ធី សុវណ្ណថា ប្រកាសជម្រះបញ្ជីផ្ទាល់ខ្លួនប្រឆាំង កឹម សុខា
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 03, 2016
- ប្រធានបទ: នយោបាយ-សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មើលទៅរឿងរ៉ាវរបស់កញ្ញា ធី សុវណ្ណថា ដែលធ្វើឡើងប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សកម្ពុជា នៅមិនទាន់បញ្ចប់នៅឡើយ។ ហើយរឿងនេះ ត្រូវបានតារាល្បីឈ្មោះ នៅលើបណ្ដាញសង្គមរូបនេះ អះអាងទទួលស្គាល់ដោយខ្លួនឯង គឺកើតចេញពីការ«ជម្រះបញ្ជីផ្ទាល់ខ្លួន» រវាងនាង និងលោក កឹម សុខា នោះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ធី សុវណ្ណថា បានគម្រាមថា នឹងបើកយុទ្ធនាការ នៅក្នុងពេលខាងមុខនេះ ដើម្បីធ្វើការទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)។
នៅលើគណនីហ្វេសប៊ុករបស់នាង តារាហ្វេសប៊ុករូបនេះ បានសរសេរអមទៅនឹងរូបថតមួយសន្លឹករបស់ខ្លួន ដោយដំបូងឡើយអានទៅ ហាក់ដូចជានាងចង់សម្ដែងខមាលទោស ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែបើមើលបន្តទៅទៀត គេនឹងឃើញនាងសរសេរថា៖ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់ជ្រុលខ្លាំងពេក។ ៣ឆ្នាំហើយ (ដែល)គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស និងម្ចាស់ជំនួយ... គាត់បានចេញលិខិតបដិសេធខ្ញុំ ឲ្យអង្គរក្សបណ្តេញខ្ញុំ ចេញពីលើឆាកវេទិការ បណ្តេញខ្ញុំចេញពីក្បួនហែរ(គណ)បក្ស និងរារាំងសកម្មភាពខ្ញុំជាច្រើនទៀត។»
តែរឿងមួយ ដែលគេរកយល់មិនបាន គឺកញ្ញា ធី សុវណ្ណថា ត្រូវបានគេស្គាល់ច្រើន តាមរយៈគណបក្សសង្គ្រោះជាតិ និងតាមរយៈសកម្មភាពរបស់នាង ដែលបានចេញជួយ ធ្វើការងារសង្គម រាប់ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក តែគ្មាននរណាបានដឹងថា នាងបានស្រក់ទឹកភ្នែក ឈឺចិត្តស្អិតទ្រូង ព្រោះការរើសអើងណាមួយនោះទេ។ គេតែងឃើញនាង នៅជាប់ជាមួយនឹងមេដឹកនាំគណបក្សប្រឆាំង ជាច្រើនដងនោះថែមទៀត ជាពិសេសនៅលើវេទិកា កណ្ដាលទីលានប្រជាធិបតេយ្យជាដើម។ ប៉ុន្តែនៅថ្ងៃនេះ នាងនៅបានសរសេរបកស្រាយថា៖ «ខ្ញុំបានអត់ធ្មត់ ខាំមាត់ស្រក់ទឹកភ្នែក ជាច្រើនឆ្នាំមកហើយ។ ខ្ញុំមិនអាចទ្រាំឲ្យ(លោក) កឹម សុខា មើលងាយជាន់ឈ្លឺខ្ញុំទៀតទេ។»
និងនៅទីបំផុត នាងបានបញ្ចប់ឃ្លាថា៖ «ខ្ញុំនឹងធ្វើយុទ្ធនាការ ទាមទារទម្លាក់លោក កឹម សុខា (ក្នុងពេល)ឆាប់ៗនេះ...»។
» រូបខាងក្រោមនេះ បង្ហាញថា កញ្ញា ធី សុវណ្ណថា តែងនៅក្បែរ នឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាំងពីមុន រហូតក្រោយការបោះឆ្នោត៖
តើតារាហ្វេសប៊ុករូបនេះ រៀបគម្រោងធ្វើយុទ្ធនាការនោះ របៀបម៉េចនិងតាមវិធីណា? ជាចម្លើយដែលស្ថិតជាអាថ៌កំបាំង តែក៏មិនត្រូវការរយៈពេលយូរ ដើម្បីទទួលប្រតិកម្ម ត្រឡប់មកវិញនោះដែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាក់ បានចាត់ទុកទង្វើរបស់តារាហ្វេសប៊ុក ថាបានទៅជ្រុលហួសហេតុ ហើយគ្មានការថ្លឹងថ្លែងរវាងរឿងរ៉ាវផ្ទាល់ខ្លួន និងរឿងរ៉ាវដែលពាក់ព័ន្ធ ដល់នយោបាយ ក៏ដូចជាមនុស្សដទៃទៀត ដែលកំពុងរងការចាប់ខ្លួន រហូតជាប់ក្នុងពន្ធនាគារនាពេលនេះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀត បានសំដែងការគាំទ្រ ដោយពួកគេយល់ឃើញថា លោក កឹម សុខា ជាបុគ្គលដែលពោរពេញដោយមន្ទិល។
ចំពោះទំព័រហ្វេសប៊ុក «I Love Cambodia Hot News 2» ដែលមិនសូវប្រណីមាត់ ជាមួយកញ្ញា ធី សុវណ្ណថា ស្រាប់ បានសរសេរបង្ហោះថា៖ «ក្រុមយុវជនទាំងអស់ និងថ្នាក់ដឹងនាំសង្គ្រោះជាតិ គេដឹងយូរហើយថា នាងឯងជាជនបង្កប់ CPP»៕