ផៃ ស៊ីផាន ថា កឹម សុខា ភ្លេច​បណ្តាំ​ព្រះ​អង្គ​ម្ចាស់​ សិរីមតៈ

បន្ទាប់ពីបានហៅ លោក កឹម សុខា ថាជា «មេដឹកនាំ ចលនាមហាជន ធ្វើបដិវត្តន៍ព័ណ៌» ឥឡូវនេះ លោក ផៃ ស៊ីផាន បានបញ្ឆិតបញ្ឆៀងឲ្យទៀតថា មេដឹកនាំប្រឆាំងវោហាបាន លោក កឹម សុខា បានភ្លេចបណ្ដាំព្រះអង្គម្ចាស់ សិរីមតៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កឹម សុខា ត្រូវបានលោក ផៃ ស៊ីផាន វាយប្រហារ ជាហូរហែរ មិនដាច់សូរ នៅក្នុងរយៈពេលចុងក្រោយនេះ។ ក្នុង​លិខិតចំហរ បង្ហោះតាមបណ្តាញសង្គម កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ម្សិលម៉ិញនេះ រដ្ឋលេខាធិការ ទីស្តីការគណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បានបង្ហាញ ពី«ការធ្លោយ»របស់លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាថ្នាក់​ដឹកនាំ គណបក្សសង្គ្រោះជាតិថា លោកបានទទួលសារភាព ពីការបរាជ័យរបស់ខ្លួន នៃ«ចលនាមហាជន ដើម្បីធ្វើ​ការ​ផ្លាស់ប្តូរ របប និងនាយករដ្ឋមន្រ្តីស្របច្បាប់» តាមរយៈការពឹងផ្អែក និងសង្ឃឹមទៅលើមហាអំណាចខាងលិចនោះ។

លោក ផៃ ស៊ីផាន បានសរសេរថា៖ «កឹម សុខា បានលើកឡើង អំពីការអស់សង្ឃឹម ទៅមហាអំណាចខាងលិច ដែល​មិន​យកចិត្តទុកដាក់ ឬជួយអោយចលនាមហាជន ធ្វើការផ្លាស់ប្តូររបប និងនាយករដ្ឋមន្រ្តី ស្របច្បាប់ អោយទទួល​បាន​ជោគជ័យនោះ គឺជាការទទួលស្គាល់ អំពីអ្វីដែលឯ.ឧ កឹម សុខា ពុំបានរៀនសូត្រ ពីប្រវត្តិកម្ពុជា ដែលធ្លាក់នៅក្នុង​ភ្នក់​សង្គ្រាម ជាពិសេសចាប់ផ្ដើមពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៧០។»

បាតុកម្មមហាជន ក្រោយការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុកថា រដ្ឋាភិបាលដែលកើតឡើងនោះ ជា«រដ្ឋាភិបាលមិនគ្រប់ទឹក» និងបានទាមទារ ឲ្យគណបក្សប្រជាជនកម្ពុជា ដែល​ស្ថិតក្នុងអំណាច ឲ្យបង្កើតគណកម្មការឯករាជ្យ ស៊ើបអង្កេតការបោះឆ្នោតឡើងវិញ។ កាលនោះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ធ្លាប់ព្រលយពាក្យថា បើមិនហ៊ានបង្កើត គណកម្មការឯករាជ្យ ស៊ើបអង្កេតការបោះឆ្នោតទេ សុំ​ឲ្យ​លោកនាយករដ្ឋមន្រ្តី«ចាំផ្ទះ» ចុះចេញពីតំណែង។ ព្រឹត្តការណ៍នាពេលនោះ ត្រូវបានលោក ផៃ ស៊ីផាន ចាត់​ទុក​ក្នុង​ពេល​នេះថា ជាចលនាមហាជន បែប«បដិវត្តពណ៌» ក្នុងគោលបំណង ផ្តួលរំលំរាជរដ្ឋាភិបាល។

ក្រៅពីពាក្យបច្ចេកទេសថ្មី ដែលគេទើបនឹងស្គាល់ថា ជា«បដិវត្តពណ៌»នេះ មន្រ្តីរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ធ្វើ​ការ​ក្រើនរំលឹក ពីភាពបរាជ័យ នៃការពឹងផ្អែកលើបរទេស ដូចករណីព្រះអង្គម្ចាស់ ស៊ីសុវត្ថ សេរីមតៈ ដែល​ត្រូវបាន​អាមេរិក​បោះបង់ និងរត់ចោល។

លោក ស៊ីផាន បានលើកឡើង ពីព្រះសំណេររបស់ព្រះអង្គម្ចាស់ សិរីមតៈ ដែលទ្រង់បានសរសេរតប ទៅលោក ហ្សន កាន់ធីឌីន អគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ ក្រោមរដ្ឋាភិបាល លន់ នល់ ដូចនេះថា៖

ជូនចំពោះឯកឧត្ដម និង មិត្ដភក្ដិជាទីស្រឡាញ់

ខ្ញុំ សូមថ្លែងងអំណរគុណ យ៉ាងស្មោះស្ម័គ្រ ចំពោះសារលិខិត ក្នុងការស្នើអញ្ជើញខ្ញុំ ទៅ​កាន់​ប្រទេស​ឯកឧត្ដម ដែលពោរពេញដោយសេរីភាព។

ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញ ពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់​រូប​​ឯក​ឧត្ដម និងជាពិសេស ប្រទេសមហាអំណាច របស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែល​ឯកឧត្ដម មាន​​គំនិតបោះបង់ប្រជាជនមួយ ជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដមបានបដិសេធ មិន​ផ្ដល់​​ការ​គាំពារ​ដល់​ពួកគេ ហើយយើង ក៏មិនអាចធ្វើអ្វីបានដែរ ចំពោះរឿងនេះ។

ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឲ្យឯកឧត្ដម និង ប្រទេសរបស់ឯកឧត្ដម រស់​នៅ​ដោយ​​សេចក្ដី​សុខ។ ប៉ុន្ដែឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់។ វា​ជា​រឿង​អាក្រក់​ណាស់ ព្រោះយើងត្រូវកើតនិងស្លាប់ ថ្ងៃណាមួយចៀសមិនរួច។

ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដម ដែលជាជនជាតិអាមេរិក។

លោក ផៃ ស៊ីផាន បានចាត់ទុកព្រះសារលិខិត នៃព្រះអង្គម្ចាស់ សិរីមតៈ ថាជាមេរៀនសម្រាប់ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ដឹង និងក៏ជាចេតនា ក្នុងការក្រើនរំលឹក ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែរ។ លោក ស៊ីផាន បានសរសេរថា៖ «ការយកបរទេស ជាទុននយោបាយ លក់អធិបតេយ្យជាតិ លក់ឯករាជ្យជាតិ លក់ឆន្ទៈរាស្រ្ត ដើម្បីអំណាចបុគ្គល​ខ្លួន​ឯង គឺទទួលបាននូវភាពបរាជ័យ ដ៏ជូរចត់នេះឯង។ សូមឯ.ឧ កឹម សុខា មេត្តាអានសំបុត្រ របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថ សេរីមតៈ នៅពេលដែលអាមេរិកកាំងបោះបង់ និងរត់ចោលព្រះអង្គ។»

យ៉ាងណាក៏ដោយ លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីយប់​ថ្ងៃ​ទី១៨ ខែមីនាម្សិលម៉ិញ ពីសហអាមេរិក ទាក់ទងនឹង«បដិវត្តពណ៌»នេះថា នៅពេលដែលលោក ថ្លែងក្នុងថ្ងៃទី១៥ ខែ​មីនា នាទីក្រុងឡុងប៊ិចនោះ លោកមិនបានប្រើប្រាស់ នូវពាក្យណា«ផ្តួលរំលំរដ្ឋាភិបាល»ទេ មានតែពាក្យត្រឹមថា «ផ្លាស់​ប្តូរ» ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...