រដ្ឋសភាទម្លាក់ កឹម សុខា ពីតំណែង តាម«ញត្តិ»ពលរដ្ឋយ៉ាងមានប្រសិទ្ធិភាព
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 30, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមច្បាប់រដ្ឋធម្មនុញ្ញ សំឡេង៥០% បូក ១ នៃសមាជិករដ្ឋសភាសរុប អាចសម្រេចទម្លាក់តំណែងលោក កឹម សុខា ចេញពីអនុប្រធានទីមួយ នៃរដ្ឋសភាបាន។ សម្លេង ៥០% បូក ១ ស្មើនឹង៦៣ សម្លេងនៃតំណាងរាស្រ្តវត្តមានគាំទ្រ នឹងអាចធ្វើការសម្រេច យកជាផ្លូវការ។ លោក កឹម សុខា ត្រូវទទួលបាន៦៨ សម្លេងគាំទ្រ ទម្លាក់ចេញពីអនុប្រធានទីមួយនៃរដ្ឋសភា ដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក ហេង សំរិន ប្រធានរដ្ឋសភាផង។
«រវៀបវារៈថ្មីមួយ»នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទើបតែប្រជុំសម្រេចដាក់បញ្ចូល ក្នុងព្រឹកថ្ងៃទី៣០ ខែតុលានេះ មុនកិច្ចប្រជុំពេញអង្គ។ ក្រោមសម្លេង៦៨ រូប នៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានវត្តមាន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ ឯតំណាងរាស្ត្រ៥៥រូប រួមទាំងលោក កឹម សុខា និងលោក សម រង្ស៊ី មកពីគណបក្សសង្គ្រោះជាតិ មិនមានវត្តមាន និងធ្វើពហិការ មិនចូលប្រជុំរដ្ឋសភាព្រឹកនេះទេ។ របៀបវារៈទីមួយថ្មីនេះ បានសម្រេចបោះទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទីមួយ នៃរដ្ឋសភាជាផ្លូវការ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ការសម្រេចបន្ថែមរបៀបវារៈថ្មីនេះ ត្រូវបានរដ្ឋសភា ធ្វើឡើងទៅតាម«ញត្តិ» របស់តំណាងរាស្រ្ត៦៣រូប ក្នុងបញ្ជីគាំទ្រ។ ហើយតំណាងរាស្រ្តទាំងនោះ មកពីគណបក្សប្រជាជនកម្ពុជា ដោយមានលោកប៉ែនបញ្ញា និងលោកជាម យៀបជាតំណាង។ «ញត្តិ»តំណាងរាស្រ្តនេះ ត្រូវបានធ្វើឡើង ដោយយោងតាម«ញត្តិ» របស់ប្រជាពលរដ្ឋ មកពីប្រាំខេត្ត-ក្រុង ក្នុងចំណោម២៥ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ រួមមានញត្តិពលរដ្ឋ មកពីរាជធានីភ្នំពេញ៥០០០នាក់, មកពីខេត្តកំពង់ចាម ជិត២ម៉ឺននាក់, មកពីខេត្តត្បូងឃ្មុំ ជាង១ម៉ឺននាក់, មកពីខេត្តបន្ទាយមានជ័យ ១៥០០០នាក់, និងមកពីស្វាយរៀង ជាង១៨០០០០នាក់។
ញត្តិរបស់ពលរដ្ឋខាងលើនេះ ត្រូវបានប្រមូល ដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តទាំងនោះ ក្នុងថ្ងៃតំណាលគ្នា ថ្ងៃបាតុកម្មប្រឆាំងលោក កឹម សុខា នៅរាជធានីភ្នំពេញ មុខវិមានរដ្ឋសភា និងថ្ងៃបន្តបន្ទាប់។
តាម«ញត្តិ និងការអះអាងរបស់បាតុករ ដែលទាមទារដកលោក កឹម សុខា ចេញណីតំណែង ជាអនុប្រធានទីមួយនៃរដ្ឋសភានេះ ក្រោមហេតុផលថា លោក កឹម សុខា បានធ្វើការផ្សព្វផ្សាយ ជាសារនយោបាយ រើសអើងពូជសាសន៍ បំផុសបំផុលនានា ដែលអាចនាំឲ្យផ្ទុះជាសង្រ្គាម នាពេលអនាគត។
សូមបញ្ជាក់ថា ក្នុងតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភារបស់លោក កឹម សុខា នេះ ត្រូវបានធ្វើឡើង តាមកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់ជម្លោះនយោបាយ។ ហើយលោក កឹម សុខា ក៏បានឡើងកាន់តំណែងនេះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។
ក្រោយពីដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភារួចហើយ រដ្ឋសភាបានសម្រេចបន្តពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសេចក្តីស្នើវិសោធនកម្ម ប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភាជាធម្មតា។
ជាការកត់សម្ភាល់ អំឡុងពេលរដ្ឋសភាសម្រេច«ដកតំណែង» លោក កឹម សុខា ពីអនុប្រធានទីមួយនៃរដ្ឋសភានោះ នៅខាងមុខវិមានរដ្ឋសភាឯណោះវិញ គេបានបានឃើញមានកម្លាំងសមត្ថកិច្ចជាច្រើន បានដាក់ពង្រាយ ជាមយយនិងរនាំដែកជាច្រើនជាន់ សូម្បីតេអ្នកសារព័ត៌មានចូល ក៏សឹងតែពិបាកដែរ។ ហេតុអ្វីបានជារដ្ឋសភាព្រឹកនេះ មានកម្លាំងសមត្ថកិច្ចច្រើនម្លេះ បើបាតុករម្នាក់ ក៏គ្មានដែរនោះ?