អ្នកគ្រូជីវៈម្នាក់នេះ ដោះខោអាវដើម្បីពន្យល់សិស្ស ពីកាយមនុស្ស!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 11, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីធានាថា កូនសិស្សពិតជាទទួលយកទៅដាក់ក្នុងក្បាល នូវការពន្យល់របស់ខ្លួន អ្នកគ្រូ ដេប៊ី ហ៊ីកេន សាស្ត្រាចារ្យខាងជីវៈវិទ្យា នៅសាលារៀន «Groene Hart Rijnwoude» នៃក្រុង «Hazerswoude» ភាគខាងត្បូងប្រទេសហូឡង់ មានសីល្បវិធីដ៏ពិសេសមួយ៖ នោះគឺស្រាតខោអាវរបស់នាង ចេញពីខ្លួន ដោយទុកនូវការបិតបាំងខ្លួន ដ៏តិចតួចប៉ុណ្ណោះ នៅចំពោះមុខកូនសិស្សរបស់នាង។
គោលបំណងនៃការស្រាតខោអាវនេះ គឹអ្នកគ្រូយើងចង់ពន្យល់បង្ហាញ ពីរាងកាយ ដងខ្លួនមនុស្ស។ និយាយឲ្យចំទៅ នៅពីក្រោមសម្លៀកបំពាក់របស់អ្នកគ្រូ ដែលទើបនឹងដោះចេញនេះ អ្នកគ្រូបានយកកំណាត់ បានកាត់ដេរ និងមានគូសវាស ជាសាច់ដុំរបស់មនុស្ស ឬពីគ្រឿងក្នុងរបស់មនុស្ស។
សាលារៀន «Groene Hart Rijnwoude» បានដាក់បង្ហោះដោយខ្លួនឯង នូវរូបថតជាច្រើនសន្លឹក ជាពិសេសវីដេអូរបស់អ្នកគ្រូតែម្ដង នៅលើទំព័រហ្វេសប៊ុករបស់សាលា ដើម្បីលើកតម្កើន ពីវិធីសាស្ត្របង្រៀនមួយនេះ ដែលងាយធ្វើឲ្យសិស្សចាប់បាន។ នៅអមនឹងវីដេអូនេះ គេឃើញមានសរសេរចំណងជើងថា៖ «មុខវិជ្ជា"ជីវៈវិទ្យា"នៅសាលា"Groene Hart Rijnwoude" គួរឲ្យសប្បាយរីករាយណាស់»។
នាង ដេប៊ី ហ៊ីកេន បានផ្ដល់កិច្ចសម្ភាស ឲ្យទូរទស្សន៍អាមេរិក CNN ថា៖ «ដំបូងឡើយ កូនសិស្សមានអារម្មណ៍ភ្ញាក់ផ្អើលណាស់ ព្រោះពួកគេគិតភ្លាមថា ខ្ញុំនឹងដោះខោអាវចេញទាំងអស់... តែបន្តិចមក ពួកគេបានឃើញ និងដឹងថា ខ្ញុំនៅមានអ្វីពិសេស នៅពីក្រោមខោអាវនេះ»។ អ្នកគ្រូបានថ្លែងទៀតថា សិល្ប៍វិធីរបស់នាង បានទទួលនូវលទ្ធផល ជាវិជ្ជមាន សម្រាប់ឲ្យកូនសិស្សឆាប់ចាប់បាន ប៉ុន្តែបានអះអាងបន្ថែមថា អ្នកស្រីមិនមែនចេះតែប្រើវិធីនេះ នៅគ្រប់មេរៀននោះទេ៕