សុគន្ធ នីសា ថាខ្លួនរីករាយណាស់ ដែលបានក្លាយជាទូតសុច្ឆន្ទៈនៃ«ការអាន»
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 16, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អាន និងរៀន គឺដើម្បីកសាងអនាគត រីករាយណាស់ដែលបានធ្វើការជាមួយស៊ីប៉ា» នេះជាការលើកឡើងរបស់កញ្ញា សុគន្ធ នីសា បន្ទាប់ពីនាងត្រូវបានក្លាយជាទូតសុច្ឆន្ទៈ របស់អង្គការលើកកម្ពស់ការអាននៅកម្ពុជា ហៅកាត់ថា ស៊ីប៉ា កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក។ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ នឹងចូលរួមក្នុងសកម្មភាពនានា ដើម្បីជម្រុញ និងផ្សព្វផ្សាយ ពីសារប្រយោជន៍ នៃការអានសៀវភៅ។
កញ្ញា សុគន្ធ នីសា បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង ទៀតថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយ និងមានកិត្តិយសណាស់ ដែលបានក្លាយជាទូតសុច្ឆន្ទៈ របស់អង្គការស៊ីប៉ា។ ខ្ញុំពិតជាសង្ឃឹមថា នឹងអាចលើកកំពស់វិស័យអប់រំ តាមរយះការអាន ជូនទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់។»
កញ្ញា សុគន្ធ នីសា គឺជាតារាចម្រៀងដ៏ល្បីម្នាក់ ដែលទទួលបានការពេញនិយម និងគាំទ្រពីទស្សនិកជន ជាពិសេសមិត្តយុវវ័យ។ នាងត្រូវបានគេកត់សម្គាល់ថា ជាតារាចម្រៀងដែលមានចរិកស្រគត់ស្រគំ និងមានរូបសម្រស់ស្រស់ស្អាត។
ចំណែកនៅលើទំព័រហ្វេសប៊ុករបស់អង្គការស៊ីប៉ា ក៏បានដាក់ការសង្ឃឹមដែរថាកញ្ញា សុគន្ធ នីសា នឹងជួយធ្វើការផ្សព្វផ្សាយ លើកកម្ពស់វិស័យអំណាន និងការបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរនៅកម្ពុជា។
អង្គការស៊ីប៉ា បានសរសេរសាទរចំពោះវត្តមានកញ្ញា សុគន្ធ នីសា ដែលក្លាយជាទូតសុច្ឆន្ទៈរបស់ខ្លួនបន្តទៀតថា៖ «ក្នុងនាមជាតួអង្គសំខាន់ ក្នុងការអភិវឌ្ឍការអាននៅកម្ពុជា ជាង២០ឆ្នាំមកហើយ អង្គការស៊ីប៉ាមានកិត្តិយស ដែលតារាចម្រៀង និងសម្តែង សុគន្ធ នីសា យល់ព្រមធ្វើជាទូតសុច្ឆន្ទៈរបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ»៕