ឱម យ៉ិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត

នៅចំពោះការរិះគន់ ដែលលើកឡើងថា លោកនិយមបក្ខពួក ឬគ្រួសារ តាមរយៈការ​តែងតាំង​កូន​បង្កើត​ខ្លួន ឲ្យ​ធ្វើ​ជា​ជំនួយការ​ឲ្យ​អង្គភាព​នោះ នៅថ្ងៃនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​អះអាង​ថា កូន​លោក​ទាំង​ពីរ មានសមត្ថភាពជាច្រើន៖ ចេះភាសាអង់គ្លេស ចេះបាញ់កាំភ្លើង និងចេះស៊ើបអង្កេតប្រឆាំង​ភេរវកម្ម។
ឱម យ៉ិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត
លោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 29, 2016
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បក្ខពួក​និយម គ្រួសារនិយម លុះត្រាតែសាច់ញាតិ​អញ គ្នា​អញ គ្រួសារ​អញ អត់​ចេះ​អ្វី​ក៏ដោយ ក៏​អញ​តែងតាំង​ដែរ អ្នក​ផ្សេង​ទោះ​ល្អ​ប៉ុណ្ណា​ក៏​អញ​អត់​ឲ្យ។ នេះជានិយមន័យ លើកឡើងដោយលោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី​២៩ ខែ​មេសា​នេះ ទាក់ទងនឹងពាក្យ បក្ខពួកនិយម គ្រួសារនិយម។

តែសម្រាប់រូបលោកផ្ទាល់ ការតែងតាំងកូនប្រុសលោកទាំងពីរ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា នោះ ត្រូវបានធ្វើឡើង តាមរយៈសមត្ថភាពសុទ្ធសាធ។ លោក បានពន្យល់ថា សមត្ថភាពកូនលោកមានបី៖ ទី​១ មុខវិជ្ជា​ភាសា​អង់គ្លេស - ទី​២ មុខវិជ្ជា​ការប្រើប្រាស់​អាវុធ និង​ទី​៣ មុខវិជ្ជា​ការស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម។ លោកបញ្ជាក់ទៀតថា បើនរណាមានសមត្ថភាពលើសកូនលោក អាចមកប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​តំណែង​​ពី​ពួកគេបាន​។

កាលពី​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០១៦​ថ្មីៗ​នេះ ព្រះមហាក្សត្រខ្មែរ បាន​ចេញ​​ព្រះរាជក្រឹត្យ ​ត្រាស់បង្គាប់​​តែងតាំង កូន​ប្រុសបង្កើតទាំង២​រូប របស់​លោក ឱម យ៉ិនទៀង ឲ្យមានតួនាទីជាជំនួយការ (ឧបការី) របស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ ក្នុង​លោក យ៉ិនទៀង ពុទ្ធា​រិទ្ធ មានឋានៈ​​ស្មើ​​រដ្ឋលេខាធិការ និង​​លោក​យ៉ិនទៀត ពុទ្ធា​រ៉ា មាន​​ឋានៈ​​ស្មើ​​​អនុរដ្ឋលេខាធិការ​។

ក្រុមសង្គមស៊ីវិល និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានរិះគន់ការតែងតាំងខាងលើ ដោយចាត់ទុក​ទង្វើ​នេះ ថា​ជាអំពើបក្ខពួកនិយម គ្រួសារនិយម ដែលជាផ្នែកមួយនៃអំពើពុករលួយ ដែលកំពុងស៊ីរូងផ្ទៃក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ។ ជាពិសេសក្រុម​សង្គម​ស៊ីវិល​ទាំងនោះ បានព្រមាន​ថា ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​សព្វ​​ថ្ងៃ នៅ​តែ​បន្ត​រៀបចំ​ស្ថាប័ន​មួយ​ ដែល​ពោរពេញ​ ទៅ​ដោយសាច់ញាតិរបស់​ថ្នាក់ដឹកនាំដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​​មហាជន​​លែង​ទុក​ចិត្ត ហើយ​បាត់បង់​ជំនឿ​ ទៅ​លើ​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយ​វិទ្យុអាស៊ីសេរី លោក អំ សំអាត មន្ត្រី​ផ្នែក​ស៊ើបអង្កេត ​របស់​អង្គ​ការពារ​សិទ្ធិ​មនុស្ស​​លីកាដូ (Licadho) បានចោទជាសំនួរថា បើសិនជាមានការប្ដឹង ទៅអង្គភាពណាមួយ ចោទថា​ប្រធាន​អង្គភាព​នោះ​ពុករលួយ ហើយបើដំណើរការ​នៃការស៊ើបអង្កេត ធ្វើឡើងដោយ​កូនចៅសាច់ញាតិ របស់​ប្រធាន​នោះ​ដដែល តើគេអាចជឿជាក់ ទៅលើតម្លាភាព របស់អង្គភាពនោះបានយ៉ាងដូចម្ដេច? លោកបានថ្លែងថា៖ «តើ​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​ (ឬ)ទេ ​នៅ​ក្នុង​ការ​ប្ដឹង បើសិនជា​ការ​រិះគន់​ទៅ​លើ​ប្រធាន​អង្គភាព​ណា​មួយ ហើយ​​ប្ដឹង​ទៅ​លើ​ប្រធាន​អង្គភាព​ហ្នឹង ហើយ​ប្រធាន​អង្គភាព​ហ្នឹង ​ជា​អ្នក​ដំណើរការ តើ​វា​អាច​មាន​តម្លាភាព ហើយ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ?»។

រីឯប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល វិញ ក៏ធ្លាប់បានលើកឡើង ទៅកាន់អ្នកសារព័ត៌មាន ក្នុង​ពេល​កន្លង​​មក​ដែរថា៖ «បញ្ហាសាច់ញាតិនិយមនេះ ជាបញ្ហាធំមែនទែន។ គ្រប់ស្ថាប័ន គ្រប់ក្រសួង ដែល​យើង​បាន​សង្កេត មាន​​ពាក់ព័ន្ធសាច់ញាតិ ពាក់ព័ន្ធក្រុមគ្រួសារ។ (...) តែប្រទេសយើង ច្រើនតែយកកូន ឬ​សាច់​ញាតិ​​បង្កើត​​​របស់​​​ខ្លួន ទៅដាក់ក្រោមក្លៀក ស្រួលប្រើ ស្រួលបញ្ជា ស្រួលមើលការខុសត្រូវ។»

ទាក់ទងនឹង សមត្ថភាពទាំងបី​ដែលលើកឡើង ដោយលោក ឱម យិនទៀត ត្រូវបានលោក ព្រហ្ម គិត អ្នក​វិភាគ​ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងជាអតីតមន្ត្រីច្បាប់ ពីប្រទេសកម្ពុជា វាយតម្លៃថា សមត្ថភាពទាំងនេះ មិន​ប្រាកដ​ថា ខ្មែរទាំងជាង១៤លាន​នាក់​គ្មាន​នោះទេ ខណៈជំនាញទាំងប៉ុន្មានខាងលើ សុទ្ធតែអាច​​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បាន។

ចំណែកឯការប្រកាសរបស់លោក ឱម យ៉ិនទៀង ស្វែងរកអ្នក​មាន​សមត្ថភាព​ជាងកូនលោក​នោះ ត្រូវ​បាន​អ្នក​វិភាគ​ចំណាស់​រូប​នេះ យក​ឧទាហរណ៍មួយ មកពន្យល់ថា លោក ឱម យ៉ិនទៀង បាន​អ៊ុំទូក​ប្រណាំង​តែ​ម្នាក់​​ឯង មក​ដល់​ទីផ្ដាច់​ព្រ័ត្រ​ហើយ ទើបងាកក្រោយស្រែក ថា«បើអ្នកឯងគ្រាន់បើ ប្រណាំង​ឲ្យ​ឈ្នះ​អញមក (SIC)»។ លោក ព្រហ្ម គិត ថា បើ​ទោះ​ជា​មាន​​អ្នក​​ដែល​ចង់ប្រណាំងតាម ក៏ពិបាកដែរ ព្រោះ​​លោក ឱម យ៉ិនទៀង បាន​ចេញ​ទូក​ប្រណាំង​​ពី​ដំបូង​ទី ដោយ​គ្មាន​​តម្លាភាព​​រួច​​ទៅ​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...