ស្ប៉តសែលកាត រើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយ
បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតបពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់ទូរទស្សន៍ រហូតមកដល់ពេលនេះ។
ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ម៉ូប៊ីថែល នៅតាមបណ្ដោយវិថី ព្រះសីហនុ រាជធានីភ្នំពេញ។ (រូបថត សហការី)
រើសអើង - គិតត្រឹមថ្ងៃទី១៣ ខែមីនា នេះ ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល របស់លោកឧកញ្ញ៉ា គិត ម៉េង ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ ត្រូវបានគេមើលឃើញថា នៅតែបន្តចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍មួយចំនួននៅឡើយទេ។ ការបន្តផ្សាយនេះ ត្រូវបានមជ្ឈដ្ឋានទូទៅសម្តែងការព្រួយបារម្ភថា វាធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមមនុស្សភេទទី៣ បើទោះជាពួកគេមានចំនួនភាគតិចក្នុងសង្គមក៏ដោយ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានអត្ថាធិប្បាយ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៣ ខែមីនានេះថា បើក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល នៅតែបន្តផ្សាយស្ប៉តដែលឆ្លុះបញ្ចាំងពីការរើសអើងមនុស្សភេទទី៣ ក្រុមហ៊ុនក៏ត្រូវតែសួរទឹកចិត្តក្រុមមនុស្សភេទទី៣ផងដែរ ថាតើពួកគាត់មានអារម្មណ៍យ៉ាងដូចម្តេច?
ប្រធានអង្គការតម្លាភាពកម្ពុជាដដែលនេះបន្តថា បើគិតទៅលើផ្នែកសិទ្ធិមនុស្ស ស្ប៉តរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល ពិតជាមានការរើសដល់ភេទទី៣ប្រាកដមែន ព្រោះបានបង្ហាញពីការខកចិត្ត។ លោក ព្រាប កុល បញ្ជាក់ថា៖ «ការស្នើសុំរបស់មជ្ឈមណ្ឌសិទ្ធិមនុស្សគឺជារឿងត្រឹមត្រូវ ដូច្នេះក្រុមហ៊ុនម៉ូប៊ីថែល គួរតែពិចារណាសំណើរហ្នឹង (...)។ បើគាត់គោរពសិទ្ធិមនុស្ស មិនរើសអើង គាត់គួរពិចារណាថតស្ប៉តពាណិជ្ជកម្មថ្មី»។
កាលពីថ្ងៃទី០៥ ខែមីនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់បណ្តាញស្ថានីយ៍ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មយៈពេល៦០វិនាទី ដែលបង្ហាញពីអតិថិជនពីរនាក់ ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទខុសគ្នា គឺ ប្រព័ន្ធសែលកាត (Cellcard) របស់ក្រុមហ៊ុនម៉ូប៊ីថែល និងប្រព័ន្ធផ្សេងមួយទៀត។ តែការអំពាវនាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហាក់មិនមានប្រតិកម្មតប ពីមជ្ឈដ្ឋានទាំងនោះនៅឡើយ រហូតមកដល់ពេលនេះ ខណៈស្ប៉តពាណិជ្ជកម្មនោះ នៅតែបន្តចាក់ផ្សាយដូចគ្មានរឿងអ្វីកើតឡើងដូច្នេះ។
ក្នុងស្ប៉តពាណិជ្ជកម្មនោះ បានពិពណ៌នាថា យុវជនម្នាក់ដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទផ្សេងពី សែលកាត បានខកចិត្តយ៉ាងខ្លាំង នៅពេលដែលខ្លួនណាត់ជួបមនុស្សស្រ្តីដែលខ្លួនស្គាល់ តាមទូរស័ព្ទជាលើកដំបូង ព្រោះនារីម្នាក់នោះ ជាមនុស្សភេទទី៣។ ចំណែកយុវជនម្នាក់ទៀត ដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទសែលកាត បានសម្តែងមោទនភាពថា៖ «ខ្ញុំប្រើប្រព័ន្ធសែលកាត ! ដូច្នេះ ខ្ញុំមិនទទួលបានលទ្ធផលខកចិត្តដូចនេះទេ»។ មិនខកចិត្តព្រោះនារីដែលបានណាត់ជួបនោះ ជាស្រីស្អាតពេញលក្ខណៈ ដោយមិនមែនជាភេទទី៣ នោះទេ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មីនា ២០១៤