កម្ពុជា៖ ឆ្លងជម្ងឺគ្រុនឈាម ៣០៥១ករណី ស្លាប់១៨នាក់ ក្នុងរយៈពេល៥ខែ
យ៉ាងហោចណាស់មានកុមារចំនួន១៨នាក់ បានស្លាប់នឹងជម្ងឺគ្រុនឈាម នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៣នេះ ហើយបានបង្ហាញពីការថយចុះ នូវអាត្រាគ្រោះថ្នាក់ប្រចាំឆ្នាំ ប្រមាណជា៣៦%។ នេះបើតាមការផ្សាយអោយដឹង នៃការសិក្សាស្រាវជ្រាវមួយ កាលពីថ្ងៃសៅរ៍ទី០៨ខែមិថុនានេះ។
មូសខ្លា ភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម ដ៏ប្រល័យ។
នៅក្នុងរយៈពេលដូចគ្នា នៃឆ្នាំ២០១២កន្លងមក កុមារដែលបានរងគ្រោះដល់អាយុជីវិតដោយសារជម្ងឺនេះ មានរហូតដល់ទៅ២៨ករណី។
ការសិក្សាស្រាវជ្រាវមួយនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រ បានរកឃើញថា នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៣នេះ ជម្ងឺគ្រុនឈាមបានចម្លងទៅដល់កុមារចំនួន ៣០៥១នាក់ ជាចំនួនដែលបានថយចុះដូចគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ដែលមានតួលេខរហូតដល់៦០៧៧ករណី។
លោកវេជ្ជបណ្ឌិត ច ម៉េងជួរ នាយកមជ្ឈមណ្ឌល បានថ្លែងឲ្យដឹងថា «ក្នុងចំនួនសរុបខាងលើ សម្រាប់ឆ្នាំនេះ ៧១%នៃអ្នកជម្ងឺ សុទ្ធសឹងជាកុមារអាយុប្រមាណពី៥ទៅ១៤ឆ្នាំ»។
«ខ្ញុំសូមជម្រុញលើកទឹកចិត្ត ទៅគ្រប់ឪពុកម្ដាយ អាណាព្យាបាល និងកូនសិស្ស អោយសម្លាប់ដង្កូវមូសខ្លា តាមរយៈការដាក់ថ្នាំអាប៊េត នៅក្នុងអាងឬពាងទឹក»។ លោកបានផ្ដល់យោបល់បន្ថែម ថាដើម្បីបង្ការការចម្លងដែលបណ្ដាលពីមូសខ្លានោះ គេត្រូវទទួលទានដំណេកនៅក្នុង«មុង»។
នៅប្រទេសកម្ពុជា ការចម្លងជម្ងឺគ្រុនឈាមបានចាប់ផ្ដើមជាទូទៅ នៅពេលដើមរដូវភ្លៀងធ្លាក់ ដែលនឹងបន្តពីខែឧសភា រហូតដល់ខែតុលា។ ក្នុងឆ្នាំ២០១២ ប្រទេសនេះ មានការចម្លងជម្ងឺគ្រុនឈាម រហូតដល់ទៅ៤២ ៣៦២ករណី ដែលជាអាត្រាដ៏ខ្ពស់មួយ ហើយបានសម្លាប់កុមារដល់ទៅ១៨៩នាក់។
បើទោះជាតួលេខខាងលើ បង្ហាញពីការថយចុះ តែប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា នៅតែរងនូវការិះគន់ថា មិនបានផ្ដល់ទៅឲ្យប្រជាជន នូវការបង្កាជម្ងឺគ្រុនឈាមនេះគ្រប់គ្រាន់នៅឡើយ ជាពិសេសប្រជាពលរដ្ឋក្រក្រី និងនៅតាមតំបន់ស្រុកស្រែចំការឆ្ងាយៗ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ