ឈូសដីប៉ះប្រាសាទ៖ ថៅកែ«ចិន»រួចខ្លួន កម្មករ«ខ្មែរ»អាចមានទោស
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ទីរវប្បធម៌ និងការិយាល័វប្បធម៌ខេត្តព្រះវិហារ បានធ្វើការចោទប្រកាន់ទៅលើកម្មករខ្មែរ ដែលបានស៊ីឈ្នួលឈូសឆាយដីឲ្យក្រុមហ៊ុនរូយហ្វេង ឬឡានហ្វេងរបស់ចិន ថាជាអ្នកបំផ្លាញសម្បត្តិវប្បធម៌ខ្លួនឯង មិនមែនជាកំហុសរបស់ក្រុមហ៊ុនចិននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគម អាដហុកប្រចាំខេត្តព្រះវិហារ។
សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)
ប្រព័ន្ធច្បាប់ - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់ស្វែងប្រតិកម្ម ពីខាងតំណាងកម្មករបាននៅឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ជាអ្នកបំផ្លាញគ្រឹះប្រាសាទបុរាណខ្មែរ ដែលខូចខាតក្នុងពេលកម្មករទាំងនោះ ធ្វើការឈូសឆាយដីឲ្យក្រុមហ៊ុនចិនក្នុងតំបន់ឃុំប្រមេ ខេត្តព្រះវិហារ។ តែលោក ឡោ ចាន់ បានបន្ថែមថា លោកបានសួរទៅខាងមន្ទីរបេតិភណ្ឌ និងអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបាននិយាយថា «នេះជាកំហុសខាងកម្មករខ្មែរទេ ព្រោះកម្មករទាំងនោះជាជនជាតិខ្មែរ ហើយមកស៊ីឈ្នួលឲ្យក្រុមហ៊ុនចិនឡានហ្វេង ឬរូយហ្វេង។ ខ្មែរជាអ្នកបំផ្លាញខ្មែរ មិនមែនបរទេសមកបំផ្លាញទេ។»
ចំពោះការចោទប្រកាន់ខាងលើនេះ ក្នុងនាមលោកជាអង្គការសង្គមស៊ីវិលប្រចាំខេត្តរតនគីរី លោកក៏បានទទួលស្គាល់ថា បរទេសមិនដែលមកលូកដៃ ឬធ្វើផ្ទាល់នោះទេ ពួកគេតែងតែជួលកម្មករធ្វើជំនួស។ ហើយភាគច្រើនការងារទាំងនោះ ត្រូវក្លាយជាបន្ទុករបស់កម្មករខ្មែរ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីប្រធានមន្ទីរវប្បធម៌ខេត្តព្រះវិហារបានទេ។ ចំណែកប្រធានការិយាល័យបេតិកភ័ណ្ឌលោក ម៉ៅ វី ធ្លាប់បញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោកមិនឯកភាពចំពោះការចោទប្រកាន់ខាងលើនោះទេ។ លោកយល់ថា នេះជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលបានជួលកម្មករខ្មែរទាំងនោះ។ យ៉ាងណាក៏ដោយ លោកនៅតែបង្ហាញពីភាពខុសឆ្គងរបស់កម្មករខ្មែរមួយចំនួន ដែលចេះតែចង់ដឹង ចង់សាកល្បងមើលជាដើម។ លោកបញ្ជាក់ដូច្នេះថា «ចិននោះ (វា)គោរពច្បាប់ហើយ ប៉ុន្តែខ្មែរនេះចេះតែចង់សាកមើល។ យើងត្រូវតែតាមដានទាំងអស់គ្នា អាទាំងពីរហ្នឹង។ បើមានបញ្ហាអ្វី ចិនត្រូវតែរាយការណ៍មកអាជ្ញាធរ។ ខ្លាចតែខ្មែរយើងទេ តែងតែសាកកន្លងមក។ (…) ចំណុចខុសនោះ ខុសនឹងក្រុមហ៊ុនតែម្តង គេ(មន្ទីរ)ប្រាប់ហើយតើ បើមានប៉ះគ្រឹះប្រាសាទអី ឲ្យដកថយ។»
ករណីបើមានការចោទប្រកាន់ទៅលើកម្មករ ស៊ីឈ្នួលឈូសឆាយនោះ លោក ឡោ ចាន់ មន្រ្តីអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ បានបញ្ជាក់ថា កម្មករអាចទទួលទោស ចំពោះបទល្មើសព្រហ្មទ័ណ្ឌណាមួយ ដែលខ្លួនបានប្រព្រឹត្តក្រៅម៉ោង ឬខុសពីការងារដែលត្រូវធ្វើប៉ុណ្ណោះ។ លោកបន្តថា បើក្នុងករណីការឈូសឆាយធ្វើឲ្យខូចខាតសម្បត្តិវប្បធម៌ជាតិ ក្រុមហ៊ុន ឬថៅកែពិតជាមានសិទ្ធិប្តឹងកម្មករទាំងនោះ តែក៏ត្រូវស្ថិកក្នុងការពិចារណារបស់ចៅក្រម ឬព្រះរាជអាជ្ញាដែលគប្បីមិនចោទប្រកាន់ ឬទុករឿងមិនចាត់ការ។ ប្រសិនបើពួកគាត់ឯករាជ្យ គោរពច្បាប់ នោះការចោទប្រកាន់ ត្រូវធ្លាក់ទៅលើថៅកែក្រុមហ៊ុនតាមច្បាប់ការងារ។
មន្រ្តីអង្គការសិទ្ធិមនុស្សអាដហុករូបនេះបន្តថា ខាងមន្ទីរបេតិកភ័ណ្ឌវិញ ក៏មិនអាចធ្វើការប្តឹងកម្មករទាំងនោះបានដែរ ត្រូវតែប្តឹងថៅកែក្រុមហ៊ុនជាអ្នកបញ្ជា និងអ្នកទទួលខុសត្រូវ។ «កម្មករបំរើការក្នុងនាមក្រុមហ៊ុន ចំណែកអ្នកទទួលខុសត្រូវគឺក្រុមហ៊ុន។ (…) តាមច្បាប់ការងារ រាល់ម៉ោងការងាររបស់កម្មករទាំងអស់ បើមានករណីអីកើតឡើង ថៅកែជាអ្នកទទួលខុសត្រូវ នូវទង្វើរបស់កម្មករក្នុងរឿងរដ្ឋប្បវេណី។»
លោកបញ្ជាក់ជាចុងក្រោយថា កម្មករអាចទទួលទោសក្នុងរឿងរដ្ឋប្បវេណីបាន បើគាត់(កម្មករ)ធ្វើការឈូសឆាយ ហួសព្រំប្រទល់កំណត់របស់ក្រុមហ៊ុន។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនត្រូវធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ ពីចំណុចដែលត្រូវធ្វើការឈូសឆាយទាំងនោះ។ «ជាទូទៅក្រុមហ៊ុនតែងតែគេចវេស ពីការទទួលខុសត្រូវនូវរាល់ទង្វើទាំងឡាយ ដែលគាត់(ក្រុមហ៊ុន)បានប្រព្រឹត្ត បែរជាទម្លាក់កំហុស ទៅលើកម្មករដែលគ្នាស៊ីឈ្នួល ឬយកកម្រៃជើងសារឲ្យក្រុមហ៊ុននោះ ក្នុងម៉ោងការងាររបស់ខ្លួន ជាករណីរំលោភច្បាប់ទាំងស្រុង។»
សូមរំលឹកថា ប្រាសាទបុរាណខ្មែរ ដែលកប់ក្នុងព្រៃ ហើយត្រូវបានកម្មកររបស់ក្រុមហ៊ុនចិនឈូសឆាយឃើញ មានចំនួនប្រាំប្រាសាទ ដូចជាប្រាសាទក្រូចព្រោះ ប្រាសាទយក្សព្លូក ប្រាសាទព្រះពុទ្ធបាក់ករ ប្រាសាទយក្សអង្គុយ និងប្រាសាទត្រពាំងស្វាយ។ ប្រាសាទទាំងនេះស្ថិនៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នត្រូវបានជនជាតិភាគតិចកួយ នាំគ្នាបោះជម្រកស្នាក់នៅកណ្តាលព្រៃ ដើម្បីទប់ស្កាត់ទៅនឹងការឈូសបំផ្លាញគ្រឹះប្រាសាទ និងវត្ថុបុរាណនានាដោយក្រុមហ៊ុនចិនទាំងនោះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ មីនា ២០១៤