ព្រាប កុល ពន្យល់ពីករណីបាត់យានយន្ត នៅផ្សារ អ៊ីអនម៉ល
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅករណីនៃការបាត់យានយន្ត នៅផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលទទួលការរិះគន់យ៉ាងសម្បើម ពីអ្នកប្រើប្រាប់ហ្វេសប៊ុកបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រម សម្របសម្រួលបញ្ជប់បញ្ហានេះ បើទោះបីជាម្ចាស់យានទទួលបានសំណង តែ៦០%ក៏ដោយ។
រូបភាព របស់ម្ចាស់យានយន្ដដាក់បង្ហោះ និឹងត្រូវអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្សព្វផ្សាយបន្ត។
សន្តិសុខ - ករណីនៃការបាត់ម៉ូតូរបស់យុវជនម្នាក់ ដែលជាម្ចាស់របស់យានយន្ត ម៉ាកគ្លីក (Click) ផ្លាកលេខ 1KA 5321 ភព ដែលបានបាត់នៅផ្សារទំនើប អ៊ីអនម៉ល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានដោះស្រាយរួចរាល់ហើយ ក្រោយពីមានការអន្តរគមន៍ និងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកទទួលបញ្ញើរម៉ូតូនៅផ្សារអ៊ីអនម៉ល បានយល់ព្រមសងប្រាក់ទៅម្ចាស់ម៉ូតូវិញចំនួន ៥០០ដុល្លា (ប្រហែល 60%) នៃតម្លៃម៉ូតូ។ នេះបើតាមការប្រកាសរបស់លោក ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា ។
លោក ព្រាប កុល បានសរសេរនៅលើទំព័ររបស់លោក ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទៀតថា អ្នកបាត់ម៉ូតូក៏មានកំហុស១ដែរក្នុងករណីនេះ ព្រោះគាត់បានសរសេរពាក្យជេរ ហើយបង្ហោះលើហ្វេសប៊ុក ដោយប្រើពាក្យអសុរស នាំឱ្យប៉ះពាល់ដល់កិត្តយសអាជីវកម្ម។ បញ្ហានេះ បានធ្វើឱ្យម្ចាស់ម៉ូតូមានចំនុចខ្សោយ តាមផ្លូវច្បាប់។ លោកបញ្ជាក់បន្ថែមថា៖ «តាមពិត អ្នកទទួលបញ្ញើរមានកាតព្វកិច្ចសងថ្លៃម៉ូតូពេញតម្លៃ បើយោងតាមផ្លូវច្បាប់។ ប៉ុន្តែដោយសារភាគីទាំងពីរ សុទ្ធតែមានកំហុសដូចគ្នា គាត់សុខចិត្តសម្របសម្រួលទទួលយកសំណងនេះ ហើយបញ្ចប់ជម្លោះ។»
ទទួលខុសត្រូវ ចំពោះនឹងពេជន៍ដែលខ្លួនសរសេរជេរប្រមាថ នៅលើបណ្តាញហ្វេសប៊ុក ម្ចាស់គណនីដែលមានឈ្មោះថា DenDen Badboy និងជាម្ចាស់ម៉ូតូដែលបានបាត់ បានសរសេរ នៅជញ្ជាំងហ្វេសប៊ុករបស់ខ្លួន ដោយចេញមុខសុំទោស និងទទួលខុសត្រូវទាំងអស់ ចំពោះពាក្យសម្តីដែលខ្លួនបានចោទប្រកាន់ និងជេរប្រមាថដល់ផ្សារទំនើបរបស់ជប៉ុនអ៊ីអនម៉ល ថាមានភាពមិនទទួលខុសត្រូវ ចំពោះការបាត់បង់ម៉ូតូរបស់ខ្លួន។
ជាមេរៀនសម្រាប់បញ្ហានេះ លោកព្រាប កុលផ្តាំផ្ញើទៅកាន់អ្នកម្ចាស់យានយន្តដទៃថា៖
១. ពេលទទួលសំបុត្របញ្ជាក់ពីការផ្ញើរយានយន្ត សូមពិនិត្យមើលសំណេរលើសន្លឹកប័ណ្ណ។ ក្នុងករណីមានសំណេរថា៖ «បើបាត់របស់មិនទទួលខុសត្រូវ» បងប្អូនមិនត្រូវឯកភាពឡើយលុះត្រាតែអាជីវកម្មនោះមិនយកថ្លៃផ្ញើរ។ បើមានអាជីវកម្មបែបធ្វើនំឥតម៉្សៅ ឬខ្វះការទទួលខុសត្រូវបែបនេះ ត្រូវរាយការណ៏ទៅសមត្ថកិច្ច។ ក្នុងករណីសមត្ថកិច្ចមិនចាត់វិធានការ ព្រោះបានលាភ ឬទទួលប្រាក់កម្រៃពីអាជីវកម្មនេះដែរ ត្រូវរាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បងប្អូនក៏អាចផ្តល់ដំណឹង មកយើងខ្ញូំ នៅអង្គការតម្លាភាពកម្ពុជាបានគ្រប់ពេល។
២. ពេលបាត់របស់ សូមកុំជេរប្រមាថ ឬបរិហាកេរ្ត៍បុគ្គល ឬអាជីវកម្មគេឡើយ ប៉ុន្តែត្រូវដោះស្រាយតាមផ្លូវច្បាប់។ សូមចូលរួម បញ្ឈប់វប្បធម៌ជេរប្រមាថនេះផង។
យ៉ាងណាក៏ដោយ បើតាមអ្នកច្បាប់មួយរូប បានលើកឡើងថា ផ្សារ អ៊ីអនម៉ល នៅតែមានចំណែកទទួលខុសត្រូវ ក្នុងករណីនេះដដែល ដោយសារតែបង្ហាញបាត់របស់ ស្ថិតក្នុងរង្វង់ដែនដី នៃអាជីវកម្មរបស់ខ្លួន បើទោះជាខ្លួនបាន«ម៉ៅ»ចំណែកនៃអាជីវកម្មនេះ ទៅឲ្យអ្នកដទៃក៏ដោយ។ តាមផ្លូវច្បាប់ គេត្រូវយកកិច្ចសន្យា ដែលបានចុះរវាងផ្សារទំនើប និងអ្នកទទួលផ្ញើរយានយន្ដនោះ មកមើលសិន ថាតើមានលក្ខណៈបែបណា មុននឹងធ្វើសេចក្ដីសន្និដ្ឋាន៕