អាត់ ធន់៖ ក្រសួងការងារបានរៀបចំជាមុន ពីការតម្លើងប្រាក់ខែកម្មករ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានសហភាពការងារកម្ពុជា (ស៊ីខាវឌូ) បានច្រានចោលសេចក្តីសម្រេច របស់ក្រសួងការងារ ដែលបានធ្វើការពិភាក្សានាព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា គ្រាន់តែជានីតិវិធីតែប៉ុណ្ណោះ ព្រោះថាក្រសួងមួយនេះមានគោលជំហរ និងបានធ្វើការសម្រេចរួចមុនការពិភាក្សាគ្នានេះទៅហើយ ក្នុងតម្លើងប្រាក់ខែសម្រាប់កម្មករ សម្រាប់ប្រាក់បៀរវត្សកម្មករអាណត្តិទីប្រាំនេះ។
លោក អាត់ ធន់ (ខាងឆ្វេង) ក្នុងអង្គប្រជុំសម្រេចការតម្លើងប្រាក់បៀវត្សកម្មករ នៅក្រសួងការងារថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
ការងារ - លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (ស៊ីខាវឌូ) បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែធ្នូ នាទីស្តីការក្រសួងការងារនេះថា មិនមែនជាកិច្ចប្រជុំពិភាក្សា ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ប្រាក់ខែកម្មករនោះទេ តែជាការសម្រេចឈរលើគោលជំហររបស់ក្រសួង និងតំណាងនិយោជកប៉ុណ្ណោះ។
មន្រ្តីសហជីពរូបនេះបានពន្យល់យ៉ាងដូច្នេះថា ក្នុងកិច្ចប្រជុំនេះភាគីខាងក្រសួងដែលមានគ្នារហូតដល់១១នាក់នោះ រួមទាំងរដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង ផងនោះ ហាក់បីដូចជាមានទំនោរទៅខាងនិយោជក (ក្រុមហ៊ុន) ព្រោះម្នាក់ៗបានលើកឡើង ផ្តោតសំខាន់ទៅលើប្រយោជន៍និយោជក ខ្លាចតែនិយោជកទាំងនោះដកហ៊ុនចេញពីកម្ពុជា ហើយជំរុញឲ្យភាគីតំណាងកម្មករត្រូវចេះថ្លឹងថ្លែង គិតពិចារណា មុននឹងសម្រេចចិត្តទាមទារប្រាក់ខែដែលពួកគេគិតថាមិនអាចទៅរួច។
១១សម្លេងពីខាងក្រសួង !
លោកបានបន្តថា ក្នុងនោះក៏មានតំណាងនិយោជក (ក្រុមហ៊ុន) ចំនួនប្រាំពីរនាក់ទៀត ដែលអាចនាំឲ្យមានសម្លេងរហូតដល់១៨សម្លេង។ ដោយឡែកសហជីពតំណាងឲ្យកម្មករ មានតែប្រាំពីរសហជីព ក្នុងនោះមានសហជីពចំនួនប្រាំ ដែលបានគាំទ្រលើការសម្រេចនេះ។ លោកបន្ថែមថា មានតែសហជីពពីរប៉ុណ្ណោះដែលមិនគាំទ្រ គឺសហភាពការងារកម្ពុជា (ស៊ីខាវឌូ) ដែលដឹកនាំដោយរូបលោក និងសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា ដែលដែកនាំដោយ អ្នកស្រី ម៉ម ញឹម។
សហភាពការងារកម្ពុជា (ស៊ីខាវឌូ) បន្តរថា សរុបទៅសម្លេងដែលគាំទ្រឲ្យកម្មករទទួលបានប្រាក់បន្ថែមចំនួនតែ១៥ ដុល្លានោះ មានច្រើនលើសលុបរហូតដល់២៣លើ២៥សម្លេង។ លោកបានបន្តរថា ការសម្រេចខាងលើនេះ ជាការរៀចំទុកជាមុនរបស់ក្រសួង ដោយលោកបានសម្តែងនូវការភ្ញាក់ផ្អើលថា «ការស្រាវជ្រាវមានរយៈពេលវែង។ តាមការស្រាវជ្រាវនោះ ឃើញថាការចំណាយរបស់កម្មករជាប្រចាំខែ មានចំនួន១៥៧ដុល្លា ទៅ១៦៧ដុល្លា។ ហើយពួកគាត់ (កម្មករនិយោជិក) មានប្រាក់ខែអប្បរមានតែ៨០ដុល្លាទេ។ ដល់ពេលសម្រេចបន្ថែមប្រាក់ខែនោះ បែរជាដាក់ចេញនូវចំនួន១៥ដុល្លា ១៥ដុល្លា ១៦ដុល្លា ១៧ដុល្លា ១៧ដុល្លា នេះមិនមានការជជែកគ្នានោះទេ ដាក់ហើយលើកដៃសម្រេចតែម្តង។ ខ្ញុំគិតថា នេះជាការរៀបចំទុកជាមុន ក្នុងការសម្រេចនេះតែម្តង។»
សម្រាប់តំណាងនិយោជក (ក្រុមហ៊ុន) លោក ណាង សុធី បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានយ៉ាងខ្លីថា «យើងមករកស៊ីនៅក្នុងប្រទេសនេះ ដោយឈរលើគោលការណ៍ច្បាប់ដែលមាន ទើបរឹងមាំ។ ដូច្នេះ ធ្វើយ៉ាងណាត្រូវគោរពតាមច្បាប់។»
ដោយឡែក លោក សោម អូន បានពន្យល់ចំពោះការលើកដៃគាំទ្រនៃការសម្រេចនេះថា «តាមស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ដូច្នេះការជំរុញឲ្យបាន១៥ដុល្លា រហូតដល់១៦០ដុល្លា។ លក្ខណៈពិសេសមួយទៀត ចំនួនដែលឡើងនេះ បូកបន្ថែមជាមួយប្រាក់ដែលមានស្រាប់។ (…) ដើម្បីឲ្យមានឧស្សាហកម្មធុនធ្ងន់ ដែលមានទុនច្រើនចូលមក។ ព្រោះអាចផ្តល់ឲ្យប្រាក់ខែដល់កម្មករច្រើនជាងនេះ។ (…) គោលការណ៍លិទ្ធិប្រជាធិបតេយ្យ គោរពតាមមតិភាកច្រើន។»
«ទទួលយកអានេះសិនទៅ...»
ជាចុងក្រោយនៃកិច្ចប្រជុំពិភាក្សានេះលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ទំនងជាដឹងនូវតម្រុយខ្លះៗ ដែលអាចមានបាតុកម្មប្រឆាំង ដោយការមិនលើកដៃគាំទ្ររបសើលោក អាត់ ធន់។ ដូចនេះហើយ ទើបលោកបានធ្វើការព្រមានថា «សូមអំពាវនាវកុំឲ្យយកបញ្ហានេះ បង្កឲ្យមានភាពស្មុកស្មាញដល់ប្រទេសជាតិ និងរំខានដល់កម្មករកម្មការនីរបស់យើង។ ទទួលយកអានេះសិនទៅ អ្វីដែលធ្វើបាននេះ ជាការបានកម្រៃទៅមុខហើយ។ បើយើងទារឲ្យបានដូចចិត្តយើងតែម្តង ជារឿងមួយពិបាកណាស់។ (…) អ្នកណាក៍ចង់ឲ្យច្រើនដែរ យើងធ្វើតាមលទ្ធភាព មួយជំហានម្តងៗ។ (…) ការធ្វើបាតុកម្ម កូដកម្ម ទូទាំងប្រទេស វាគ្មានប្រយោជន៍អ្វីសម្រាប់កម្មករនិយោជិក សម្រាប់ផលិតកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិយើង និងសម្រាប់ជីវភាពរបស់កម្មករកម្មការនីយើងទេ៕»
----------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ