ចាក់សម្លាប់យ៉ាងរង្គាលនៅចិន ២៩នាក់ស្លាប់ - បាន គីមូន ថ្កោលទោស
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: March 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីមានការវាយប្រហារ ពីសំណាក់ជនមិនសស្គាល់មុខ ដែលចាក់សម្លាប់ជនស៊ីវិលស្លូតត្រង់ នៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងប្រទេសចិន បណ្តាលឲ្យមនុស្ស ២៩ នាក់បានស្លាប់ និងមនុស្ស ១៣០ នាក់រងរបួសរួចមក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សហាវនេះ។ ជាមួយនេះដែរ ប្រធានាធិបតីចិន ក៏ចេញមុខបញ្ជា ឲ្យអាជ្ញាធរបើកការស៊ើបអង្កេត ចាប់ជនដៃដល់មកផ្តន្ទាទោស ឲ្យខាងតែបានផងដែរ។
រូបភាពផ្ដិតពីវីដេអូនៃការផ្សាយទូរទស្សន៍ក្នុងស្រុកចិន ស្ដីពីជនរងគ្រោះនិងការជួយសង្គ្រោះនឹងការចាក់សម្លាប់នេះ។
ចិន - ឃាតករមិនស្គាល់មុខមួយក្រុម ដែលប្រដាប់ដោយកាប់បិទគ្រប់ដៃ បានសម្រុកចូលទៅក្នុងស្ថានីយ៍រថភ្លើងគូនមីង (Kunming) នៅភាគនិរតីនៃខេត្តយូណាន (Yunnan) ប្រទេសចិន បានចាក់សម្លាប់មិនរើសមុខ ទៅលើជនស៊ីវិលស្លូតត្រង់យ៉ាងសាហាវយង់ឃ្នង ដោយបណ្តាលឲ្យមនុស្ស ២៩ នាក់បានស្លាប់ភ្លាមៗ និងមនុស្ស ១៣០ នាក់ផ្សេងទៀត រងរបួសយ៉ាងដំណំ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ ដែលចុះផ្សាយនៅថ្ងៃអាទិត្យនេះ។
នៅក្នុងបរិវេណកើតហេតុកាល ពីយប់ថ្ងៃសៅរម្សិលមិញ ឈាមរបស់ជនរងគ្រោះក្រហមឆ្អៅបានប្រឡាក់ជោកជាំ និងសម្រែកដង្ហៅរកឲ្យជួយរបស់ជនស្លូតត្រង់ បានលាន់កងរំពងនៅពាសពេញកន្លែងនោះ។ ភ្លាមៗក្រោយពីព្រឹត្តិការណ៍ដ៏សហាវ ដែលស្ទើរមិនគួរឲ្យជឿបែបនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានចេញសេចក្តីថ្លែងការណ៍ទាំងយប់ ថ្កោលទោសចំពោះសកម្មសម្លាប់ជនស៊ីវិលនេះ។
សេចក្តីថ្លែងការណ៍ ដែលបញ្ចេញឲ្យដឹងតាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក បាន គីមូន បានចាត់ទុកសម្មភាពសម្លាប់ជនស៊ីវិល ដែលគ្មានកំហុសនេះថា ជាអំពើគួរឲ្យខ្លាចជាទីបំផុត ហើយវាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកគេ ដែលមិនដឹងអ្វីសោះ ត្រូវគេសម្លាប់យ៉ាងអណោចអធមបែបនេះ។ លោកប្រមុកដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានស្នើឲ្យឲ្យអាជ្ញាធរចិន ចាប់ខ្លួនជនទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ ដោយមិនអាចលើកលែងបាននោះទេ។
នៅក្នុងហេតុការណ៍ចាក់សម្លាប់ជនស៊ីវិលនោះ ប៉ូលិសចិន បានបាញ់ឃាតករមិនស្គាល់អត្តសញ្ញាណទាំងនោះ បណ្តាលឲ្យស្លាប់ ៤ នាក់។ ក៏ប៉ុន្តែអាជ្ញាធរចិន មិនអាចកំណត់ឲ្យច្បាស់ថា សកម្មភាពទាំងនេះ ជាអំពើរបស់ក្រុមខាងណានោះឡើយ ដោយពួកគេគ្រាន់តែដាក់ការសង្ស័យមិនច្បាស់ថា អំពើនេះ គឺប្រព្រឹត្តដោយក្រុមភេវរករហិង្សាមានការរៀបចំទុកជាមុន ដែលទំនងជាស្នាដៃរបស់ក្រុមជនជាតិភាគតិច អ៊ុយហ្គួរ ដែលតែងតែទាមទារចង់ផ្តាច់ខ្លួន និងប្រឆាំងនិងរដ្ឋាភិបាលចិន។
រូបភាពឈាមក្រហមឆ្អិនឆ្អៅក្រាលពាសពេញដី និងសកម្មភាពរបស់គ្រូពេទ្យកំពុងធ្វើការជួយសង្គ្រោះ ជនរងរបួសយ៉ាងសកម្ម ត្រូវបានគេបង្ហោះនៅលើគេហទំព័រ Weibo និងផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ស៊ីស៊ីធីវី (CCTV) របស់ចិនផងដែរ។ ជាមួយគ្នាសារលិខិតចូលរួមរំលែកទុក្ខ នៃក្រុមគ្រួសារសពពីថ្នាក់ដឹកនាំកំពូលៗចិន បានធ្វើឡើងជាបន្តបន្ទាប់។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ក៏បានសម្តែងការសោកស្តាយ និងសរសេរសារមរណទុក្ខចំពោះគ្រួសារសព ព្រមទាំងបញ្ជាឲ្យអាជ្ញាធរចិនបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីវែកមុខជនដៃដល់ឲ្យឃើញ ចាប់យកមកដាក់ទណ្ឌកម្មឲ្យខាងតែបាន៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ០២ មីនា ២០១៤