អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សន្តិសុខ​នៅ​កម្ពុជា

ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា ពុំទាន់មានភាពច្បាស់លាស់នៅឡើយ សហរដ្ឋអាមេរិកតាមរយៈ​ស្ថានទូត​របស់ខ្លួនប្រចាំនៅកម្ពុជា បានធ្វើការព្រមានប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងមានបំណងធ្វើដំណើរមកកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួក ជាពិសេសទាក់ទងនឹងករណីប្លន់ប្រដាប់អាវុធ លើជនជាតិ​អាមេរិក និងជនជាតិជប៉ុននាពេលថ្មីៗនេះ។ លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានពន្យល់ថា ករណីសន្តិសុខ ជារឿងធម្មតា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា ពុំទាន់មានភាពច្បាស់លាស់នៅឡើយ សហរដ្ឋអាមេរិកតាមរយៈ​ស្ថានទូត​របស់ខ្លួនប្រចាំនៅកម្ពុជា បានធ្វើការព្រមានប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងមានបំណងធ្វើដំណើរមកកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួក ជាពិសេសទាក់ទងនឹងករណីប្លន់ប្រដាប់អាវុធ លើជនជាតិ​អាមេរិក និងជនជាតិជប៉ុននាពេលថ្មីៗនេះ។ លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានពន្យល់ថា ករណីសន្តិសុខ ជារឿងធម្មតា។


ឯកអគ្គរដ្ឋទូតអាមេរិក (ខាងស្ដាំ) ប្រចាំនៅកម្ពុជា ក្នុងដំណើរអមមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត ទៅទស្សនាប្រាសាទអង្គរដ៏ល្បីរបស់កម្ពុជា កាលពីថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០១២កន្លងទៅ។ (រូបថត ស្ថានទូតអាមេរិក)

រាជធានីភ្នំពេញ - ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ បានជម្រុញ​ឲ្យ​ពលរដ្ឋរបស់ខ្លួន ឲ្យបន្តធ្វើការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ជុំវិញកន្លែងពួកគេរស់នៅ និងធ្វើដំណើរគ្រប់​ពេល​វេលា​ទាំង​អស់ ជាពិសេសនៅពេលយប់ ដែលសកម្មភាពបទឧក្រិដ្ឋមានការកើនឡើងខ្ពស់។ សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា ពលរដ្ឋ​សហរដ្ឋអាមេរិកគួរជៀងវាងការដើរ ឬការជិះនៅក្នុងម៉ូតូកង់បី និងការដាក់របស់មានតំលៃផ្សេងៗតាមខ្លួន នៅ​ពេល​យប់​តែ​ម្នាក់ឯង។

សេចក្តីថ្លែងការណ៍នេះ បានស្មើដល់ពលរដ្ឋសហរដ្ឋអាមេរិក គួរតែបោះបង់ទ្រព្យសម្បត្តិមានតំលៃរបស់ពួកគេ ដោយមិន​ត្រូវធ្វើការតតាំងណាមួយ ជាមួយជនល្មើសដែលប៉ុនប៉ងដណ្តើមយក បើមិនដូច្នោះទេ ពួកគេអាចនឹងរងអំពើហិង្សា​រហូត​ដល់ស្លាប់បាត់បង់ជីវិត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ មិនអាចសុំធ្វើការអត្ថាធិប្បាយបានទេ ចំពោះការចេញសេចក្តី​ថ្លែង​របស់​ស្ថានទូតអាមេរិក ទាក់ទងនឹងបញ្ហាសន្តិសុខសង្គមនេះ។

តែបើយោងលើលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានពន្យល់ថាករណីប្លន់ប្រដាប់អាវុធ កាប៉ុនប៉ងធ្វើ​មនុស្ស​ឃាត ករណីបទល្មើស និងអសន្តិសុខផ្សេងៗទៀត ដែលបានកើតឡើងនៅក្នុងសង្គម ជារឿងធម្មតា វាគ្នានអ្វីចំឡែកទេ នៅ​សង្គមណាក៏មានដែរ ហើយសូម្បីតែសហរដ្ឋអាមេរិក ក៏មានករណីទាំងនេះកើតឡើងផងដែរ តែសម្រាប់​កម្ពុជាគ្មានអ្វី​ធ្ងន់​ធ្ងរនោះទេ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ លោក ខេង ទីតូ បញ្ជាក់ថា៖«ពួកអាមេរិកព្រមានគ្រប់តែប្រទេសហ្នឹង ឲ្យតែប្រទេសណាអន់ៗក្រៗ ឲ្យតែគាត់មិនសប្បាយចិត្តគាត់ព្រមាន។ ហើយពេលខ្លះករណីគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះ​ថ្នាក់អ្វីមួយដែលពលរដ្ឋអាមេរិកគ្រោះថ្នាក់ដោយខ្លួនឯង ក៏គាត់ព្រមានដែរ។»

មន្រ្តីអ្នកនាំពាក្យរូបនេះអះអាងថា សមត្ថកិច្ចមិនចង់ឲ្យមានករណីទាំងនេះកើតឡើងនោះទេ តែដោយសារការខ្វះចន្លោះ​របស់សមត្ថកិច្ច ខណៈជនល្មើសឆ្លៀតឱកាស ករណីទាំងនោះក៏បានកើតឡើង តែយ៉ាងណាសមត្ថកិច្ចតែងតែ​បានស៊ើប​អង្កេត ស្វែងរកចាប់ខ្លួនបានជាបន្តបន្ទាប់។

ការចេញសេចក្តីថ្លែងការណ៍ព្រមាន របស់ស្ថានទូតអាមេរិកទាក់ទង នឹងសន្តិសុខសង្គមរបស់កម្ពុជានៅពេលនេះ បានធ្វើ​ឡើង​បន្ទាប់ពីពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ គេសង្កេតឃើញថាមានករណីប្លន់ប្រដាប់អាវុធ និងការបាញ់សម្លាប់ទៅលើ​ប្រជាពរដ្ឋស្លូតត្រង់ច្រើនករណី ដែលបង្ករឲ្យមានការព្រួយបារម្ភអំពីសន្តិសង្គម ហើយក្នុងចំណោមករណីទាំងនោះ រហូត​មកដល់ពេលនេះមានករណីមួយចំនួន សមត្ថកិច្ចនៅតែមិនទាន់អាចស៊ើបអង្កេត និងចាប់បញ្ជូនខ្លួនជនសង្ស័យ​ទៅ​កាន់​តុលាការនៅឡើយ។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានពន្យល់ថា ស្របពេល​​ស្ថានភាព​នយោបាយកំពុងជាប់គាំង និងមានភាពតានតឹង ក្រោយការបង្កើតរដ្ឋាភិបាលថ្មី វាជាការផ្តល់ឱកាស ដល់ក្រុមជនលើ្មស​ងាយស្រួល ក្នុងការប្រព្រឹត្តបទល្មើស។ តែមន្រ្តីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សរូបនេះ អះអាងថាប្រសិន​បើ​សមត្ថកិច្ច​មានឆន្ទះបង្ការ និងបង្រ្កាបបទល្មើសពិតប្រាកដ វាមិនជាការលំបាកនោះទេ ព្រោះនាពេលកន្លងមក ពេលប្រជាពលរដ្ឋ​ធ្វើ​បាតុកម្មម្តងៗ សមត្ថកិច្ចបានដាក់«បន្លារលួស»បិទផ្លូវ និងពង្រាយកងកម្លាំងច្រើនជាងប្រជាពលរដ្ឋទៅទៀត ខណៈជន​ល្មើសមានចំនួនតិចតួចបំផុត៕

-------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...