កូរ៉េខាងជើង ត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអាមេរិក
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១១ តុលា ២០១៥
- កែប្រែចុងក្រោយ: October 11, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ថ្ងៃនេះ បក្សរបស់យើងសូមប្រកាស ដោយម្មឺងម៉ាត់ថា កងកម្លាំងប្រដាប់អាវុធ«បដិវត្តន៍»របស់យើង មានសមត្ថភាពតបតរ នឹងសង្គ្រាមគ្រប់ប្រភេទ បង្កឡើងដោយសហរដ្ឋអាមេរិក ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារប្រជាជន និងផ្ទៃមេឃពណ៌ខៀវ នៃទឹកដីមាតុភូមិរបស់យើង។» នេះជាអ្វី ដែលគេបានស្ដាប់ឮ ពីការប្រកាសរបស់លោក គីម ជុងអ៊ុន អគ្គមគ្គុទេសវ័យក្មេងដ៏មហិមា របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសកុម្មុយនីស នៅចុងក្រោយគេបង្អស់។
ប្រទេសកូរ៉េខាងជើង ព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមនេះ និងបានចោទប្រកាន់ សហរដ្ឋអាមេរិក ថាញុះញង់ឲ្យមានសង្គ្រាម។
នៅក្នុងរយៈកាលកន្លងមក ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែររបស់ខ្លួន ចំនួនបីលើករួចមកហើយ៖ កាលពីខែតុលា ឆ្នាំ២០០៦ ខែឧសភា ឆ្នាំ២០០៩ និងខែកុម្ភៈ ឆ្នាំ២០១៣។ ប្រទេសកុម្មុយនីស បានព្រមានថា នឹងធ្វើការសាកល្បង ជាលើកទីបួន នៅក្នុងគម្រាងផលិតអាវុធនុយក្លេអ៊ែរ និងកាំជ្រួចរបស់ខ្លួន បើទោះជាប្រទេសមួយនេះ រងនូវទណ្ឌកម្មខ្លាំងក្លា ពីសហគមន៍អន្តរជាតិក៏ដោយ។
មេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុន បានថ្លែងមួយភាគធំ នៅក្នុងសុន្ទរកថារបស់លោក ដើម្បីធ្វើការឧទ្ទិស ទៅដល់ប្រជាជនកូរ៉េខាងជើង ទាំង២៤លាន និងចំពោះបក្សពលករកូរ៉េ ដែលបានកាន់អំណាច តាំងពីឆ្នាំ១៩៤៥មក ក្រោមការដឹកនាំ របស់ត្រកូល «គីម» រាប់ពីជំនាន់«ជីតា» រហូតមកដល់«ចៅ»។ លោក គីម ជុងអ៊ុន បានថ្លែងបន្តថា៖ «បក្សពលករកូរ៉េ ជាបក្សមិនអាចបំបែកបាន ដែលសាងនូវអ្វីៗទាំងអស់ ជាមួយប្រជាជន»៕