អ្នក​បឹង​កក់​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្លឿន សំណុំ​រឿង​អ្នកស្រី យ៉ោម បុប្ផា

អ្នកបឹងកក់ប្រមាណជិតមួយរយនាក់ បានជួបជុំគ្នានៅមុខតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែតុលា ដើម្បីស្នើដល់ស្ថាប័ន​កំពូល ដែលមានសមត្ថកិច្ចកំពូល ក្នុងការផ្តល់នូវ«យុត្តិធម៌»ជូនពលរដ្ឋនោះ ឲ្យជួយពន្លឿនក្នុងការរកយុត្តិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា។ ប្រជាពលរដ្ឋដែលបានស្រែកទាមទានេះ បានចាត់ទុកចំពោះការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌ ដែល​កើតចេញពីអំពើពុករលួយនៃស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុន រហូតមានការចាប់ខ្លួនដោយអយុត្តិធម៌ ព្រោះតែការតស៊ូ​ទាមទារនូវសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: October 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកបឹងកក់ប្រមាណជិតមួយរយនាក់ បានជួបជុំគ្នានៅមុខតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែតុលា ដើម្បីស្នើដល់ស្ថាប័ន​កំពូល ដែលមានសមត្ថកិច្ចកំពូល ក្នុងការផ្តល់នូវ«យុត្តិធម៌»ជូនពលរដ្ឋនោះ ឲ្យជួយពន្លឿនក្នុងការរកយុត្តិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា។ ប្រជាពលរដ្ឋដែលបានស្រែកទាមទានេះ បានចាត់ទុកចំពោះការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌ ដែល​កើតចេញពីអំពើពុករលួយនៃស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុន រហូតមានការចាប់ខ្លួនដោយអយុត្តិធម៌ ព្រោះតែការតស៊ូ​ទាមទារនូវសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។


ក្រុមអ្នកគាំទ្រអ្នកស្រីយ៉ោម បុប្ផា នៅមុខតុលាការកំពូល ថ្ងៃទី២២ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ជីវិតត្រូវតែធ្វើការតស៊ូ យើងខំប្រឹងធ្វើការរាល់ថ្ងៃ នាយទុនកេងប្រវ័ញ្ចបំបិទសិទ្ធិសេរី ពួក​យើងប្រុស​ស្រីឈឺចាប់!។ (…) ជ័យជំនះមិនដែលបានដោយងាយឡើយ បងប្អូនអឺយតស៊ូ នៅទីណាមានការជិះជាន់ ពួកយើងត្រូវ​ក្រោកឡើង តស៊ូគ្រប់ពេលវេលា។» នេះជាចម្រៀងមួយបទ ដែលអ្នកបឹងកក់តែងតែយកមកច្រៀងសម្រាប់ការលួងចិត្ត នៅពេលជួបជុំធ្វើបាតុកម្មម្តងៗ។ នៅលើកនេះ ដែលមិនសូវជាខុសពីលើកមុនៗនោះ សហគមន៍ជនរងគ្រោះនឹងបញ្ហាដីធ្លី​ក្នុងរាជធានី បានប្រមូលគ្នាមកស្រែកទាមទារ ឲ្យស្ថាប័នតុលាការកំពូលផ្តល់នូវភាពស្អាត ស្អំដល់សកម្មជនម្នាក់ ដូចពួក​គេ​រាល់គ្នាដែរ តែត្រូវតុលាការសាលាដំបូងចាប់ឃុំពីបទប្រើអំពើហឹង្សានោះ គឺអ្នកស្រីយ៉ោម បុប្ផា។

អ្នកស្រី ទេព វណ្ណី ដែលមានវត្តមាននៅក្នុងការទាមទារដែរ បាននិយាយថា ក្រុមអ្នកស្រីនៅសល់តែទៅលើស្ថាប័ន​នេះ​តែ​មួយគត់ សម្រាប់ការស្វែងរកភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋក្រីក្រ  ជាពិសេសធ្វើការដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យ​រួច​ផុតពីការចោទប្រកាន់ក្នុងពេលកន្លងមក។ អ្នកស្រីនិយាយថា «យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ សូមផ្តល់យុត្តិធម៌សម្រាប់​ពួកយើងទាំងអស់គ្នាផង»។

អ្នកស្រីបានចាត់ទុកថា ការនៅតែបន្តរឃុំខ្លួន អ្នកស្រី យ៉ោម បុប្ផា នោះនៅកម្ពុជាមានលិទ្ធិប្រជាធិបតេយ្យ តែមិនមាន​ភាព​ឯករាជ្យផ្នែកប្រព័ន្ធយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីជឿជាក់យ៉ាងមុតមាំថា តុលាការកំពូលគឺជាសេចក្តីសង្ឃឹមចុងក្រោយ ដែលផ្តល់នូវភាពយុត្តិធម៌ និងធ្វើការដោះលែងអ្នកស្រី យោម បុប្ផា ចេញពី​ពន្ធនាគារ។ ជាមួយគ្នានេះអ្នកស្រីបានរម្លឹកថា ប្រជាពលរដ្ឋទាំងអស់ ទាំងប្រជាពលរដ្ឋដែលបានបណ្តេញចេញដោយបង្ខំ មិនដែលប្រឆាំងនឹងការអភិវៃឌ្ឍន៍របស់រដ្ឋភិបាលនោះទេ តែធ្វើយ៉ាងណាត្រូវមាន«យុត្តិធម៌» និងតម្លាភាព។

សកម្មជនទាមទារសិទ្ធិដីធ្លី មិនចេះនឿយហត់រូបនេះ បានបង្ហាញពីក្តីសង្ឃឹមរបស់អ្នកស្រីផ្ទាល់ ក៏ដូចជាប្រជា​ពលរដ្ឋ​ទូទៅ ថាអ្នកស្រីយ៉ោម បុប្ផា នឹងត្រូវបានតុលាការកំពូលសម្រេចដោយផ្តល់នូវយុត្តិធម៌ ព្រោះតែគាត់មិនបានប្រព្រឹត្តអ្វីខុស ដូច​ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធណ៍នោះទេ។ «យើងសូមផ្តល់ឲ្យមាននូវយុត្តិធម៌​សម្រាប់​គាត់ ទៅតាមនីតិវិធីច្បាប់ ស្វែងរកការពិត។ (…) អ្វីដែលជឿជាក់ទោះ ចៅក្រមណាក៏ដោយ ព្រោះមិនមានការជឿជាក់លើ​តុលាការទេ តែជឿជាក់លើទង្វើរបស់អ្នកស្រី យ៉ោម បុប្ផា ដែលមិនបានប្រព្រឹត្តខុសនោះ។»

ក្នុងឱកាសនោះដែរ អ្នកស្រីទេព វណ្ណី បានបញ្ជាក់នៅព្រឹកថ្ងៃដដែលថា​ តុលាការកំពូលបានឲ្យតំណាងប្រាំនាក់ ចូល​ជួប​ក្រឡាបញ្ជីឈ្មោះ ឈាង វណ្ណថា ដែលកាន់សំណុំរឿងនេះ។

លោក ហម ស៊ុនរិទ្ធិ មេធាវីលោកស្រី យ៉ោម បុប្ផា និងលោក ឈាង វណ្ណថា ក្រឡាបញ្ជីនៃតុលាការកំពូល មិនអាចទាក់ទង​បានទេ។ តែលោក ចាន់ ពុទ្ធស័ក្ត តំណាងអ្នកបឹងកក់ដែលបានចូលរួមនោះ បានប្រាប់ថា លោក ឈាង វណ្ណថា ដែលជា​ក្រឡាបញ្ជីនោះ បញ្ជាក់ថា សំណុំរឿងនេះបានទៅដល់ដៃចៅក្រមរួចរាល់អស់ហើយ រង់ចាំតែចេញដីការកោះហៅនោះទេ។ គេនឹងព្យាយាមពន្លឿនរឿងនេះឲ្យបានឆាប់បំផុត។ លោកបន្តរថា តាមការអះអាងរបស់លោក វណ្ណថា សំណុំរឿងនេះនឹង​ចាប់ផ្តើមដំណើការនៅបំណាច់ខែនេះ (តុលា) គឺដើមខែក្រោយ តុលាការកំពូលនឹងធ្វើការជូនដំណឹងឲ្យបានមុនកន្លះខែ មុន​នឹងធ្វើការបើកសវនាការនោះ។

សូមរម្លឹកឡើងវិញថាកាលពីពេលថ្មីៗកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងថាករណីស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជារឿងក្តីព្រហ្មទណ្ឌ នៅតុលាការ តែបែរជាត្រូវបានគេបង្វែរជាសំណុំរឿងដីធ្លី ហើយទម្លាក់កំហុស លើ​រដ្ឋាភិបាលរបស់លោកទៅវិញ។

ជាមួយគ្នានេះកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ តុលាការកំពូលមួយនេះ ដែលមានលោក ចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចតំកល់សាលក្រម របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ និងសាលដីការ​បស់តុលាការសាលាឧទ្ធរណ៍ ទុកជាបានការដដែល ដោយបដិសេធការសុំនៅក្រៅឃុំ របស់សកម្មជនតវ៉ាដីធ្លីនៅបឹងកក់​អ្នកស្រី យ៉ោម បុប្ផា និងបិទផ្លូវតវ៉ា។

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់​ពន្ធនាគារ ៣ ឆ្នាំ និងតម្រូវឲ្យបង់លុយជំងឺចិត្ត ទៅបុរសអ្នករត់ម៉ូតូឌុបពីរនាក់ សរុប ៦០ លានរៀល។ អ្នកស្រីក៏ត្រូវបាន​ចាប់ខ្លួន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពីបទចូលរួមប្រើអំពើហិង្សាដោយចេតនា តាមរយៈការវាយលើបុរស​អ្នករត់ម៉ូតូឌុប​ពីរនាក់ឲ្យរងរបួស។ មកទល់នឹងថ្ងៃនេះ លោកស្រីយ៉ោម បុប្ផា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៤១៣ ថ្ងៃ​ហើយ។ នេះបើតាមប្រតិទិននែការឃុំខ្លួនរបស់អ្នកស្រី យ៉ោម បុប្ផា ដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...