មន្ត្រីបក្សប្រឆាំង៖ កងកម្លាំងអាជ្ញាធរចង់សំរុកចូលគណបក្ស តែគ្មានក្រដាសស្នាម
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 26, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានអះអាងលើគណនីហ្វេសប៊ុករបស់លោក នៅប៉ុន្មាននាទីមុនបន្តិចថា នៅវេលាម៉ោងប្រមាណជា ១២ និង២០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ កងកម្លាំងអាជ្ញាធរប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃ បានព្យាយាមសំរុកចូល ក្នុងគណបក្សសង្គ្រោះជាតិ (នៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ) ប៉ុន្តែបានចាកចេញទៅវិញ បន្ទាប់ពីមន្ត្រីសន្តិសុខរបស់គណបក្ស បានស្នើសុំ និងសួររកក្រដាសស្នាម គតិយុទ្ធ (ដីកា) ដើម្បីអនុញ្ញាតឲ្យមានការ«សំរុក»ចូលនោះ។
ការប៉ុនប៉ង សំរុកចូលទីស្នាក់ការគណបក្សនេះ មិនត្រូវបានប្រភពផ្លូវការណាមួយ អះអាងថា បានធ្វើឡើងក្នុងគោលបំណងអ្វីឡើយ។ តែប្រភពពីមន្ត្រីគណបក្សប្រឆាំង បាននិយាយថា ជាការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ន ជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកបានខកខាន មិនចូលខ្លួនទៅបំភ្លឺ នៅតុលាការសាលាដំបូង ចំនួន២ដង និងលើកចុងក្រោយ ក្នុងថ្ងៃទី២៦ ខែឧសភានេះម្ដងទៀត។
ចំណែកឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ វិញ គ្រាន់តែបានសម្តែងការសង្ស័យ ប្រហាក់ប្រហែល ទៅនឹងការលើកឡើងខាងលើដូចគ្នា។ លោកថា ករណីនេះ ទំនងជាបណ្ដាលមកពីលោក កឹម សុខា មិនបានចូលបំភ្លឺនៅតុលាការ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក អេង ឆៃអ៊ាង ដដែល បានថ្លែងដែរថា នៅវេលាម៉ោងប្រមាណជា ១១និង៣៥នាទី ព្រឹកម៉ិញនេះ រថយន្ដប្រភេទ «Mercedes» របស់លោក កឹម សុខា ក៏ត្រូវបានកងកម្លាំងប្រដាប់អាវុធមួយក្រុមឃាត់ទុក នៅត្រង់ចំណុច ក្បែរសាលាពញាហុក លើផ្លូវនរោត្តមដែរ។ លោកបានអះអាងថា នេះជាការចង់ស្វែងរកចាប់ខ្លួនលោក កឹម សុខា តែនៅក្នុងរថយន្តនោះ មិនមានវត្តមានរបស់លោក កឹម សុខានោះទេ ដោយមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តប៉ុណ្ណោះ។ រថយន្ដនោះ ត្រូវបានដោះលែងមកវិញ នៅពេលបន្តិចក្រោយមក។
ក្រុមមន្ត្រីមកពីគណបក្សប្រឆាំង បានអះអាងថា ការប៉ុនប៉ងឃាត់ខ្លួន ឬឃាត់រថយន្ដទាំងនោះ ជាការរំលោភលើអភ័យឯកសិទ្ធិរបស់សមាជិកសភា ដែលត្រូវបានការពារដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ពីរាល់ការចាប់ចងទាំងឡាយ វៀលែងតែនៅក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
សូមរំលឹកថា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះមួយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាសាក្សី នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ខាងមុខ ក្នុងសំនុំរឿងសញ្ចារកម្ម ក្រោមបណ្ដឹងរបស់ស្ត្រីជាងធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។ ការកោះហៅនេះ បានធ្វើឡើងជាលើកទី២ នៅក្នុងសំនុំរឿងតែមួយ បន្ទាប់ពីលោក កឹម សុខា បានប្រកាសមិនចូលខ្លួន និងនៅតែប្រកាន់ជំហរ មិនចូលខ្លួនទៅបំភ្លឺ ទៅតាមកោះហៅទាំងនោះឡើយ៕