រ៉ុង ឈុន ជឿពីទណ្ឌកម្មប្រទេសម្ចាស់ជំនួយប្រឆាំងរដ្ឋាភិបាលហ៊ុន សែន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅកម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការរិតត្បិតសេរីភាព និងការប្រើហិង្សាលើប្រជាពលរដ្ឋ កម្មករ ដែលទាមទារនូវសិទ្ធិ និងសេរីភាពតាមការសម្តែងមតិរបស់ពួកគេ។ នេះជាការថ្លែងរបស់លោក លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ដោយបានអះអាងបន្ថែមថា កម្ពុជាកំពុងតែរអិលជើង ឆ្ពោះទៅរករបប«យោធា»និយម ដែលជារបបផ្តាច់ការ។
លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០១៤
-----------------------
សេរីភាពនៅកម្ពុជា - ក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី៨ ឧសភាម្សិលម៉ិញនេះ បន្ទាប់ពីអវត្តមានពីប្រទេសកម្ពុជាជាងមួយខែមក លោក រ៉ុង ឈុន បានប្រកាសជំហរជាថ្មី ចំនួនបី ដើម្បីការទាមទារសិទ្ធិ និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាកម្មក គ្រូបង្រៀន និងសម្រាប់អ្នករងនូវភាពអយុត្តិធម៌ នាពេលកន្លងមកជាដើម។
ជំហរទាំងបីរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រកាសជាផ្លូវការថា លោកនិងក្រុមការងារ បន្តការស្វែងករនូវកិច្ចអន្តរាគម ដើម្បីឲ្យមានការដោះលែងអ្នកទាំង២១នាក់ ដែលបានចាប់ខ្លួនដោយអយុត្តិធម៌នាពេលកន្លងមក ទាមទារឲ្យមានការតម្លើងប្រាក់បៀវត្សកម្មករ ឲ្យបាន១៦០ ដុល្លា ក្នុងមួយខែ និងទាមទាឲ្យបញ្ចប់ការរារាំង ការប្រើកម្លាំង ពីសំណាក់អាជ្ញាធរកម្ពុជា មកលើប្រជាពលរដ្ឋ ដែលសម្តែងមតិ ដើម្បីសិទ្ធិ និងសេរីភាពនោះ។
ប្រធានសហភាពសហជីពកម្ពុជារូបនេះ បានដាក់កំហិតទៅកាន់រដ្ឋាភិបាលសព្វថ្ងៃ ដែលដឹននាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់អំពើហិង្សា វាយបង្រ្កាបលើប្រជាពលរដ្ឋ ជាយុវជន កម្មករ គ្រូបង្រៀន។ នេះជាល័ក្ខខណ្ឌតឹងរ៉ឹងមួយ ដែលលោកនិយាយថា អាចនឹងមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ពីបណ្តាប្រទេសម្ចាស់ជំនួយសំខាន់ របស់កម្ពុជា។
ការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសម្ចាស់ជំនួយ ដូចយ៉ាងពីសហរដ្ឋអាមេរិកនោះ ត្រូវបានលោក រ៉ុង ឈុន ទទួលស្គាល់ថា អាចមានការប៉ះពាល់ដល់ជីវភាព របស់កម្មករមួយភាគធំ តែលោកបាននិយាយទៀតថា វាគ្រាន់តែស្ថិតក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។ «ប្រជាពលរដ្ឋខ្មែរ កម្មករ គ្រូបង្រៀន មិនទើបតែប៉ះពាល់នៅពេលអាមេរិកដាក់ទណ្ឌកម្មទេ តែសម្រាប់ប្រជាពលរដ្ឋខ្មែរ កម្មករ គ្រូបង្រៀនបានប៉ះពាល់រួចជាស្រេចទៅហើយ ក្នុងរយៈកាលជាង៣០ឆ្នាំមកនេះ នៅតែមិនទាន់មានដំណោះស្រាយ។ (...) បើប៉ះពាល់មួយខែ ពីរខែ ឬមួយឆ្នាំ យើងស៊ូរងទទួលផលប៉ះពាល់ ដើម្បីរកដំណោះស្រាយមួយល្អប្រសើរ សម្រាប់អនាគតកូនខ្មែរ និងរស់នៅបានសមរម្យក្នុងរយៈពេលយូរ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលណាម្នាក់នៅឡើយ ទាក់ទងនឹងការថ្លែងបរិហារខាងលើរបស់លោក រ៉ុង ឈុន ដែលត្រូវបានស្គាល់ថាមាននិន្នាការទៅរកគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន បានអំពាវនាវឲ្យខិតខំស្វែងរកដណោះស្រាយ រវាងខ្មែរនឹងខ្មែរ ដើម្បីបញ្ជៀសនូវទណ្ឌកម្មខាងលើ។ លោកបាននិយាយឲ្យដឹងថា៖ «បើយើងមិនស្វែងរកដំណោះស្រាយ ទុកឲ្យការរំលោភបំពាន ការមិនយកចិត្តទុកដាក់នៅតែបន្ត យើងនឹងរងគ្រោះ ហើយបន្តការវេទនានេះជាបន្តទៅទៀត។ »
មេដឹកនាំសមាគម-សហជីពដ៏ល្បីឈ្មោះរូបនេះ បានបន្តដកស្រង់សម្តីរបស់ថ្នាក់ដឹកនាំអាមេរិក មកថ្លែងទៀតថា «បើលោក ហ៊ុន សែន នៅតែបន្តការរំលោភបំពាន ការបាញ់សម្លាប់កម្មករ ការបាញ់សម្លាប់ប្រជាពលរដ្ឋ ការប្រើហិង្សាមកលើប្រជាពលរដ្ឋ អវសានរបស់លោក ហ៊ុន សែន កាន់តែខិតជិតដល់ហើយ»៕