ប្អូនស្រី ហ៊ុន សែន ទទួលមេដាយ«ស្នេហាជាតិ»ពីយួន ក្នុងនាម«ចារនារី»
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 12, 2014
- ប្រធានបទ: ជាតិ?
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីកម្ពុជាបីនាក់ ត្រូវបានក្រសួងការពារជាតិវៀតណាម ជ្រើសរើសឲ្យទទួលមេដាយ«ស្នេហាជាតិ» ក្នុងនោះ មានបងប្អូនស្រីត្រកូល«ហ៊ុន»ពីរនាក់ គឺលោកស្រី ហ៊ុន ស៊ីណាត និងលោកស្រី ហ៊ុន សេងនី ដែលអ្នកទាំងពីរជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន។ ចំណែកស្រីម្នាក់ទៀត ដែលបានមកអមស្ត្រីទាំងពីរខាងលើនោះ គឺមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា អ្នកស្រី ហង់ បុរី។ ពិធីប្រគល់មេដាយលំដាប់ទី៣ របស់វៀតណាម ដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រីនេះ ត្រូវបានរៀបចំឡើងជាលក្ខណៈ«ឯកជន» កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ នៅក្នុងបរិវេណស្ថានទូតវៀតណាម នារាជធានីភ្នំពេញ។
ស្ត្រីខ្មែរទាំងបីរូបនេះ ទទួលបានកិត្តិយសដូច្នេះ ព្រោះពួកគាត់ជាអ្នកមានស្នាដៃក្នុងចារកម្មយោធា និងជាអ្នកស្នេហាជាតិកម្ពុជា។ នេះបើតាម វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញចែកចាយវីដេអូ យូធូប (Youtube)។ នៅក្នុងវីដេអូនោះ គេឃើញលោកស្រី ហ៊ុន ស៊ីណាត ដែលទើបតែលាលែងតំណែង ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភានិងអធិការកិច្ចថ្មីៗនោះ បានឡើងទទួលប័ណ្ណសរសើរពីមន្ត្រីស្ថានទូតវៀតណាម ទាំងទឹកមុខញញឹមញញែម ក្រោមសំឡេងទះដៃកងរំពងពីសំណាក់អ្នកចូលរួមកម្មវិធី។
ទាំងអ្នកស្រី ហង់ បូរី ម្ចាស់មេដាយ«ស្នេហាជាតិ»វៀតណាមម្នាក់ទៀត និងទាំងលោក ជុំ កុសល ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងកម្មវិធីនោះដែរ សុទ្ធតែបានចាត់ទុកថា ការទទួលបានមេដាយពីវៀតណាមនេះ ជាមហាកិត្តិយសរបស់វីរនារីកម្ពុជា និងបានថ្លែងថា ប្រជាពលរដ្ឋវៀតណាមទាំងអស់ គោរពស្រលាញ់មន្ត្រីខ្មែរ ដូចជាឪពុកម្ដាយពួកគេអញ្ចឹងដែរ។
ស្នេហាជាតិខ្មែរ ឬស្នេហាជាតិយួន?
រហូតមកដល់ពេលនេះ គេកម្រឃើញមន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលចេញពីគណបក្សប្រជាជនកម្ពុជា ទទួលមេដាយពីប្រទេសមហាអំណាចធំៗ នៅបស្ចឹមលោកណាស់។ ជាពិសេសទៅទៀតនោះ ក្រៅពីមេដាយដែលមានតម្លៃជាសកល ប្រទេសមហាអំណាចធំៗ ដូចយ៉ាងអាមេរិក បារាំង ឬអង់គ្លេសជាដើម កម្រចេញមេដាយដែលមានលក្ខណៈ«ស្នេហាជាតិ» របៀបដូចប្រទេសវៀតណាមនេះ ទៅឲ្យជនបរទេសណាម្នាក់ឡើយ វៀរលែងតែជនបរទេសនោះ បានធ្វើអ្វីជាគុណប្រយោជន៍សម្រាប់ប្រជាជាតិរបស់គេ។
តែស្ត្រីឥស្សរជនកម្ពុជា ទើបនឹងទទួលបានមេដាយកិត្តិយសនេះ ពីប្រទេសវៀតណាម ក្នុងនាមជា«ចារនារីយោធា»។ លោក ព្រហ្ម គិត មន្ត្រីចូលនិវត្តន៍ជំនាញខាងច្បាប់ មកពីតំបន់ពីរ៉ាណេ ប្រទេសបារាំង បានពន្យល់តាមរយៈទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា គេត្រូវសួរឲ្យច្បាស់ ទៅរដ្ឋាភិបាលវៀតណាមថា តើតួនាទីជាចារនារីយោធានេះ អនុវត្តពីត្រឹមពេលណាដល់ពេលណា? ឬស្ត្រីទាំងបីនាក់នេះ បានធ្វើចារកម្មយោធានេះ នៅក្នុងសម័យកាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ចន្លោះពីឆ្នាំ១៩៧៩ មកឆ្នាំ១៩៨៩? បើនៅក្នុងរយៈកាលនោះមែន មិនប្រាកដថា ស្ត្រីចារនារីទាំងបីរូប បានបម្រើឲ្យផលប្រយោជន៍ជាតិខ្មែរឡើយ ព្រោះនៅពេលនោះ យួនជាចៅហ្វាយខ្មែរ ហើយរដ្ឋាភិបាលកម្ពុជាដែលមាននៅសម័យនោះ គ្រាន់តែជារដ្ឋាភិបាលអាយ៉ងមួយប៉ុណ្ណោះ៕