រថយន្តកុងតឺន័រជល់រថយន្តដឹកសាំង បះជើងផ្ទុះឆេះនៅផ្លូវបំបែកស្រែអំបិល
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 26, 2016
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណ ជិត១១ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្លូវបំបែកស្រែអំបិល។ រថយន្តដឹកប្រេងមួយគ្រឿង បានបុកជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀត បណ្ដាឲ្យរថយន្ដដឹកប្រេងបះជើងឡើង និងផ្ទុះឆេះជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។
ប្រភពពីកន្លែងកើតហេតុ បានរាយការណ៍ជាបឋមថា រថយន្ដដឹកប្រេង របស់ក្រុមហ៊ុន តេលា បានបើកបរក្នុងទិសដៅ ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ហើយបានបើកជែងរថយន្ដមួយទៀត ដែលបើកនៅក្នុងទិសស្របគ្នា នៅត្រង់ចំណុចកើតហេតុនោះ។ តែការជែងនេះ ទំនងជាមិនបានផុតល្អ ក៏ទៅប៉ះជាមួយនឹងរថយន្ដកុងតឺន័រ រហូតបណ្ដាលឲ្យខ្លួនឯងបះជើង ធ្លាយប្រេងមុននឹងផ្ទុះជាអគ្គិភ័យឡើង។
ប្រភពបាននិយាយទៀតថា អ្នកបើកបររបស់រថយន្ដទាំងពីរ បានលោតចុះទាន់ ចេញពីរថយន្ដ។ ការផ្ទុះឆេះដ៏សន្ធោសន្ធៅនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ តែបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអណ្ដាតភ្លើងបញ្ចេញជាផ្សែង ត្រូវបានអ្នកផងមើលឃើញ ពីចំងាយយ៉ាងព្រឺព្រួច។
ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ក៏បានជួបនឹងភាពរអាក់រអួលដែរ នៅមុនពេលកងកម្លាំងរាជអាវុធហត្ថ និងនគរបាលស្រុកកំពង់សិលា ចុះមកជួយពន្លត់និងសម្រួលចរាចណ៍។ ប៉ុន្តែនៅវេលានេះ ចរាចរណ៍ទៅមកនៅលើផ្លូវជាតិ ទំនងជាបានត្រឡប់មកភាពប្រក្រតីជាធម្មតាវិញហើយ៕
» វីដេអូបង្ហាញពីទិដ្ឋភាព នៃការផ្ទុះឆេះរថយន្ដដឹកសាំងនេះ៖