ទីស្តីការគណរដ្ឋមន្រ្តី ថាតំណាងរាស្រ្តបក្សប្រឆាំង «មិនចេះ»ច្បាប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 22, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសន្និសិទ្ធសារព័ត៌មានលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាមួយនឹងការលើកឡើងរបស់លោក ដោយអានតាមលិខិត ដែលបានត្រៀមរៀបចំជាស្រេចនោះថា តំណាងរាស្រ្តពីររូប មកពីគណបក្សសង្គ្រោះជាតិ មានលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ជាមនុស្សមិនមានការយល់ដឹងពីច្បាប់ ដែលអ្នកតំណាងរាស្ត្រទាំងពីរ បានលើកឡើងនោះ។
ប្រតិកម្មនេះរបស់មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើឡើងជាប្រតិកម្ម ទៅនឹងសំដីលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ដែលបានថ្លែង ក្នុងការសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ប្រឆាំងទៅនឹង«សេចក្តីជូនដំណឹង» របស់ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ដែលបានដាក់ទៅកាន់ គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ដែលត្រូវឆ្លើយចំពោះមុខ គណកម្មការនៃរដ្ឋសភា ចាំបាច់ត្រូវបានការយល់ព្រមជាមុន ពីរដ្ឋមន្រ្តី ឬពីប្រធានស្ថាប័ន។ លោក តឹករ៉េត សំរេច បានពន្យល់ថា សេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្រ្តីនេះ ត្រូវបានតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ពីររូបខាងលើ បានចាត់ទុកថា ជាការរំលោភសិទ្ធិតំណាងរាស្រ្ត និងរដ្ឋធម្មនុញ្ញ។
លោកបានបន្តថា ទីស្តីការគណរដ្ឋមន្រ្តីបានចេញសេចក្តីណែនាំនេះ ព្រោះថា៖ «កន្លងមក មិនមែនមានគណកម្មការនៃរដ្ឋសភា ចុះសួរពីទង្វើ (សកម្មភាពការងារ) របស់មន្រ្តីថ្នាក់ក្រោមទេ។ (...) អង្គភាពថ្នាក់ក្រោមអាចមិនយល់ មានការស្រពិចស្រពិល អាចឆ្លើយមិនត្រូវ ឬឆ្លើយថាមិនដឹង។ (...) នេះជាការណែនាំ ជាបែបបទដើម្បីធានាថា មន្រ្តីថ្នាក់ក្រោមមានការយល់ដឹង មន្រ្តីថ្នាក់ក្រោមមានព័ត៌មានគ្រប់គ្រាន់។ មុននឹងឆ្លើយ គេអាចស្នើសុំយោបល់ ឬសួរថ្នាក់លើ ដើម្បីអាចមានព័ត៌មានមួយ គ្រប់គ្រាន់ក្នុងការឆ្លើយតប។»
មន្រ្តីជាន់ខ្ពស់ នៃទីស្តីការគណរដ្ឋមន្រ្តី បានវាយបកទៅតំណាងរាស្ត្រ មកពីគណបក្សប្រឆាំងថា៖ «ឯកឧត្តម សុន ឆៃ ជាតំណាងរាស្រ្ត តែមិនយល់ ពីខ្លឹមសារមាត្រា៩៦ របស់រដ្ឋធម្មនុញ្ញ។ (...) តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរ ដល់រាជរដ្ឋាភិបាល។ សំណួរនេះ ត្រូវសរសេរជាលាយលក្ខណ៍អក្សរ ប្រគល់ជូន តាមរយៈប្រធាន រដ្ឋសភា។ ចម្លើយ អាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប នេះមានន័យថា មានត្រា៩៦ នៃរដ្ឋធម្មនុញ្ញ មិនបើកផ្លូវឲ្យមន្រ្តី ដែលមិនមែនជាសមាជិករបស់រដ្ឋាភិបាល ឆ្លើយបំភ្លើទៅគណកម្មការនានា របស់ស្ថាប័ននីតិបញ្ញត្តិ ឬរបស់តំណាងរាស្រ្តទេ។ មានតែនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលទទួលបានសិទ្ធិឆ្លើយតប ទៅនឹងសំនួរបស់អ្នកតំណាងរាស្រ្ត។»
លោក តឹករ៉េត សំរេច ក៏បានហៅលោក ហូរ វ៉ាន់ ថាជាតំណាងរាស្រ្ត ដែលមិនបានយល់ដឹង ពីច្បាប់ដូចគ្នាដែរ។ លោកបានស្រង់សម្ដីលោកហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ មកបញ្ជាក់ថា៖ «ការចេញបញ្ជានេះ ជាចេតនារិតត្បិតសិទ្ធិរបស់តំណាងរាស្រ្ត ក្នុងការស្នើព័ត៌មាននានា សំខាន់ ពាក់ព័ន្ធអំពើពុករលួយ និងការបិទបាំងព័ត៌មាន នឹងអ្នកតំណាងរាស្រ្ត គឺបំពានលើរដ្ឋធម្មនុញ្ញរបស់កម្ពុជា។»
ការលើកឡើងរបស់ លោក ហូរ វ៉ាន ត្រូវបានលោករដ្ឋលេខាធិការ តឹករ៉េត សំរេច វាយតម្លៃថា បានប្រាសចាកទាំងស្រុង ទៅនឹងសេចក្តីជូនដំណឹង របស់ទីស្តីការកណរដ្ឋមន្រ្តី។ លោកបានថ្លែងឡើងថា លោក ហូរ វ៉ាន់ មិនបានអានច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ ពិសេសមាត្រា២២។
រដ្ឋលេខារូបនេះបានលើឡើងថា សេចក្តីណែនាំរបស់ទីស្តីការកនរដ្ឋមន្រ្តីនោះ គ្រាន់តែជាសេចក្តីណែនាំបែបរដ្ឋបាល របស់អង្គនីតិប្រតិបត្តប៉ុណ្ណោះ ដើម្បីឲ្យមានការជួប និងពិគ្រោះជាមួយថ្នាក់ដឹកនាំខ្លួនជាមុន មិននឹងមានការឆ្លើយបំភ្លឺ ជាមួយនឹងគណកម្មការ នៃស្ថាប័នអង្គការនីតិបញ្ញត្តិ (រដ្ឋសភា) នោះ។ លោកបានបញ្ជាក់ថា៖ «ឯកឧត្តម ហូរ វ៉ាន់, ឯកឧត្ត សុន ឆៃ ក្នុងនាមតំណាងរាស្រ្ត ដែលមានសមត្ថកិច្ចធ្វើច្បាប់ មិនគួនិយាយអ្វីដែលបំពាន ទៅលើខ្លឹមសារនៃច្បាប់ទេ។ ឯកឧត្តមទាំងពីរ គួមានការប្រុងប្រយ័ត្នជាងនេះ ក្នុងការនិយាយពីច្បាប់។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការប្រតិកម្មតប ពីលោក សុន ឆៃ និងលោក ហូរ វ៉ាន់ បានទេក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។ តែលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិបានចាត់ទុកថា នោះជាការគម្រាមកំហែងមួយ ក្នុងការបិទសិទ្ធិសេរីភាព ដល់សមាជិករាជរដ្ឋាភិបាល។ លោកបានថ្លែងប្រាប់ទស្សនាវដ្ដីថា ការលើកឡើងនេះ គឺជាការជម្រុញឲ្យការអនុវត្ត តាមរដ្ឋធម្មនុញ្ញមិនបានទូលំទូលាយ។ តំណាងរាស្ត្រ អ៊ុំ សំអាន បានរំលឹកថា កន្លងមក លោកនាយករដ្ឋមន្រ្តីធ្លាប់បានប្រកាស់ថា គ្រប់មន្រ្តីទាំងអស់ ត្រូវឡើងឆ្លើយបំភ្លឺ មុខគណកម្មការនៃរដ្ឋសភា ឬចំពោះមុខសភា មិនចាំបាច់សុំការអនុញ្ញាតជាមុន ពីលោកឡើយ៕