ប្រជា​​ពលរដ្ឋ​​រង​គ្រោះ​ដី​ធ្លី «នឹង»​ត្រឡប់​ទៅ​ខេត្ត តែ​ត្រូវ​មាន​«ល័ក្ខខណ្ឌ»

ជនរងគ្រោះដីធ្លី បានប្រកាសជាផ្លូវការថា ពួកខ្លួន និងត្រឡប់ទៅខេត្តក្រចេះវិញ បើអាជ្ញាធរសន្យាជា​ផ្លូវការ​ថា​ ព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ពិតប្រាដកនោះ។ ការលើកឡើងនេះបន្ទាប់ពីលោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ បានទៅកាន់វត្តសាមគ្គីរង្សី នារសៀលថ្ងៃទី១៩ ខែសីហានេះ ដើម្បីស្នើឲ្យពួកគាត់ ត្រឡប់ទៅស្រុកស្នួល ខេត្តក្រចេះវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 29, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋលើកបដា សុំឲ្យនាយករដ្ឋមន្ត្រីជួយ។ (រូបថត MONOROOM.info/ S. Tith)

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងដីធ្លី កាលពីថ្ងៃទី១៨ ខែ​សីហា បានធ្វើប្រជាពលរដ្ឋ​រងគ្រោះក្នុងជម្លោះដីធ្លីជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សម្តែង​ការគាំទ្រក្នុងការ​«បញ្ជា»​ឲ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាបន្ទាន់ ជាមួយនឹង​ការ​ស្តីបន្ទោសមន្រ្តីក្រោម​ឱវាទទាំងនោះ ដែលគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយនាពេលកន្លងមក។ ដោយឡែកពលរដ្ឋ ដែលបានធ្វើដំណើរពីខេត្តក្រចេះ មកតវ៉ានៅរាជធានីភ្នំពេញ និងកំពុងស្នាក់នៅក្នុងវត្តសាមគ្គរង្សី ក៏បាន​យល់ឃើញប្រហាក់ប្រហែលគ្នានេះដែរ ហើយសម្រេចថានឹងវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ តែតម្រូវ​ឲ្យអាជ្ញាធរគោរពល័ក្ខខ័ណ្ឌរបស់ខ្លួនសិន។

ល័ក្ខខណ្ឌមួយចំនួន មុននឹងត្រឡប់ទៅវិញ របស់ពលរដ្ឋ មានដូចជាត្រូវមាន​ការចូលរូមដឹងឮពីព្រះសង្ឃ អង្គការជាតិ អន្តរជាតិ អ្នកព័ត៌មានជាតិ និងអន្តរជាតិជាសាក្សី ក្នុងនោះ​មាន​ដូច​ជា ផ្តល់មធ្យោបាយធ្វើ​ដំណើរ​ទៅវិញ, ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ, គ្មានការគំរាម, គ្មាន​ការ​ចាប់ខ្លួន ព្រមទាំងផ្តល់​ប្លង់កម្មសិទ្ធិ និងរស់នៅលើដីដដែល។ ពិសេសមិនត្រូវយកពួកគាត់ ទៅចាក់​ចោល​នៅក្បែរគល់ស្ពាន​ព្រែក​តាម៉ាក់ ដូចលើកមុនឡើយ។

ដោយត្រូវអនុវត្តតាម«បទបញ្ជា» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះផង លោកអភិបាលរង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន បានបង្ខំចិត្តទទួលយកតាមពលរដ្ឋទាំងអស់ ធ្វើយ៉ាងណា ដើម្បី​ឲ្យតែប្រជា​ពលរដ្ឋ​ព្រមត្រឡប់ទៅខេត្តវិញ។ កិច្ចព្រមព្រៀង បានឈានទៅដល់ការយល់ព្រម របស់ពលរដ្ឋ​ដើម្បី​វិល​ត្រឡប់ទៅស្រុកវិញ នៅថ្ងៃទី២៥ ខែសីហាខាងមុខនេះ។ ឯលោកអភិបាលរងខេត្តក្រចេះខាងលើ បាន​សន្យា​ទៀតថា នឹងចាប់ផ្តើមចុះទៅដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ នៅថ្ងៃទី២៧ ខែសីហា ខាងមុខ​នោះ​ដែរ។

សូមរំលឹកថា ថ្លែងក្នុងពិធីសម្ពោធយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នាវិមាន​សន្តិភាព​កាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាជាថ្មីដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើយ៉ាងណា ពន្លឿនការស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ ឬត្រូវលាលែងពី​តំណែង​ប្រសិន​បើមន្ត្រីទាំងនោះ នៅតែមិនអាចដោះស្រាយជម្លោះដីធ្លីបាន។

ការបង្ហាញជំហរជាថ្មីរបស់លោកនាយករដ្ឋមន្រ្តីនេះ នៅតែជាបញ្ហា និងចម្ងង់របស់ប្រជាពលរដ្ឋក្រីក្រ​ដដែល។ ដោយពួកគាត់នៅតែដាក់ការសង្ស័យថា តើប្រសិទ្ធភាពដោះស្រាយរបស់អាជ្ញាធរ​នាពេល​ខាង​មុខនេះ ពិតជាអាចស្វែងរកដំណោះស្រាយសមរម្យ ជូនពួកគាត់បានដែរឬយ៉ាងណា?

តំណាងប្រជាពលរដ្ឋ ខេត្តក្រចេះ លោកសួន វិច្ឆិកា បានបញ្ជាក់ថាប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ សរុបមានចំនួន ៤១៦គ្រួសារ ដែលត្រូវបានវាស់វែងដោយក្រុមនិស្សិតតាំងពីមុនការបោះឆ្នោតថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣មកម្លេះ។ តែមកទល់នឹងបច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋានមិនបាន​ចេញប្លង់កម្មសិទ្ធិ​ឲ្យ​ឡើយ។ «ហេតុអ្វីបានគាត់បណ្តោយឲ្យប្រជាពលរដ្ឋ មានបញ្ហារហូតជាង២ឆ្នាំមកនេះ។ (...) ដល់សម្តេច (នាយករដ្ឋមន្រ្តី ហ៊ុន សែន) គាត់សួរ បែរជាឆ្លើយថាមិនទាន់បានដោះស្រាយ។ (...) មានន័យថា​អាជ្ញាធរ​ខេត្តហ្នឹង បានឃុបឃិតគ្នារវាងក្រុមហ៊ុន អាជ្ញាធរថ្នាក់ក្រោមទាក់ទងរឿងដីធ្លី ដោយធ្វើអ្វីមិនស្រប​តាម​គោល​នយោបាយ ហើយគេភូតភរកុហក់សម្តេចរហូតមក។»។

យ៉ាងណាក៏ដោយ ក៏បញ្ហាដីធ្លីនេះត្រូវបានលោកនាយករដ្ឋមន្ត្រី បញ្ជាក់ជាចុងក្រោយថា៖ «កន្លងមក​រឿង​អស់នេះមកពីអស់លោក អភិបាលខេត្ត មិនព្រមអនុវត្តន៍ស្ថានភាពស្បែកខ្លានេះ។ ព្រោះក្នុងសេចក្តី​ជូន​ដំណឹងបានចែងថា នៅពេលដែលមានការវិនិយោគ ប៉ះពាល់ដល់ដីប្រជាជន គឺត្រូវផ្អាក។ ប៉ុន្តែអស់លោក​មិនព្រមអនុវត្តន៍។ វាមានកត្តាសត្យានុម័តរបស់វា ដោយសារតែប្រជាពលរដ្ឋ គាត់ទៅកាន់កាប់ដីធ្លី​នៅ​កន្លែង​ហ្នឹង មិនមែនជាការកាន់កាប់ស្របច្បាប់ទេ គាត់ទៅកាប់ទន្ទ្រាន ក្នុងពេលដែលយើង​គិតថាផែនទី​ដីធ្លី​ជា​គម្របព្រៃឈើ។ ហើយគម្របព្រៃឈើ យើងអត់ឲ្យប្រជាជនយើងទេ បែរជាយើងឲ្យទៅអ្នកវិនិយោគវិញ។ ចំណុចអយុត្តិធម៌វានៅកន្លែងហ្នឹង។ បើខ្ញុំជាបក្សប្រឆាំង ក៏ខ្ញុំប្រឆាំងដែរ នេះខ្ញុំនិយាយឲ្យពិត កុំថាបក្ស​ប្រឆាំង​ចេះតែប្រឆាំងនោះគឺមិនមែនទេ។ ឥឡូវយើងពិនិត្យមើលថា កន្លែងនោះជាគម្របព្រៃឈើព្រៃរេចរឹល ប្រជាជនទៅតាំងទីលំនៅ៤ឬ៥ឆ្នាំហើយ អត់ឲ្យគាត់បានទេ។ ប៉ុន្តែដល់អ្នកវិនិយោគសុំវិនិយោគ បែរជា​ឲ្យ​បាន។ ដូច្នេះបើគាត់នៅទីនោះទៅហើយ ឲ្យគាត់តែម្ដងទៅ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...