ឡៅ ម៉ុងហៃ៖ ត្រូវកំណត់តួនាទីអ.ស.ប ដើម្បីបញ្ជៀសវិបត្តជាប់គាំងផ្នែកនយោបាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានថ្ងៃទី៩ខែសីហា របស់គណបក្សសង្គ្រោះជាតិ បាននិយាយឲ្យដឹងថាគណៈកម្មការចម្រុះឯករាជ្យ ទំនងជានឹងអាចមានរូបរាង ដោយស្នើសុំឲ្យអង្គការសង្គមសីវិលជាតិជំនាញខាងការបោះឆ្នោតចូលរួម និងអង្គការសហប្រជាជាតិនៅត្រឹមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ តែមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនឯណោះវិញ នៅតែអះអាងពីជំហរដើមរបស់ខ្លួន ដោយបង្កើតគណៈកម្មការចម្រុះនេះត្រឹមតែបីភាគីប៉ុណ្ណោះ។ តើស្ថានការណ៍នយោបាយកម្ពុជា អាចនឹងឈានទៅរកវិបត្តិជាប់គាំងក្នុងថ្ងៃខាងមុខ?
សូមតាមដានព្រឹត្តិការណ៍នេះឡើងវិញ ដោយមានការចូលរួមពន្យល់បកស្រាយ ពីលោក ឡៅ ម៉ុងហៃ អ្នកវិភាគល្បីឈ្មោះមួយរូប ជាមួយនឹងការសាកសួររបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)
ជាមួយនឹងសំនួរថា តើស្ថានការណ៍នយោបាយសព្វថ្ងៃ មានភាពជាប់គាំងទេ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហាញសុទិដ្ឋិនិយមថា នៅក្នុងតំណាក់ការនេះមិនអាចចាត់ទុកថា មានភាពជាប់គាំងអ្វីផ្នែកនយោបាយនោះទេ ព្រោះបញ្ហាដែលត្រូវដោះស្រាយទាំងឡាយ កំពុងស្ថិតក្នុងនីតិវិធីរបស់ គ.ជ.ប នៅឡើយ។ លោកបានបន្តរថា លទ្ធផលនៃការបោះឆ្នោត មិនទាន់បានប្រកាសជាស្ថារដោយគ.ជ.ប នោះនៅឡើយ ឯរយៈពេលនៃការប្រជុំសភាដំបូង ក្រោយថ្ងៃបោះឆ្នោតនោះមានរយៈ៦០ថ្ងៃ (២ខែ) ហើយមកដល់ពេលនេះ នៅមានរយៈពេលជាងមួយខែទៀត។
សូមរម្លឹកថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដាក់របាយការណ៍ពីភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ ទៅ គ.ជ.ប ដើម្បីធ្វើការដោះស្រាយកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣។ ក្នុងថ្ងៃជាមួយគ្នានេះ គ.ជ.ប ក៏បានដាក់លិខិតតបជាផ្លូវការមកលោក សម រង្ស៊ី វិញថា គ.ជ.ប មិនអាចបង្កើតគណៈកម្មការពិសេស តាមសំណើរបស់គណបក្សសង្គ្រោះជាតិបានទេ ដោយបានសំអាងថា «ហួសពីសិទ្ធិអំណាច និងសមត្ថកិច្ចរបស់ខ្លួន» នៅពេលដែលគណបក្សនេះ ចង់កំណត់តួនាទីរបស់អង្គការសហប្រជាជាតិឲ្យទូលាយ ជាងអ្វីដែលគ.ជ.ប និងគណបក្សប្រជាជនបានលើកឡើង។ ការឆ្លើយឆ្លងគ្នា តាមសំបុត្រស្នាមទាំងនេះ រួមផ្សំនិងការប្រកាសធ្វើមហាបាតុកម្មរបស់លោក សម រង្ស៊ីនោះផង បានធ្វើឲ្យគេយល់ថា ស្ថានការណ៍នយោបាយបានឈានទៅរកភាពជាប់គាំងហើយ។
តែអ្វីដែលគេបានចាប់អារម្មណ៍នោះ គឺព្រះករុណានរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ព្រះអង្គបានចេញព្រះរាជសារអំពាវនាវ ដល់គណបក្សនយោបាយធំៗទាំងពីរ ពិភាក្សាគ្នារកដំណោះស្រាយ ដោយសន្ដិវិធីចំពោះការវិវាទ ឬបញ្ហាទាំងឡាយដែលនៅសេសសល់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្ដមសម្រាប់ប្រទេស និងប្រជាពលរដ្ឋយើង និងដើម្បីរក្សាសន្ដិភាព និងស្ថិរភាពជាតិ។ ព្រះរាជអន្តរាគមន៍ ដែលដូចជាបានរំលឹកទៅដល់ ក្រុមអ្នកនយោបាយពីតួនាទីរបស់ទ្រង់នេះ បានធ្វើឲ្យមានការរីកចម្រើនខ្លះៗ នៅក្នុងស្ថានការណ៍ដែលគេគិតថា សឹងតែជាប់គាំងនោះ។
អ្នកវិភាគវ័យចំណាស់ បានបញ្ជាក់ជុំវិញបញ្ហាខាងលើនេះថា ក្រោយពីមានព្រះរាជអន្តរាគមន៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែសីហា បានធ្វើសេចក្ដីអំពាវនាវមួយថ្មីទៀត ឱ្យគណបក្សនយោបាយធំៗទាំងពីរ ចូលរួមប្រជុំដើម្បីសម្រេចបង្កើតគណៈកម្មការពិសេស ក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ ពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត ឱ្យបានឆាប់រហ័ស។ ដើម្បីដោះស្រាយភាពមិនប្រក្រតីទាំងនេះ លោកឡៅ ម៉ុងហៃ សង្ឃឹមថា ទាំងអស់គ្នានឹងជៀសវាងនូវអំពើហិង្សា។ លោកឲ្យយោបល់ថា អង្គការសហប្រជាជាតិ ដែលគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានវត្តមាននោះ អាចជាអ្នកបច្ចេកទេស ក៏ដូចអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដែរ។
ក្នុងថ្ងៃទី៩ ខែសីហា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា មានការជួបជជែកគ្នារវាងមន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាពីការបង្កើតគណៈកម្មការចម្រុះ សម្រាប់ដោះស្រាយបញ្ហាបោះឆ្នោតនេះ។ នៅថ្ងៃដដែលនេះ សេចក្ដីប្រកាសព័ត៌មានមួយទៀតរបស់គណៈបក្សសង្រ្គោះជាតិ ក៏បានបង្ហាញសញ្ញាវិជ្ជមានប្រហាក់ប្រហែលគ្នាដែរ ថាគណបក្សទាំងពីរបានឯកភាពគ្នា ពិនិត្យមើលលទ្ធភាពជ្រើសរើសអង្គការមិនមែនរដ្ឋាភិបាលដែលមានជំនាញ និងបទពិសោធន៍លើការងារបោះឆ្នោត ដើម្បីបំពេញការងារក្នុងក្រុមបច្ចេកទេស ដែលមានអង្គការសហប្រជាជាតិ អង្គការជាតិនិងអន្តរជាតិឯទៀត ជាអ្នកសង្កេតការណ៍។ សេចក្ដីប្រកាសនេះ បានចេញផ្សាយ បន្ទាប់ពីមានការជួបជជែកគ្នា នៅរដ្ឋសភាជាតិ រវាងតំណាងគណៈបក្សប្រជាជនកម្ពុជា បីរូប លោក ជាម យៀប លោក ព្រំ សុខា និងលោក អ៊ុក គឹមហាន និងតំណាងគណបក្សសង្រ្គោះជាតិបីរូបដូចគ្នា លោក សុន ឆ័យ លោក កុយ ប៊ុនរឿន និងលោក ញ៉ែម បុញ្ញឬទ្ធិ។
លោក ឡៅ ម៉ុងហៃ បានសម្ដែងការគាំទ្រថា នេះជារូបមន្តដ៏សំខាន់ ក្នុងដំណោះស្រាយនោះ ជាការអង្គុយជុំគ្នាពិភាក្សាគ្នា នឹងត្រូវកំណត់នូវមុខងារ និងតួនាទីអង្គការសហប្រជាជាតិជាអ្វី ហើយជាការផ្លាស់ប្តូរជំហរនិងឥរិយាបទមួយ ទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ