សភាប្រជុំខុសរបៀបវារៈ សម្រេចបោះឆ្នោតទម្លាក់ កឹម សុខា ដោយតំណាងរាស្រ្ត CPP
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 30, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមការអះអាង របស់លោក អេង ឆៃអៀង ប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា បានលើកឡើងថា លោក ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការ«កោះប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា» នៅម៉ោង ៨:០០ ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ មុនកិច្ចប្រជុំរដ្ឋសភាពេញអង្គ។ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ឆៃអៀង តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានអះអាងថា៖ «តែរបៀបវារៈ នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ មិនត្រូវបានប្រាប់ឲ្យដឹង ជាមុនឡើយ»។
យ៉ាងណាទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមហៅទៅលោក អេង ឆៃអៀង ក្នុងព្រឹកថ្ងៃទី៣០ ខែតុលានេះ ដើម្បីសុំការលំអិត តែលោកមិនបានទទួលទូរសព័្ទឡើយ។ នៅម៉ោង៨ និង៣០ នាទីព្រឹកថ្ងៃដដែលនេះ ទស្សនាវដ្តីបានហៅទៅលោក សុខ ឥសាន អនុប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា ហើយលោកបានប្រាប់ទស្សនាវដ្តីថា លោកកំពុងប្រជុំក្នុងរដ្ឋសភា ខណៈលោក ជា ប៉ូច ជាសមាជិកគណៈកម្មការទីមួយ នៃរដ្ឋសភាបាននិយាយថា លោករង់ចាំចូលប្រជុំរដ្ឋសភានោះ។
តាមអ្នកសារព័ត៌មានរបស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលកំពុងមានវត្តមាន នៅនឹងរដ្ឋសភា ក៏បានបញ្ជាក់ដែរថា នៅម៉ោងជិត៩ ព្រឹកនេះ រដ្ឋសភា បាននឹងកំពុងធ្វើការបោះឆ្នោត ក្នុងការសម្រេចចិត្តទម្លាក់ លោក កឹម សុខា ចេញពីតំណេងអនុប្រធានទីមួយ នៃរដ្ឋសភា។ ឯតំណាងរាស្រ្ត ដែលមានវត្តមានតែគឺ ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា ឯតំណាងរាស្រ្ត៥៥រូប មកពីគណបក្សសង្គ្រោះជាតិ មិនមានវត្តមានឡើយ រួមទាំងលោក កឹម សុខា។
លោក កឹម សុខា ត្រូវបានសម្រេចទម្លាក់ចេញ ពីអនុប្រធានទីមួយនៃរដ្ឋសភា ក្រោមសម្លេងគាំទ្រ ៦៨ សម្លេង នៃតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា។
តាមឯកសារដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ការប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីទម្លាក់លោក កឹម សុខា ភ្លាមៗនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋសភាជាតិបានទទួលញត្តិ ពីប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែលបានធ្វើបាតុកម្ម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ ញត្តិនោះ ត្រូវបានតំណាងរាស្រ្តភាគច្រើននៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ធ្វើការគាំទ្រ និងបានចេញញតិ្ត ក្នុងនាមតំណាងរាស្រ្ត ចំនួន៦១រូប ដោយស្នើឲ្យមានការទម្លាក់លោក កឹម សុខា ក្នុងនោះមានលោក ប៉ែន បញ្ញា និងលោក ជាម យៀប ជាតំណាង។
ដោយឡែក តាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ដែលបានចេញ ក្នុងដ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នោះ មិនបានបញ្ជាក់ ឬកមណត់ពីរបៀបវារៈ នៃការសម្រេចដកលោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភាឡើយ៕
ញត្តិតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា តំណាងដោយលោក ប៉ែន បញ្ញា និងលោក ជាម យៀប៖