បវរកញ្ញាជាតិហ្គាណា ក្លាយជាបវរកញ្ញាប្រចាំទ្វីបអាហ្វ្រិកដំបូងគេ
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 05, 2016
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្មវិធីប្រឡងបវរកញ្ញា ប្រចាំទ្វីបអាហ្វ្រិកនេះ ត្រូវបានរៀបចំធ្វើ ជាលើកដំបូងបង្អស់ ដោយផលិតកម្ម «Neo Mashishi» នៅប្រទេសអាហ្វ្រិកខាងត្បូង និងបានប្រមូលបវរកញ្ញានៅក្នុងទ្វីបនេះ ជាច្រើនសិបនាក់ ឲ្យចូលមកប្រកួត។ អ្នករៀបចំកម្មវិធី ថែមទាំងបានសង្ឃឹមដែរថា ការប្រកួតជ្រើសរើសរាជនីសម្ផស្សប្រចាំទ្វីបមួយនេះ នឹងទទួលបានការគាំទ្រ ពីសំណាក់សហភាពអាហ្វ្រិក (UA) ដើម្បីអនុញ្ញាតឲ្យបវរកញ្ញា ដែលបានឈ្នះពីក្នុងការប្រកួត អាចដើរតួនាទីតំណាងឲ្យទ្វីបអាហ្វ្រិក និងជាអង្គទូតសម្រាប់យុទ្ធនាការនានា ប្រឆាំងនឹងជំងឺឆ្លង ភាពក្រីក្រ និងការរើសអ៊ើងជាដើម។
កាលពីថ្ងសៅរ៍ ចុងសប្ដាហ៍មុន នៅក្នុងសាលប្រគុំតន្ត្រីដ៏ធំ នៃមហាគ្រឹះលេងល្បែង «Gold Reef City» នៃរដ្ឋធានី ចនណេស្បួរ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង កំពូលស្រីស្អាតចុងក្រោយ ចំនួន១២នាក់ ពីក្នុងចំណោម៤០នាក់ ដែលមកពីប្រទេសនានា នៅក្នុងទ្វីបអាហ្វ្រិក បានឡើងមកដើរបង្ហាញរូប នៅលើឆាកដើម្បីដណ្ដើមយកជ័យលាភីចុងក្រោយ។ នៅក្នុងវគ្គខ្លះ នៃការបង្ហាញខ្លួន នៅលើឆាកនេះ បេក្ខនារីទាំងនេះ បានដើរចូលមក និងរាំដោយស្លៀកពាក់ខោអាវប្រពៃណីប្រចាំប្រទេស របស់ពួកនាង និងដោយជើងទទេ។ រីឯវគ្គស្លៀកពាក់ឈុតខ្លីវិញ ពួកនាងមិនសូវជាបញ្ចេញសាច់ខ្លាំង ដូចការប្រឡងបវរកញ្ញាជាច្រើន នៅអ៊ឺរ៉ុប អាមេរិក ឬនៅអាស៊ីឡើយ។
នៅទីបំផុត គឺបេក្ខនារីអាយុ២៤ឆ្នាំ ជំនួយការពេទ្យធ្មេញ មកពីប្រទេសហ្គាណា កញ្ញា រ៉ឺប៊េកា អាសាម៉ាវ (Rebecca Asamoah) ជាអ្នកឈ្នះជ័យលាភី ជាបវរកញ្ញាប្រចាំទ្វីបអាហ្វ្រិកលើកដំបូងនេះ។ បន្ទាប់មក កញ្ញា មីឆើឡូ មីឡាប៊ូ (Michelo Malambo) មកពីប្រទេស ហ្សំប៊ី បានឈ្នះចំណាត់ថ្នាក់លេខពីរ ខណៈនាង ជេមីម៉ា កានឌីមីរី (Jemimah Kandimiri) មកពីប្រទេសម្ចាស់រៀបចំកម្មវិធី (អាហ្វ្រិកខាងត្បូង) បានជាប់លេខបី។
លោក ណេអូ ម៉ាស៊ីស៊ី (Neo Mashish) ម្ចាស់ផលិតកម្ម ដែលបានរៀបគម្រោងប្រឡងបវរកញ្ញាទ្វីបអាហ្វ្រិកនេះ តាំងពី៥ឆ្នាំមកនោះ បានឡើងមកបំពាក់ម្កុដ ឲ្យបវរកញ្ញា រ៉ឺប៊េកា អាសាម៉ាវ។ លោកបានថ្លែងឲ្យដឹងថា៖ «នេះជាលើកទីមួយហើយ ដែលយើងបានជ្រើសរើសឲ្យមានឡើង នូវបវរកញ្ញាប្រចាំទ្វីបអាហ្វ្រិក។ នេះ គឺទ្វីបអាហ្វ្រិក។ យើងកំពុងបង្ហាញទ្វីបអាហ្វ្រិក ទៅកាន់ពិភពលោក និងមានមោទនភាពណាស់ ដែលបានកើតមក នៅលើទ្វីបមួយនេះ។ (...) កម្មវិធីរបស់ការប្រឡង បានធ្វើឡើងតាមបែបអាហ្វ្រិក ព្រោះយើងមិនបានចម្លងតាម ការប្រឡងបវរកញ្ញាចក្រវាឡ ឬបវរកញ្ញាពិភពលោកនោះឡើយ។»៕