំលូតចោលនោះ ក៏ពិតមែន ប៉ុន្តែវាពិតជា គួរឱ្យអាណិតក្មេង ដែលគ្នានៅមិនដឹងអី តែបែរជាត្រូវរងគ្រោះ ដោយសារភាព គ្មានការទទួលខុសត្រូវ របស់មនុស្សពីរនាក់ទៅវិញ។ សារនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើការចែករំលែក ច្រើនជាង៤ពាន់នាក់មកហើយ។
សម្រាប់ប្រទេស នៅបស្ចឹមលោកមួយចំនួន បានដាក់ការហាមប្រាម ការរំលូតកូននេះ នៅពេលដែលម្ដាយមានផ្ទៃពោះ ចាប់ពី៣ខែឡើងទៅ។ បើមិនអញ្ចឹងទេ នឹងមានទោសស្មើនឹង«មនុស្សឃាត»។ ប៉ុន្តែក្នុងអំឡុងពេល ពី០ ទៅ៣ខែ (ប្រទេសខ្លះ៥ខែ) អ្នកម្ដាយនៅតែអាចសម្រេចចិត្ត ធ្វើការរំលូតចេញបាន ដោយសារវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានបញ្ជាក់ថា ក្នុងចន្លោះពេលនេះ កូនតូចនោះ នៅមិនទាន់ក្លាយ ជាទារកពេញលក្ខណៈ ឬនៅមិនទាន់ក្លាយជាមនុស្ស នៅឡើយ (នៅត្រឹមជាកូនក្អុក មួយប៉ុណ្ណោះ)។ «សម្រេចចិត្ត មិនចង់មានកូន» ជាជម្រើស និងជាសេរីភាពផ្ទាល់ខ្លួន ដែលត្រូវតែពិចារណា ឲ្យបានដិតដល់ ជៀសជាងទុកកូននោះ ឲ្យកើតចេញមក ហើយរស់ទាំងពិបាក៕