ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

ឆ្លើយតប ទៅនឹងរបាយការណ៍ របស់អង្គការអន្តរជាតិចំនួនពីរ ដែលបានប្រតិកម្ម នឹងការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តេញសកម្មជនបរិស្ថានលោក អាឡិច ឲ្យចេញពីប្រទេសកម្ពុជានោះ មន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានចេញមកបញ្ជាក់ថា ការធ្វើបែបនេះ គឺជាការបញ្ចៀស មិនឱ្យលោក អាឡិច ជាប់ពន្ធនាគារ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 25, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីអង្គការអន្តរជាតិចំនួនពីរ បានចេញរបាយការណ៍ ដោយប្រតិកម្មទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលបាន​បណ្តេញ​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពីកម្ពុជានោះ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានបកស្រាយថា ការ​ដែល​គេចាប់លោក អាឡិច បញ្ចូនទៅវិញ មិនមែនដោយសារ តែ អាឡិច ការពារតំបន់អារ៉ែងទេ គឺដោយសារតែលោក អាឡិច មិនឆ្លើយតប នឹងច្បាប់អន្តរជាតិ។

របាយការណ៍ នៅក្នុងកម្មវិធីរួមគ្នាមួយ ក្នុងការឃ្លាំមើល និងគាំពារសកម្មជនសិទ្ធិមនុស្ស លើពិភពលោក របស់អង្គការ​អន្តរជាតិទាំងពីរ បានបញ្ជាក់ថា ដោយយោងទៅលើច្បាប់អន្តោរប្រវេសន៍ របស់ប្រទេសកម្ពុជា លក្ខណៈ​សម្បត្តិ​ជន​បរទេស ដូចលោក អាឡិច អាចរស់នៅក្នុងប្រទេស បាន«៣៧ថ្ងៃ ក្រោយការផុតកំណត់ នៃទិដ្ឋាការ»។ ប៉ុន្តែក្រោយ​ផុត​សុពលភាព​ទិដ្ឋការ តែបីថ្ងៃប៉ុណ្ណោះ លោក អាឡិច ត្រូវបានរដ្ឋភិបាលកម្ពុជា បញ្ជូនទៅប្រទេសអេស្ប៉ាញវិញ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ឈាង វុន ដែលជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភានោះ បានព្យល់ថា តាមច្បាប់របស់ប្រទេសនីមួយៗ ប្រសិនបើ​ជន​បរទេស​ណា ផុតទិដ្ឋការនឹងត្រូវផ្តន្ទាទោសតាមច្បាប់។

លោកអះអាងថា ការដែលកម្ពុជាបញ្ចូនលោក អាឡិច ឱ្យចាកចេញពីកម្ពុជាភ្លាម បន្ទាប់ពីផុតទិដ្ឋការ គឺដើម្បីបញ្ចៀស​គាត់​មិនឱ្យជាប់ពន្ធនាគារ។ លោកបន្តថា៖ «ក្រសួងមហាផ្ទៃ អាចយកគាត់ឃុំបានតើ ទុករហូតដល់តុលាការកាត់។ ជនជាតិ​ខ្មែរយើងឆ្លងដែន យកទៅឃុំរាប់ពាន់រាប់ម៉ឺននាក់ ទម្រាំតែតុលាការកាត់សេចក្តី បណ្តេញចេញ។ ខ្មែរ ឬក៏ជន​បរទេស ដែលរត់ទៅអូស្រ្តាលី គេយកទៅឃុំទុកនៅកោះមួយ គាត់ម៉េចមិនទៅការពារទៅ ម៉េចក៏មិនថាខុស។»

លោកបានបដិសេធថា ការបញ្ជូនលោក អេឡិច ទៅប្រទេសកំណើតវិញ មិនមែនធ្វើឡើង ក្រោយលោក​នាយក​រដ្ឋមន្រ្តី​និយាយ ដូចដែលរបស់បាយការណ៍ របស់អង្គការពិភពលោកប្រឆាំង នឹងការធ្វើទារុណកម្ម (OMCT) និងសហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ (FIDH) លើកឡើងនោះឡើយ តែករណីរបស់លោក អេឡិច ត្រូវបានគេស្នើរទៅ តាំងពីយូណាស់​មក​ហើយ ដើម្បីគាត់ចេញពីប្រទេសកម្ពុជា។

» ព័ត៌មានលម្អិតអំពីប្រតិកម្ម របស់អង្គការទាំងពីរ សូមចុចនៅលើទីនេះ

លោក ឈាង វុន បានបន្ថែមថា ប្រសិនបើលោក អាឡិច គ្មានកំហុសមែន ម្លេះសមនឹងស្ថានទូតអេស្ប៉ាញ ប្រតិកម្មនឹង​រដ្ឋាភិបាលកម្ពុជា រួចបាត់ទៅហើយ មិនមែនមានតែអង្គការអន្តរជាតិ ទាំង២នេះនោះទេ។ លោកបន្ថែមថា៖ «ទូត​អេស្ប៉ាញ​មិនមានប្រតិកម្ម ដោយសារតែគាត់ដឹងថា អាឡិច ហ្នឹងខុស។ ទូតរបស់គេ មានភារកិច្ចការពារ​ប្រជា​ពលរដ្ឋ​គេ​ផង។ ហើយយើងមើលទូតផ្សេង គេមានប្រតិកម្មទេ អត់មានទេ មិនអញ្ចឹង? ខ្ញុំមិនចង់ភ្ជាប់រឿង ការពារបរិស្ថានអីទេ ខ្មែរ​យើងរាប់លាននាក់ គេចេះកាពារបរិស្ថានខ្លួនឯងហើយ ទាំងអស់អាចការពារបរិស្ថានបានតើ មិនចាំបាច់មាន​ជនជាតិ​អេស្ប៉ាញ​តែម្នាក់ មកការពារបរិស្ថាន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...