ព្រាប កុល បបួល មាស សុខសោភា ចុះ​ទៅ​មើល​អារ៉ែង ក្នុង​ពេល​ឆាប់ៗ

នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានគ្រោង ចុះទៅតំបន់អារ៉ែង ក្នុងពេលឆាប់ៗនេះ ដើម្បីពិនិត្យមើល ធនធានធម្មជាតិ នៅក្នុងប្រទេស ដោយផ្តោតលើព្រៃឈើ ជាសំខាន់។ ក្នុងគម្រោងនោះ លោកបានអញ្ជើញតារាចម្រៀងកញ្ញា មាស សុខសោភា រួមជាមួយនិង មន្ត្រីសង្គមស៊ីវិល ព្រះសង្ឃ យុវជន និងអ្នកសារពត៌មានមួយចំនួនផងដែរ ទៅតំបន់អារ៉ែង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 25, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានបង្ហាញជំហរ យ៉ាងមុតមាំថា តំបន់អារ៉ែង អាចជាព្រៃឈើ ដែលកម្រចុងក្រោយ នៅប្រទេសកម្ពុជា។ ដូចច្នេះលោកចង់ ឲ្យកូនខ្មែរជំនាន់ក្រោយ យល់ដឹងឲ្យបានច្បាស់ ពីការ​ការពារ​ព្រៃដ៏កម្រមួយនេះ ជាពិសេសផ្តិតជារូបភាព សម្រាប់ទុកឲ្យអ្នកជំនាន់ក្រោយ បានដឹង។ នេះជាគោលបំណងមួយ ដែល​ធ្វើ​ឲ្យ​គម្រោង នៃការចុះទៅកាន់តំបន់នោះ ត្រូវបានលោករៀបចំធ្វើឡើង នៅក្នុងពេលខាងមុខនេះ។

ចំពោះពេលវេលា នៃការចុះទៅនោះ លោក ព្រាប កុល បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងនៅថា នឹង​ធ្វើ​ឡើង នៅមុនចូលឆ្នាំខ្មែរខាងមុខ។ បន្ទាប់ពីកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីក្រោយមក លោកបានសរសេរ នៅក្នុងទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោកថា គម្រោងនេះ នឹងធ្វើឡើង នៅថ្ងៃទី១៤ ទៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥នេះ។

ប៉ុន្តែអ្វីដែលលោក មិនទាន់ច្បាស់នោះ គឺការអញ្ជើញតារាចម្រៀងមួយរូប គឺកញ្ញា មាស សុខសោភា ឲ្យចូលរួមក្នុង​ដំណើរ​នេះដែរ តែកញ្ញា នៅមិនទាន់មានការឆ្លើយតប ណាមួយនៅឡើយ។ លោកថា នៅក្នុងគម្រោងនេះ មានអ្នក​ចូល​រួម ប្រមាណ​ជាង២០០នាក់ ហើយមានការស្នាក់នៅ តំបន់អារ៉ែងនោះ មួយយប់។

នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ទៀតថា លោកគាំទ្រ នូវការយកចិត្តទុកដាក់ ពីបញ្ហាព្រៃឈើរបស់​កញ្ញា មាស សុខសោភា ទើបលោកអញ្ជើញ ដោយរួមមានអ្នកគាំទ្រតំបន់អារ៉ែង មួយចំនួនទៀត ក៏ដូចជាអង្គការ​សង្គម​ស៊ីវិលផងដែរ។

ចំពោះការប្រកាសរបស់រដ្ឋាភិបាល ក្នុងការមិនឲ្យអភិវឌ្ឍន៍តំបន់អារ៉ែង ត្រូវបានលោក ព្រាប កុល សម្ដែងការ​អបអរ​សាទរ ប្រសិនបើការប្រកាសនេះ មានលក្ខណៈជាផ្លូវការ។ លោកបានពន្យល់ថា វាជារឿងត្រិមត្រូវ ដែលអ្នកដឹងនាំ ចង់​ការពារ​សម្បត្តិធម្មជាតិនោះ។ តែបើនៅបន្តអភិវឌ្ឍន៍តំបន់នេះទៀត លោកថា វានឹងបាត់បង់ព្រៃអារ៉ែងដ៏កម្រ ហើយ​ប៉ះ​ពាល់ធ្ងន់ធ្ងរដល់សត្វព្រៃ។ លោកបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះ មិនមែនមានលក្ខណៈ ជាអង្គការណាមួយនោះទេ គឺក្នុងលក្ខណៈជាកូនខ្មែរ ដែលចង់ឃើញពីទិដ្ឋភាព ជាក់ស្តែងនៅតំបន់អារ៉ែង។ លោកលើកឡើងថា៖ «ខ្ញុំទៅនេះ ក្នុង​នាម​ជាពលរដ្ឋខ្មែរ មិនមែនជាអង្គការនោះទេ»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលម៉ិញនេះ លោកបានប្រាប់អ្នកសារព័ត៍មាន នៅក្នុងរដ្ឋសភាថា កំពុងតែទាក់ទងទៅកាន់អ្នកសិល្បៈ សង្គមស៊ីវិល យុវជន ព្រះសង្ឃ ដែលស្រឡាញ់ធនធានធម្មជាតិ ដើម្បីទស្សនាព្រៃអារ៉ែង។ លោកថែមទាំង បានថ្លែងអំណគុណ ដល់ស្ថាបនិកអង្គការ«មាតាធម្មជាតិ» លោក អាឡិច ដែលជាអ្នកបំផុស ទឹកចិត្តកូនខ្មែរមួយចំនួន ឲ្យស្រឡាញ់បរិស្ថានធម្មជាតិ ហើយលោកបានស្គាល់តំបន់អារ៉ែង តាមរយៈអង្គការនេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...