ប៉ា សុជាតិវង្ស ព្រមាន​បង្រ្កាប​បក្ស​នយោបាយ ដែល​មិន​គោរព​បញ្ជា

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានធ្វើការព្រមានជាចំហ ថានឹងមិនស្ទាក់ស្ទើរ​ក្នុង​ការចាត់វិធានការបង្រ្កាប ប្រសិនបើគណបក្សនយោបាយណាមួយ មិនគោរពតាមការណែនំារបស់អាជ្ញាធរ ក៏ដូចជា​ក្រសួងមហាផ្ទៃ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ដែលគ្រោងនឹងប្រព្រឹត្តទៅ អំឡុងពេលខែឧសភា ខាងមុខនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 29, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិ - ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៤ នេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងបរិវេណមុខវត្តបុទុមវតី គឺ«មិនត្រូវបាន»អនុញ្ញាត ឲ្យមានការប្រមូលផ្តុំជួបជុំ និង ហែក្បួនអ្វីទាំងអស់។

លោក ប៉ា សុជាតិវង្ស បានព្រមានថា រហូតមកដល់ពេលនេះ ដោយមានការឯកភាពពីក្រសួងមហាផ្ទៃផងនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលពាក់ព័ន្ធ បានត្រៀមចាត់វិធានការក្តៅរួចរាល់អស់ហើយ ដើម្បីបង្រ្កាប និង​បោសសំអាត ចំពោះសកម្មភាពគណបក្សនយោបាយណាមួយ ដែលមិនគោរព តាមការណែនំា របស់អាជ្ញាធរ​ក៏ដូចជាក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ គណបក្សសង្រ្គោះជាតិ បានដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញ ដោយ​សុំយកទីលានប្រជាធិបតេយ្យ ឬសួនការ៉ូឡាខាងត្បូងវត្តបុទុមវត្តី ដើម្បីជួបជុំធ្វើការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដូចដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីបោះឆ្នោត។ តែសាលា​រាជធានីភ្នំពេញ មិនបានឆ្លើយតបជាផ្លូវការ ចំពោះលិខិតរបស់គណបក្សសង្រ្គោះជាតិនោះទេ រហូតមកទល់នឹង​ការ​បញ្ជាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤​នេះ។

គណបក្សសង្គ្រោះជាតិ នឹងនៅតែរៀបចំការជួបជុំនៅទីលានប្រជាធិបតេយ្យ

បើទោះជាលោក ប៉ា សុជាតិវង្ស បានព្រមានយ៉ាងដូច្នេះហើយក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សខ្លួននឹងធ្វើការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នេះ គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «ក្រោមការដឹកនាំដោយលោកប្រធានសម រង្ស៊ី និងលោកអនុប្រធាន​កឹម សុខា គណបក្សសង្រ្គោះជាតិ នឹងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។»

គួរកត់សម្គាល់ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ។ ហើយដំណើរការ នៃការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា កើតឡើងក្នុងពេលដែលវិបត្តិ​នយោបាយ ដែលកើតចេញពីភាពមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ តាំង​ពីក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បន្តជាប់​គាំង​នៅ​ឡើយ រហូតមកទល់ពេលនេះ៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...