CPP និងCNRP ពន្យល់ពី«យុវជនសកម្ម និងសកម្មភាពយុវជន»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 24, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី គឹម សេដ្ឋានី និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជនម្នាក់ ឬច្រើននាក់ ដើម្បីក្លាយជាយុវជនសកម្មបាន ត្រូវបង្ហាញនូវសកម្មភាពជាក់ស្តែង ដែលមិនមែនជាការចំណារតតឬ ក្នុងក្រដាសនោះឡើយ។ អ្នកស្រីបានបន្តថា យ៉ាងទៀតយុវជនសកម្មទាំងនោះ មិនអាចពឹងផ្អែក តែលើការបណ្តុះបណ្តាល របស់ក្រសួងអប់រំ តែម្នាក់ឯងនោះដែរ ត្រូវមានការជ្រោមជ្រែង តាមយុទ្ធសាស្រ្ត និងយន្តការរបស់រដ្ឋាភិបាល ដែលមានការចូលរួម ពីគ្រប់ស្ថាប័ន្ធពាក់ព័ន្ធ គួបផ្សំនឹងការប្រឹងប្រែង ដោយយុវជនខ្លួនឯងថែមទៀង។
អ្នកស្រី សេដ្ឋានី បានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងដាក់ចេញ នូងផែនការ«គោលនយោបាយ អភិវឌ្ឍន៍យុវជន» ធ្វើយ៉ាងណា ដើម្បីឲ្យយុវជនទាំងនោះ ក្លាយជាយុវជនដ៏សកម្មពិតប្រាកដ។ អ្នកស្រីបានថ្លែងទៀតថា៖ «មានគោលនយោបាយអភិវឌ្ឍន៍យុវជនហើយ... វាគ្រាន់តែជាក្រដាស វាត្រូវមានយន្តការ អនុវត្តគោលនយោបាយ វាត្រូវមានផែនការសកម្មភាព ជាក់លាក់ថា តើការអនុវត្តគោលនយោបាយនោះ ត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យសម្រេចគោលនយោបាយ? ត្រូវធ្វើអ្វីខ្លះ ធ្វើដោយពិធីណា និងនៅពេលណា?។ (...) យើងមានព្រះរាជក្រិត្យ បង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនហើយ ដែលដឹកនាំដោយសម្តេចនាយក (ហ៊ុន សែន) និងស្ថាប័នពាក់ព័ន្ធ។»
សូមស្តាប់ការបកស្រាយទាំងស្រុង របស់អ្នកស្រី គឹម សេដ្ឋានី៖
សម្រាប់លោក យ៉ែម ប៉ុញ្ញារិទ្ធិ តំណាងមកពីគណបក្សសង្គ្រោះជាតិវិញ បានលើកឡើងថា កិច្ចអភិវឌ្ឈន៍យុវជន ចាំបាច់ត្រូវពឹងផ្អែក លើចំណេះដឹងនៃយុវជន ខណៈយុវជនទាំងនោះ បានដឹងពីភាពពិតនៃសង្គម តាមរយៈការផ្សាយ នូវព័ត៌មានពិតដោយរដ្ឋាភិបាល ឬស្ថាប័ន្ធដែលពាក់ព័ន្ធ។ លោកបានបន្ថែមថា ក្រោយទទួលបានព័ត៌មានពិតទាំងនោះ យុវជនបន្តចូលរួមធ្វើការផ្សព្វផ្សាយ នូវព័ត៌មានទាំងនោះ ឲ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកក្នុងការស្តារ និងស្ថាបនាសង្គម និងប្រទេសជាតិមួយ ដោយឆន្ទះពិតប្រាកដរបស់ខ្លួន។ លោកលើកឡើងថា យុវជនទាំងអស់ ត្រូវទទួលការយកចិត្តទុកដាក់ ពីក្រសួងអប់រំជាពិសេស ហើយក្រសួងនេះ ត្រូវបោះជំហានតាំងពីយុវជននោះ នៅថ្នាក់មត្តេយ្យ ថ្នាក់បឋម និងរហូតដល់ថ្នាក់មធ្យមសិក្សាជាដើម។
លោក បុញ្ញឫទ្ធិ បន្តថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េច ឲ្យយុវជនទាំងអស់ខិតខំរៀនសូត្រ ពិសេសស្រលាញ់ នូវការ«អាន» ព្រោះតែយុវជនភាពច្រើន នាពេលបច្ចុប្បន្ននេះ មិនសូវចូលចិត្តការអានឡើយ។ លោកបានថ្លែងឡើងថា៖ «ជម្រុញទឹកចិត្តឲ្យមានការអាន និងការស្រលាញ់ការសិក្សា តាមរយៈការធ្វើកំណែទម្រង់។ (...) ការកែទម្រង់ ដែលគ្រាន់តែនិយាយនឹងមាត់ វាជាការងាយ តែការអនុវត្ត យើងត្រូវការមធ្យោបាយច្រើនណាស់។ (...) កំណែទម្រង់រដ្ឋបាលសាធារណៈ ជាកំណែទម្រង់មួយដ៏ធំ។»
សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក យ៉ែម បុញ្ញឫទ្ធិ៖
ដោយឡែក មន្រ្តីមកពីអង្គការសង្គមស៊ីវិលឯណោះ បានបង្ហាញនូវការយល់ឃើញ របស់ខ្លួនថា តាមរយៈការសម្លឹងមើល នៃការគ្រប់គ្រងរដ្ឋនេះ បានបង្ហាញឲ្យឃើញ នូវគម្លាតអ្នកនយោបាយ ជាមួយប្រជាពលរដ្ឋ ពិសេសយុវជននេះ នៅឆ្ងាយពីគ្នានៅឡើយ។ លោក ជាង សុខា នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ធនធានយុវជន បានពន្យល់ថា គម្លាតនៃយុវជន នឹងនយោបាយនេះ ត្រូវបានបែបចែកក្រោមមូលហេតុបីយ៉ាង ទីមួយ អ្នកនយោបាយ មិនបាននៅជិតនឹងពលរដ្ឋ បានគ្រប់ពេល។ ទីពីរ អ្នកនយោបាយ (មន្រ្តីកាន់អំណាច) តែងបន្លាចពលរដ្ឋ តាមរយៈពាក្យថា«នយោបាយ» បង្កឲ្យមានការភ័យខ្លាច រអាមិនហ៊ានពាក់ព័ន្ធនឹងនយោបាយ។ និងទីបី យុវជនជាអ្នកកបន្តវេន ខាង«នយោបាយ» តែយុវជនទាំងនោះ បែរជានៅឆ្ងាយពីនយោបាយទៅវិញ ដែលវាមិនស្របតាមពាក្យស្លោកថា «យុវជនជាទំពាំងស្នងឬស្សី»។
លោក សុខា បានលើកឧទាហរណ៍ថា អ្នកនយោបាយមើលឃើញ ប្រជាពលរដ្ឋឬយុវជន ឬអ្នកនយោបាយទាំងនោះ ទម្លាក់ខ្លួនមកទាបជិតនឹងពលរដ្ឋ ខណៈខ្លួនត្រូវការប្រជាពលរដ្ឋ ពិសេសយុវជនឲ្យគាំទ្រ តែ«នយោបាយ» ដែលខ្លួនកំពុង នឹងត្រូវការប៉ុណ្ណោះ។ ដូចជាអំឡុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោតជាដើម។ លោកបានថ្លែងឲ្យដឹងថា៖ «យុវជនជាអ្នកបន្តវេន .... តែកន្លងមកនេះ យុវជនហាក់ដូចជានៅរាយប៉ាយ ក្នុងស្ថានភាពមួយ ដែលមិនបានឆ្លុះបញ្ជាំង ជាមួយនឹងគំនិតនៃអ្នកនយោបាយ ដែលតែងលើកឡើងថា យុវជនជាទំពាំងស្នងឬស្សី ឬយុវជនជាកម្លាំងសំខាន់ នៃការផ្លាស់ប្តូរ។»
សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ជាង សុខា៖