សម្ភាស​ព្រាប កុល៖ ក្រុម​សន្តិសុខ​វាយ​តប់ ព្រោះ​ពាក្យ​«ឆ្កែ​យួន»?

មន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរបានថ្លែងការពារសកម្មភាព«វាយតប់»នោះ ថាជាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងពិសេស ថាជាការឆ្លើយតបទៅនឹងការជេរប្រទេច របស់ក្រុមអ្នកតវ៉ា ដែល​តែងតែចាត់ទុកក្រុមសន្តិសុខទាំងនោះ ថា«គ្មានខួរក្បាល» ឬជា«កញ្ជះយួន»ជាដើម។ តែសម្រាប់លោក ព្រាប កុល​ នាយកប្រត្តិបត្តិ នៃអង្គការតម្លាភាព​កម្ពុជា បានផ្ដល់កិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា៖ «គេជេរ​យើងអាឆ្កែ យើងមិនមែនជាឆ្កែឯណា យើងជា​មនុស្សទេតើ គេជេរឆ្កែ!»។ ខាងក្រោមនេះ ជាកិច្ចសម្ភាសទាំងស្រុង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិនិងអំណាច - ជាមួយនឹងសកម្មភាព«វាយតប់» ដោយហិង្សារបស់ក្រុមសន្តិសុខបិទមុខ បានបង្កឲ្យមាន​ប្រតិកម្មខ្លាំងក្លា ពីបណ្ដាអ្នកឃ្លាំ​មើល និងអ្នកច្បាប់ឯករាជ្យជាទូទៅ។ ជាមួយនឹងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ  លោក ព្រាប កុល​ នាយកប្រត្តិបត្តិនៃអង្គការតម្លាភាព​កម្ពុជា បានធ្វើការឧបមាថា នៅពេលបាតុករ​មិន​ពេញចិត្ត​អ្វី​មួយ ហើយបានស្រែកធ្វើការទាមទារ។ លោកបន្តថា បាតុករគិតមិនបានដិតដល់ ឬមានកំហឹង ឬ​ជ្រុលមាត់​បាន​ជា​ជេរ តែក្នុងនាមយើងជាប៉ូលីស ជាសន្តិសុខ យើងត្រូវធ្វើការអត់ធ្មត់។ «អារឿងជេរ រឿងអីហ្នឹង ក្នុង​សង្គមខ្មែរយើង​តែងតែមាន។ មិនតែអ្នកការសែតទេ អាចជាប្រជាពលរដ្ឋ អ្នកតវ៉ា គាត់ខឹង គាត់ជេរ។»

«យើងត្រូវតែអត់ធ្មត់» ក្នុងនាមខ្លួនជាមន្រ្តីអនុវត្តន៍ច្បាប់ ជាមន្រ្តីសាធារណៈ ជាសន្តិសុខប្រកបដោយវិជ្ជាជិវៈ មាន​ក្រមសិលធម៌ មានការទទួលខុសត្រូវ បើទោះបីជាមានការជេរ ឬប្រមាថបែបណាក៏ដោយ។ បើករណីដែលមិនអាច​ទទួល​យកពាក្យទាំងអស់នោះបានទេ មន្រ្តីសន្តិសុខទាំងនោះអាចធ្វើការ«ប្តឹង»ពីបទជេរប្រមាថ ឬបរិហាកេរ្តិ៍បាន។

ទាក់ទងទៅនឹងការលើកឡើង កាលពីពេលថ្មីៗនេះ របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប ទាក់ទងនឹងការ«វាយដំ»​លើអ្នក​សារព័ត៌មាន​​មួយរូប ដោយក្រុមសន្តិសុខបិទមុខ ដោយមូលហេតុមកពីអ្នក​សារព័ត៌មានរងគ្រោះ បាន​ជេរ​ក្រុមសន្តិសុខទាំងនោះ ថាជា«ឆ្កែយួន»ជាមុននោះ ត្រូវបានលោក ព្រាប កុល ធ្វើសេចក្តី​សន្និដ្ឋាន​ថា មិនប្រាកដ​ជា​អ្នក​សារព័ត៌មាននោះ ជាអ្នកជេរនោះទេ តែអាចជាអ្នកនៅក្បែរនោះជាអ្នកជេរ។ លោកថា ពេលនោះក្រុមសន្តិសុខ ស្មាន​តែអ្នកសារព័ត៌មាននោះជេរ ក៏វាយយកតែម្តងទៅ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ ដែលរងការវាយតប់ពីក្រុមសន្តិសុខ។ (រូបថត ហ្វេសប៊ុក)

«យើងមិនមែនឆ្កែ យើងទៅខឹងគេធ្វើអ្វី»

ទោះបីយ៉ាងណា លោកនៅតែទម្លាក់ការទទួលខុសត្រូវ ឲ្យទៅក្រុមសន្តិសុខទាំងនោះ ជាអ្នក«ខុស»ច្រើនជាង។ លោកបន្ថែមថា មន្រ្តីសន្តិសុខវិជ្ជាជីវៈ មានក្រមសិលធម៌ ហេតុអ្វីគ្រាន់តែគេជេរបន្តិចបន្តួច បានជាទៅវាយគេ ឬមួយ​មន្រ្តីសន្តិសុខទាំងនោះ ដូចពាក្យគេជេរមែន? «គេជេរយើងអាឆ្កែ យើងអាចទប់អារម្មណ៍យើង។ យើងមិនមែនឆ្កែ យើងទៅខឹងគេធ្វើអ្វី។ បើគេជេរយើងអាឆ្កែ យើងហក់ទៅវាយគេ ទៅខាំគេមែន នោះគេហៅឆ្កែទៀតហើយ។»

លោកបន្ថែមថាក្នុងនាមជាសន្តិសុខជាតិ ត្រូវមានការអនុគ្រោះ នឹងអាចស្វែងរកផ្លូវច្បាប់ ឬក្រមសីលធម៌វិជ្ជាជីវៈ មកដោះស្រាយ មិនត្រូវយកការប្រើប្រាស់ហិង្សា មកដោះស្រាយទេ។ នោះមិនមែនជាសន្តិសុខ ដែលប្រកប​ដោយ​វិជ្ជាជីវៈទេ ហើយក៏មិនមែនជាមន្រ្តីសន្តិសុខដែលមានការទទួលខុសត្រូវដែរ។ «ចំណុចនៅត្រង់ក្រមសីលធម៌ ការ​បំពេញមុខងារ មានការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ។ ការឆ្លើយតប (ការវាយដំរបស់ក្រុមសន្តិសុខ) នេះ វាខ្វះ​ក្រមសីលធម៌។»

«គេបញ្ជាឲ្យវាយ ...»

លោក ព្រាប កុល ក៏បានធ្វើការរំលឹកថា ចំពោះការបង្ក្រាបដោយការវាយដំនេះ មិន​មែន​តែ​លើអ្នកសារព័ត៌មាន​ជា​លើកទីមួយទេ វាមានជាហូរហែរច្រើនដងមកហើយ ដូចជាវាយប្រជាពលរដ្ឋ វាយ​បាតុករ វាយអ្នកជិះម៉ូតូឌុបជា​ដើម។ «ការវាយនេះ មិនមែនយកហេតុផលនៃការប្រកែក ឬជេរទេ មកពីគេបញ្ជា​ឲ្យ​វាយ។ យើងត្រូវមើលថា ការ​បញ្ជាឲ្យវាយនេះ អ្នកណាជាអ្នកបញ្ជា? (...) បើសិនជាយើងដាក់បំរាម មិនឲ្យ​គាត់​ប្រើ​អំពើ​ហិង្សា ខ្ញុំជឿថាសមត្ថកិច្ច​គាត់ស្តាប់ ហើយគាត់អាចមានការអត់ធ្មត់។ ការបើកភ្លើងខៀវ​ឲ្យវាយ​នេះ គាត់យក​ហេតុ​ផលនេះ វាយមែន។ ថ្ងៃ​ក្រោយគេជេរអាមាន់ វាយទៀត ជេរអាទាវាយទៀត...។»

យ៉ាងនេះក្តី នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានសង្កត់ធ្ងន់ថា មិនអាចយកហេតុផលលើពាក្យ«ជេរ»នោះ ហើយបង្កើតឲ្យក្រុមសន្តិសុខមានសិទ្ធិទៅវាយដំ គេតាមចិត្តនោះទេ។ ការវាយដំ ការប្រើហិង្សា ឲ្យមានរបួស​ស្នាម​ដល់អ្នកដទៃ ជាបទ«ឧក្រិដ្ឋ» ដែលមានទោសត្រូវ«ជាប់»ពន្ធនាគារ ហើយនៅមានការផាកពិន័យ និងជំងឺចិត្ត​ក្នុង​រឿងរដ្ឋប្បវេណីទៀត។

សាធារណៈមតិ តែងតែលើកឡើងថាទាំងអ្នកជេរ និងអ្នកវាយគេ ជាអ្នកខុស«ដូចគ្នា»។ តែអ្វីដែលគួឲ្យកត់សម្គាល់​នោះត្រង់ថា អ្នកដែលវាយគេមានកំហុសធ្ងន់ជាង ព្រោះជារឿងព្រហ្មទណ្ឌ។ ឯអ្នកជេរវិញ អាចមានទោសត្រឹមជា​បទបរិហាកេរ្តិ៍ ត្រូវសងជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ។ រីឯព្រះរាជអាជ្ញា ក្នុងនាមជាដើមបណ្តឹងអាជ្ញា តើអាចធ្វើអ្វី​បានខ្លះ ក្នុងករណីនេះ? ឬចេះចោទតែលើប្រជាពលរដ្ឋដៃទទេ រីឯសន្តិសុខប្រដាប់ដោយដំបង ព្រនង់ បំពង់ទីប ដេញវាយប្រជាពលរដ្ឋពេញទីសាធារណៈ មិនអាចធ្វើការចោទប្រកាន់បានទេឬ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...