សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្រ្តី ត្រឹម​តែ ១០ឆ្នាំ

បន្ទាប់ពីបក្សប្រឆាំង បានចូលប្រជុំក្នុងរដ្ឋសភា អង្គការ សង្គមស៊ីវិលប្រមាណជាង១០ បានមកជួបប្រជុំគ្នា ពិភាក្សាអំពី «អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជា» កាលពីថ្ងៃទី១៩ ខែសីហានេះ រៀបចំដោយសម្ព័ន្ធកំណែម្រង់ការបោះឆ្នោត ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 29, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចពិភាក្សាអំពី «អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជា» ដែលរៀបចំដោយសម្ព័ន្ធកំណែម្រង់ការបោះឆ្នោតនេះ បានធ្វើនៅភោជនីយដ្ឋានខ្មែរសុវិន និងមានការចូលរូម ពីបណ្តាប្រធានអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ អ្នកវិភាគឯករាជ្យជាដើម។ វត្តមាននៃកិច្ចប្រជុំតុមូលនេះ គេសង្កេតឃើញ មានវាគ្មិនល្បីៗជាច្រើន ដែលបានធ្វើការរិះគន់យ៉ាងខ្លាំងក្លា មិនសំចៃមាត់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល ដែលបានរំលោភសិទ្ធិមនុស្ស ក្នុងអំឡុងពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការជជែករិះគន់ ដែលឈានទៅដល់ មូលហេតុ ដែលគេត្រូវកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី។

តាមសេចក្តីស្នើវិសោធនកម្ម មាត្រា១១៩ថ្មី (មាត្រា១០០ចាស់) បានសរសេរថា៖ «តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាព ពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវីរៈជនមួយរូប ក្នុង​ចំណោមតំណាងរាស្រ្ត នៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជ្យរដ្ឋាភិបាល។ វីរៈជនមួយរូបនេះ មិនធ្លាប់​កាន់តំណែងជានាយករដ្ឋមន្រ្តីចំនួនពីរ(០២)អាណត្តិ ឬរយៈពេលដប់(១០)ឆ្នាំ កន្លងមកហើយ។ រជនដែល​ត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណាងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភា បាន​បោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញ ព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែងគណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦។»

វាគ្មិនដែលបានចូលរូមមាន លោក លោក កែម ឡី, លោក សុខ ទូច, លោក សុខ សំអឿន, លោក នី ចរិយា, លោក គល់ បញ្ញា, លោក ព្រាប កុល, លោក យ៉ង់ គឹមអេង, លោក ហង្ស ពុទ្ធា, លោក យ៉េង វីរៈ, លោក តឹក វណ្ណា, លោកស្រី រស់ សុភាព និងតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ​មួយ​ចំនួនទៀត។

លោក កែម ឡី ក្នុងកិច្ចពិភាក្សាតុមូល បានលើកឡើងថា លោកគាំទ្រក្នុងការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​កម្ពុជាត្រឹមពីរអាណត្តិ គឺដប់(១០) ឆ្នាំ។ លោកបន្តថា ការធ្វើបែបនេះដើម្បីជា​ប្រយោជន៍ និងកុំឲ្យមានបក្ស​ពួកនិយម ឬអំពើពុករលួយ បន្តកើតមានក្នុងសង្គមកម្ពុជាដូចបច្ចុប្បន្ននេះ។

ដោយឡែកលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ហាក់ដូចជាមាននិន្នាប្រឆាំងទៅនឹងជំនួបនេះ ខណៈសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត សម្រេចស្នើសុំភាគីពាក់ព័ន្ធព្រមព្រៀង កំណត់អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ត្រឹមពីរអាណត្តិស្មោះនឹង១០ឆ្នាំ។ លោកបានអះអាងថា មុននឹងស្នើឲ្យមានការកំណត់អាណត្តិ​នាយក​រដ្ឋមន្ត្រីនោះ សង្គមស៊ីវិលត្រូវតែកំណត់អាណត្តិខ្លួនឯងជាមុនសិន។

សម្រាប់តំណែងជាប្រធានអង្គការតម្លាភាពកម្ពុជា ត្រូវបានកំណត់អាណត្តិដឹកនាំ ពីរអាណត្តិស្មើនឹងប្រាំបីឆ្នាំ ឯអង្គការសង្គមស៊ីវិលផ្សេងទៀត ដូចជាមិនមានករណីនេះ លោកព្រាប កុល បានធ្វើការវាយប្រហារ​ដូច្នេះ​ថា៖ «សង្គមស៊ីវិលខ្លួនឯងត្រូវធ្វើជាគំរូ កំណត់អាណត្តិខ្លួនឯងសិន មុននឹងស្នើសុំឲ្យគេកំណត់អាណត្តិ​នាយករដ្ឋមន្ត្រី។ (...) យើងត្រូវពិភាក្សាគ្នា ហើយកំណត់អាណត្តិខ្លួនឯង ដើម្បីបង្ហាញទៅរដ្ឋាភិបាល ទៅ​រដ្ឋសភា ថាយើងដែលស្នើសុំគេកំណត់អាណត្តិនាយករដ្ឋមន្ត្រីហ្នឹង គឺបានកំណត់អាណត្តិខ្លួនឯង​អស់​ហើយ។»

អង្គការសង្គមស៊ីវិលទាំងនេះក៏គ្រោង នឹងជួបអតីតនាយករដ្ឋមន្ត្រីខ្មែរចំនួនបីរូប ដើម្បីជែកពិភាក្សា​ពីការ​បង្កើតច្បាប់កំណត់អាណត្តិ នាយករដ្ឋមន្ត្រីនេះ។ អតីតនាយករដ្ឋមន្ត្រីខ្មែររួមមានលោក ប៉ែន សុវណ្ណ, ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ និងលោក អ៊ឺង ហួត។ បន្ទាប់មក ទើបក្រុមអង្គការសង្គមស៊ីវិលទាំងនេះ មាន​គម្រោងដាក់លិខិតទៅតំណាងរាស្ត្រទាំង ១២៣ នាក់ផងដែរ។

នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា បានអះអាងថា អតីតនាយករដ្ឋមន្ត្រីខ្មែរទាំងបីរូបនេះ ជាបុគ្គលដ៏សំខាន់ ដែលក្រុមអង្គការរបស់លោកមិនអាចមើលរំលងបាន។ «ពួកយើងចង់ជួប​ពួកគាត់​ទាំងបី​នាក់នេះ ដើម្បីចង់ដឹងថា ក្នុងនាមលោក ប៉ែន សុវណ្ណ, ព្រះអង្គម្ចាស់ រណឬទ្ធិ និងលោក អ៊ឹង ហួត ដែល​ធ្លាប់​ធ្វើជានាយករដ្ឋមន្ត្រី ពួកគាត់យល់យ៉ាងណា ចំពោះគម្រោងបង្កើតច្បាប់កំណត់​អាណត្តិនាយក​រដ្ឋមន្ត្រីនេះ។ យើងអាចទៅជួបគាត់ផ្ទាល់ ឬអញ្ជើញពួកគាត់មកក្នុងវេទិកាពិភាក្សាតែម្តង។»

មកទល់ពេលនេះ នៅមិនទាន់មានប្រតិកម្ម ពីមន្ត្រីគណបក្សប្រជាជនកម្ពុជាទេ។ ដោយឡែកសម្រាប់ បក្ស​ប្រឆាំង បានគាំទ្រចំពោះការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រឹមពីរអាណត្តិ ឬស្មើរយៈពេល១០ឆ្នាំ ដូចអ្វី​ដែល​អង្គការសង្គមស៊ីវិល បានលើកឡើងនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...