កម្ពុជា ​ទទូច​ឲ្យ​ចិន​និង​ជប៉ុន​អត់​ធ្មត់​ខ្ពស់​បំផុត ជុំវិញ​ជម្លោះ​ដែន​ទឹក

ខណៈស្ថានការណ៍ជម្លោះដែនអធិបតេយ្យភាព រវាងប្រទេសជប៉ុន និងប្រទេសចិនកំពុងមានភាពក្តៅគគុក ដែលអ្នកវិភាគនយោបាយអន្តរជាតិ បានសម្តែងការព្រួបារម្ភថាសង្រ្គាមរវាងប្រទេសទាំងពីរអាចផ្ទុះឡើងគ្រប់ពេលនោះ រដ្ឋាភិបាលកម្ពុជាក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីបញ្ហានេះផងដែរ ហើយទទូចឲ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់បំផុត ដើម្បីសុខសន្តិភាព និងធានានិរន្តភាពក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈស្ថានការណ៍ជម្លោះដែនអធិបតេយ្យភាព រវាងប្រទេសជប៉ុន និងប្រទេសចិនកំពុងមានភាពក្តៅគគុក ដែល​អ្នកវិភាគនយោបាយអន្តរជាតិ បានសម្តែងការព្រួបារម្ភថាសង្រ្គាមរវាងប្រទេសទាំងពីរ អាចផ្ទុះឡើងគ្រប់ពេលនោះ រដ្ឋាភិបាលកម្ពុជាក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីបញ្ហានេះផងដែរ ហើយទទូចឲ្យភាគីទាំងពីរមាន​ការ​អត់ធ្មត់ខ្ពស់បំផុត ដើម្បីសុខសន្តិភាព និងធានានិរន្តភាពក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់។


ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។

ជម្លោះដៃនទឹក - ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា៖«កម្ពុជាចង់ឃើញប្រទេសទាំងពីរ(ចិន និងជប៉ុន) បន្តភាពអត់ធ្មត់​ឲ្យ​បាន​ខ្លាំងបំផុត និងត្រូវជៀសវាងពីការបំពានណាមួយ ដែលអាចនាំឲ្យមានជម្លោះកើតឡើងបាន»។

នាយករដ្ឋមន្រ្តីកម្ពុជាដដែលនេះបន្ថែមថា កម្ពុជាគឺជាមិត្តភក្តិដ៏ល្អមួយរបស់ប្រទេសទាំងពីរ ហើយទាំងចិន និងជប៉ុន គឺមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍តំបន់។

គួររម្លឹកថា ក្នុងប៉ុន្មានសប្តាហ៍ក្រោយនេះ បន្ទាប់ពីប្រទេសចិនបានប្រកាសដាក់តំបន់ការពារដែនអាកាស ដែល​លាត​សន្ធឹងពីសមុទ្រចិនខាងកើតរហូតដល់តំបន់ក្បែរដែនទឹកជប៉ុន និងកូរ៉េខាងត្បូង និងបានរាប់បញ្ចូលតំបន់ប្រជុំកោះ​ជម្លោះសេនកាគូផងដែរនោះ បានជម្រុញឲ្យស្ថានការណ៍នៅក្នុងតំបន់មានភាពតានតឹងខ្លាំង។

ភាពតានតឹងខ្លាំងក៏ព្រោះតែប្រទេសចិនបានដាក់កំហិតថា រាល់យន្តហោះ ចង់ហោះចូលក្នុងតំបន់ការពារ​ដែន​អាកាស ត្រូវតែផ្តល់ព័ត៌មានដល់អាជ្ញាធរចិន នូវផ្លូវហោះហើរ និងត្រូវបញ្ជាក់ពីអត្តសញ្ញាណរបស់យន្ត ថាជា​កម្មសិទ្ធិ​របស់​ប្រទេសណាមួយ។ ហើយចិនបញ្ជាក់ទៀតថា អាចនឹងចាត់វិធានការការពារបន្ទាន់ររបស់ខ្លួនជាមុន ប្រសិន​បើ​យន្តហោះ​ណាមួយមិនគោរពតាមសេចក្តីប្រកាស និងបទបញ្ជាចិន។

តែសេចក្តីប្រកាស និងបទបញ្ជាចិន ហាក់ដូចជាមិនត្រូវបានទទួលការគោរពនោះទេ ព្រោះប្រទេស កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ និជប៉ុន បានចេញមកបដិសេធមិនទទួលស្គាល់ ខណៈសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្ត​របស់ប្រទេស​ទាំង​នោះ បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ពីរគ្រឿង ហោះចូលតំបន់ដែលចិនបានប្រកាសដោយ​គ្មានការ​ជូនតំណឹងជាមុន និងមិនបានបញ្ជាក់អត្តសញ្ញាណ ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភជាទូទៅ។

ចំពោះការសម្តែងការព្រួយបារម្ភរបស់កម្ពុជា ក្នុងជម្លោះអន្តរជាតិនេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា និងជា​ប្រធានគណៈកម្មាធិការពង្រឹង វិស័យច្បាប់ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា (CNRO/CSLHRC) លោកបណ្ឌិត ហ៊ាង រិទ្ធី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នេះបានពន្យល់ថា បើ​ទោះកម្ពុជាជាប្រទេសតូច មិនមានឥទ្ធិពលទៅលើប្រទេសចិន និងជប៉ុនក៏ពិតមែន តែវាជាសញ្ញាល្អដែលកម្ពុជា​សម្តែងការព្រួយបារម្ភ ព្រោះអាចបង្ហាញឲ្យពិភពលោកឃើញថា កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព និងកិច្ចសហ​ប្រតិបត្តិការ ខណៈប្រទេសទាំងពីរ(ជប៉ុន និងចិន)ជាមហាមិត្តរបស់កម្ពុជា។

បណ្ឌិតដដែលនេះលើកឡើងថា ក្នុងពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីពេលកន្លងមក កម្ពុជាត្រូវ​បានមជ្ឈដ្ឋាន​មួយចំនួនរិះគន់ថា កម្ពុជាមាននិន្នាការទៅរកប្រទេសចិន ក្នុងជម្លោះដែនកោះរវាងចិននិងវៀតណាម ហ្វីលីពីន និងតៃវ៉ាន់ ដូច្នេះកម្ពុជាគួរប្រុងប្រយ័ត្នចំពោះផលប្រយោជន៍ជាតិ។ លោកបណ្ឌិត ហ៊ាង រទ្ធី បញ្ជាក់ថា៖ «បើនិយាយពីលំអៀង វាលំអៀងទៅហើយដែលត្រូវបានគេមើលឃើញ(...) កម្ពុជានៅមានកំអែលពីកុម្មុយនិស្តចិន ហើយការអនុវត្តលិទ្ធិប្រជាធិបតេយ្យ តាំងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ក៏មិនទាន់បានពេញលេញដែរ»។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...