ខួប​ថ្ងៃ​៣០​មីនា៖ «កម្ពុជា​ឃើញ​តែ​កាប់​សម្លាប់ និង​គ្មាន​យុត្តិធម៌»

បើទោះជាហេតុការណ៍ បានកើតឡើង១៨ឆ្នាំទៅហើយ តែសម្រាប់ជនរងគ្រោះវិញ បើដរាបណា ពួកគេនៅមិនទាន់ ទទួលបាននូវពន្លឺយុត្តិធម៌លឺទេ ដរាបនោះសម្រាប់ពួកគេ ហេតុការណ៍វាដូចហាក់ដូច ជានៅថ្មីៗនៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៣០ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 30, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះ ដោយសារការបោកគ្រាប់បែក កាលពីឆ្នាំ១៩៩៧ នៅមុខអតីតរដ្ឋសភា បានបង្ហាញថា ភាពអយុត្តិធម៌ នៅ​តាមព្យាបាទជាប់រហូត ក្នុងអារម្មណ៍របស់លោក ក្នុងរយៈកាលជាង១៨ឆ្នាំ កន្លងមក។ ក្តីយុត្តិធម៌ នៅនៅតែជាស្រមោល អន្ទោលតាមប្រាណ តែភាពយុត្តិធម៌ជាក់ស្តែងសម្រាប់រូបលោក ក៏ដូចជាជនរងគ្រោះផ្សេងទៀត នៅតែជា​អាថ៌កំបាំង​នៅ​ឡើយ។

យ៉ាងណាក៏ដោយ លោក សំ ជឿន ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ ដែលនៅរស់រានមានជីវិត ក្រោយការបោកគ្រាប់បែក នាឆ្នាំ១៩៩៧នោះ នៅតែមានក្តីសង្ឃឹមថា ពេលវេលានៃ«យុត្តិធម៌» មិនត្រូវបានបិទ ឬ​បញ្ចប់​ដោយងាយឡើយ។ ក្នុងការលាក់មុខលាក់មាត់ អស់រយៈពេល១៨ឆ្នាំកន្លងមក នេះជាលើកទីមួយហើយ ដែលលោក​បាន​ចូលរូម ថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិធីបុណ្យបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយព្រឹត្តិការណ៍​គប់គ្រាប់​បែក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅមុខអតីតរដ្ឋសភា ។

បុរសរូបនេះបន្តថា បើទោះបីក្នុងពេលបច្ចុប្បន្ននេះ ជនរងគ្រោះទាំងអស់ នៅតែមិនទាន់មានសង្ឃឹម ចំពោះតុលាការ​ក៏ដោយ តែក្នុងពេលឆាប់ៗខាងមុខនេះ តុលាការនឹងផ្លាស់ប្តូរខ្លួនឯង ឲ្យទៅជាតុលាការមួយ ដែលជាក្តីរំពឹង និងជាទី​ពំនាក់អាស្រ័យ ខាងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ទូទៅ។ ប៉ុន្តែផ្ទុយមកវិញ បើដរាបណា របបមួយដែល​គ្រប់​គ្រង​ប្រទេស ដោយដាក់តុលាការ ជាស្ថាប័ន«មិន»ឯករាជ្យនោះ ដរាបនោះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅតែរង​នូវ​ភាព​អយុត្តិធម៌ អយុត្តិធម៌នៅតែមាន និងមានកាន់តែច្រើន រីឯស្ថេរភាពសង្គម ក៏មិនសូវល្អដែរ។

អតីតអ្នក«រួចពីស្លាប់» សំ ជឿន បានថ្លែងទៀតថា លោកបានបានលាក់មុខជាច្រើនឆ្នាំ នៅព្រែកព្នៅ និងបានបន្តថា ក្រោយ​ពីបានសម្រាក និងព្យាបាលក្នុងកំឡុងពេលនេះ លោកបានធូរស្រាលច្រើន តែមិនអាចជាមានកម្លាំងកំហែង ដូច​មុនឡើល។ បុរសអាយុ៥៤ឆ្នាំរូបនេះ ដែលបច្ចុប្បន្ន រស់នៅក្នុងសង្កាត់ទួលសង្កែ បានរំលឹកឡើងវិញ ពីពេលដែលលោក បានរងគ្រោះព្រោះអំបែងគ្រាប់បែក នាពេលនោះថា វាជាលើកទីមួយ របស់លោក ក្នុងការចូលរួមតវ៉ា បញ្ចេញមតិ។

ប៉ុន្តែហេតុការណ៍បោកគ្រាប់បែក បានរំខានសិទ្ធិសេរីភាព ក្នុងនាមលោកជាពលរដ្ឋម្នាក់ ហើយថែមទាំងបង្ករបួស នៅ​លើ​ខ្លួនលោក ចំនួនប្រាំបីកន្លែងទៀត៖ ត្រូវត្រង់បោះដៃផុតមួយ ភ្លៅមួយ កំភួនជើងពីរ បីកន្លែង។ លោកបានថ្លែង​បញ្ជាក់​ថា៖ «អ្នកណាធ្វើ អ្នកនោះជាអ្នកទទួលខុសត្រូវ។ (...) ពិសេស (ក្រសួង) មហាផ្ទៃដែលមានតួនាទី និងភារកិច្ច ក្នុងការ​តាម​ដានត្រួតពិនិត្យ លើការងារអស់នេះ ក្នុងការវែកមុខជនល្មើស។»

ការអាក់ខាន ក្នុងការស្វែងរកយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ជាជនរងគ្រោះនៅពេលនោះ ជាកំហុសរបស់អាជ្ញាធរ ដែល​មានសមត្ថកិច្ច ពិសេសក្រសួងមហាផ្ទៃ។ លោកបានអះអាងបន្តថា នេះមិនមែនតែជាយុត្តិធម៌ សម្រាប់លោកម្នាក់ទេ តែ​ជា​យុត្តិធម៌សម្រាប់ទាំងអស់គ្នា ក៏ដូចជាយុត្តិធម៌ សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ លោកបានថ្លែងឡើងថា៖ «យុត្តិធម៌​សម្រាប់សង្គមជាតិយើង ជៀសវាងថ្ងៃក្រោយទៅ កុំឲ្យមានឈ្មោះថា ឃើញតែពីការកាប់សម្លាប់ ហើយ​គ្មាន​យុត្តិធម៌ ឲ្យរាស្រ្ត។ អ្នកដឹកនាំ គួតែមានការអៀនខ្មាស។»

សម្រាប់រូបលោកផ្ទាល់ លោក សំ ជឿន មិនមានក្ដីសង្ឃឹម លើចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការស្វែងរក នូវ​យុត្តិធម៌​មួយនេះ សម្រាប់ពួកលោកឡើយ។ តែលោកបានដាក់ក្ដីសង្ឃឹមនេះ ទៅរដ្ឋាភិបាលអណត្តិថ្មី ដែលត្រូវតែខំស្វែងរក​យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ។ លោកបានថ្លែងទៀតថា៖ «អ្នកណារងគ្រោះក៏ដោយ នៅតែជាប្រជារាស្រ្តយើង។ ទោះបី​អ្នក​នោះ មិន​ពេញ​ចិត្ត ក៏នៅតែជាប្រជារាស្រ្តយើង សាច់អ្នកណា ក៏យើងឈាមដូចគ្នា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...