មាន​គេ​ឃើញ យុត្ថារ៉ា ឆានី ចូល​ញ៉ាំ​អាហារ​មិន​ឲ្យ​ប្រាក់​

សារមួយដែលសរសេរ ដោយអ្នកនិពន្ធខ្មែរ-អាមេរិកាំងមួយរូប បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម។ នោះគឺជាការរំលឹកមកនិយាយ នូវហេតុការណ៍មួយ ដែលមានជាប់ទាក់ទង នឹងកំពូលតារាលោក យុត្ថារ៉ា ឆានី ថា​បាន​ចូល​ទៅ​ញ៉ាំ​អាហារ នៅទឹកជ្រោះក្បាលឆាយ តែបានលួចចេញមកវិញ ដោយមិនឲ្យប្រាក់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 22, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីញ៉ាំចំណីមិនឲ្យប្រាក់ ជាបទល្មើសមួយ។ តែបើករណីនេះ កើតចេញពីទង្វើ របស់តារាណាម្នាក់នោះ វានឹង​ទៅហួសពីបទល្មើេស តែវានឹងក្លាយជារឿងអាស្រូវមួយ យ៉ាងអាក្រក់ជាទីបំផុត។ តើវាជាករណី ដែលបានកើត​ឡើង ទៅលើលោក យុត្ថារ៉ា ឆានី តាំងពីជិត១០ឆ្នាំមុនឬ?

រឿងនេះ មិនមែនជាស្នាដៃ ទើបនឹងនិពន្ធបង្កើតឡើងថ្មី ដោយការស្រមើស្រម័យទេ តែជាហេតុការណ៍ពិតមួយ ដែលអ្នកនិពន្ធខ្មែរ-អាមេរិកាំងដ៏ល្បីមួយរូប អ្នកស្រី កែវ ច័ន្ធបូរណ៌ បានជួបប្រទះដោយផ្ទាល់ តាំងពីពាក់​កណ្ដាល​ឆ្នាំ២០០៦ នៅពេលដែលអ្នកស្រីបានទៅកំសាន្ដ នៅរមណីយដ្ឋាន ទឹកជ្រោះក្បាលឆាយ។

អ្នកស្រី​បាន​ផ្ដើមសរសេរ នៅលើជញ្ជាំងហ្វេសប៊ុករបស់អ្នកស្រី ដោយបានចូលសាច់រឿងភ្លាមថា៖ «កំពុងតែ​អង្គុយយោលអង្រឹងលេង ស្រាប់តែមានក្មេងស្រី​អាយុ​ប្រហែល​១០ឆ្នាំ ជាកូនរបស់ម្ចាស់តូប នាំបុរសស្រី្ត ស្អាតៗ​ពីររូប មកដល់រានអង្គុយលេង ជាប់នឹងរាន​របស់​ខ្ញុំ ហើយឃើញមនុស្សម្នា ជ្រួលជ្រើម ចោមរោមអើតអើម ដកក​សម្លឹងមើល មិនដាក់ភ្នែក គ្រប់ៗគ្នា។ ភ្លាម​នោះ ញាតិរបស់ខ្ញុំលាន់មាត់ឡើងថា បុរសស្អាតនោះ ជាយុត្ថារ៉ា ឆានី តែស្រ្តីស្អាតនោះ មិនមែន ចន ច័ន្ទលក្ខិណា ទេ។»

«តើអោយខ្ញុំទៅយកលុយ ពីក្បាលអាណាបាន?»

ប៉ុន្តែរឿងរ៉ាវ បានផ្លាស់ប្ដូរអត្ថន័យរបស់វា នៅពេលដែលអ្នកស្រី បានឭសន្ធឹកវាយកូនស្រីតូចនោះ ពីសំណាក់​ម្ដាយរបស់នាង ដែលជាម្ចាស់តូប។ អ្នកស្រី ច័ន្ទបូរណ៌ បានស្រង់សម្ដីរបស់ស្ត្រីនោះ ដែលបានវាយកូនបណ្ដើរ ជេរស្ដីកូនបណ្ដើរថា៖ «វាបម្រើភ្ញៀវ អោយភ្ញៀវរត់បាត់ មិនគិតលុយ។ ភ្ញៀវវាកុំម៉ង់ម្ហូប អស់ជាង១៥ដុល្លារ អាលូវ​វាឡើងឡានទៅបាត់ តើអោយខ្ញុំទៅយកលុយ ពីក្បាលអាណាបាន?»។

«ក្បាលអាណា»នេះ គឺម្ចាស់តូប ចង់សំដៅទៅលើបុរសស្ត្រីស្អាតៗទាំងពីររូបនេះហើយ។ ចំណែកកុមារីតូចវិញ បានរើបម្រះពីសន្ធឹកផ្គរលាន់របស់ម្ដាយ ដោយបានព្យាយាមពន្យល់តបវិញ តាមយៈសំណេររបស់អ្នកស្រី ច័ន្ទបូរណ៌ ថា៖ «ញ៉ុមទារគាត់តើហ៍ម៉ែ! តែគាត់ថា ចុះទៅលេងទឹកម៉ាភ្លែត បន្តិចទៀត គាត់យកលុយមកអោយ​ហើយ។ ស្រាប់តែញ៉ុមឃើញគាត់ទាំងពីរ ឡើងឡានត្រុយទៅ រត់តាមអត់ទាន់។»។

អ្នកស្រី កែវ ច័ន្ទបូរណ៌ បានសរសេរឲ្យដឹងទៀតថា នៅចំពោះហេតុការណ៍នេះ និងមិនអាចទ្រាំឈរមើល តទៅ​ទៀតបាន អ្នកស្រីបានសុខចិត្តចំណាយប្រាក់ ២០ដុល្លារ ដើម្បីជាថ្នូរនឹងការឈប់ វាយធ្វើបាបកូន។ អ្នកនិពន្ធ​ល្បី​ឈ្មោះ បានរៀបរាប់ទៀតថា៖ «ព្រលប់សន្ធិយា ក៏ឈានចូលមកដល់ ប៉ុន្តែ... ខ្ញុំពុំបានឃើញ បុរសស្រ្តីស្អាត​ពីរ​រូបនោះ វិលវិញមកសងប្រាក់ ថ្លៃអាហាររបស់ខ្លួនឡើយ»។

«ចាប់តាំងពីថ្ងៃនោះមក ខ្ញុំឈប់មើលវិឌីអូ សម្តែងរបស់ លោក យុទ្ធារ៉ាឆានី ព្រោះអោយតែខ្ញុំឃើញតារានេះ ដង​ណា ខ្ញុំតែងរំដួលចិត្ត នឹកឃើញដល់ក្មេងស្រីតូច មួយរូបនោះដងហ្នឹង មិនដែលខាន»។ នេះការថ្លែងរំលឹករបស់​អ្នកស្រី កែវ ច័ន្ទបូរណ៌។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ព្យាយាមស្វែងរកការបកស្រាយ និងប្រតិកម្មពីការលើកឡើងខាងលើ ពីកំពូល​តារា​សម្ដែង លោក យុត្ថារ៉ា ឆានី នៅព្រឹកនេះ តែមិនបានសម្រេចទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅទីបញ្ចប់ទៅ អ្នកស្រី ច័ន្ទបូរណ៌ មិនបានទម្លាក់កំហុសនេះ ទាំងស្រុង ទៅលើបុរសស្ត្រីទាំងពីរនាក់នោះឡើយ។ អ្នកស្រីបាន​បញ្ចប់សាច់រឿង ដោយសុំឲ្យអ្នកអានពិចារណា ពីមូលហេតុច្រើនយ៉ាង ដែលអាចកើតមាន ទៅលើ​ហេតុការណ៍​នេះ ដូចខាងក្រោម៖
១- បុគ្គលនោះ ប្រហែលជា មានការប្រញាប់ពេក ទើបងើបចេញទៅ ភ្លេចបង់ប្រាក់?
២- ភរិយា បានលេចធ្លោ មកដល់ទីនោះដែរ ក៏មិនដឹង
៣- អ្នកស្រុកជាញាតិក្បែរនោះ ចូលបន្លំខ្លួនគិតលុយជំនួសម្ចាស់តូប យកប្រាក់ហើយ បាត់ខ្លួន
៤- មូលហេតុផ្សេងទៀត ដែលយើងគិតមិនបានដល់៕

» សូមអានអត្ថបទ សរសេរដោយអ្នកស្រី កែវ ច័ន្ទបូរណ៌ទាំងស្រុង ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...