ចៅសង្កាត់ប៉ោយប៉ែត ចាត់ឲ្យចុះស៊ើបរឿងមេភូមិមិនចេះអក្សរ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 24, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីមានការតវ៉ា ទាមទារឲ្យដកមេភូមិ ចេញពីដំណែង របស់ក្រុមអ្នកភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក នៅថ្ងៃនេះ ចៅសង្កាត់ប៉ោយប៉ែត បានពន្យល់ពីចំណាត់ការរបស់លោក ទៅលើពាក្យបណ្ដឹងរបស់ពលរដ្ឋទាំងនោះ។
ចៅសង្កាត់ប៉ោយប៉ែត លោក នុត លី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា លោកបានចាត់ ឲ្យក្រុមការងាររបស់លោក ចុះធ្វើការអង្កេត ទៅដល់ទីតាំងភូមិឃុំ ដែលកើតហេតុនេះភា្លមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹង។ ចំណាត់ការដ៏រហ័សនេះ ឈរលើជំហរមិនលំអៀង ទៅខាងណាមួយនោះទេ ព្រោះលោកគិតថា ប្រជាពលរដ្ឋក៏ជាអ្នកស្លូតត្រង់ រីឯមេភូមិ ក៏ជាអ្នកបម្រើការងារ ជាយូរមកហើយដែរ។
លោក នុត លី បានបញ្ជាក់ថា អ្វីដែលអាចធ្វើបាន គឺរង់ចាំទទួលការចុះត្រួតពិនិត្យផ្ទាល់ របស់ក្រុមកាងារសង្កាត់សិន។ លោក បានថ្លែងទៀតថា លទ្ធផលយ៉ាងណា លោកមិនទាន់អាចឆ្លើយបានទេ។ តែលោកបានរៀបចំលិខិត ហៅសាកសួររួចរាល់ហើយ ដើម្បីទទួលបានភាពយុត្តិធម៌ ទាំងសងខាង។ អ្វីដែលល្អ ហើយជាការពិត លោកនឹងធ្វើទៅតាមច្បាប់។
ពាក្យបណ្តឹង របស់អ្នកតវ៉ាប្រមាណជាជាង៥០នាក់ ដែលតំណាងឲ្យប្រជាជនក្នុងភូមិ ៥៨៩គ្រួសារនោះ បានទាមទារឲ្យដកមេភូមិ អ្នក ហុក លឿម ប្រធានភូមិព្រៃព្រិច ចេញពីដំណែង ដោយសង្កត់ធ្ងន់លើចំណុចសំខាន់បី៖ ទីមួយ ស្រ្តីមេភូមិខាងលើមិនចេះអក្ស ទីពីរ ប្រើពាក្យសម្ដីមិនសមរម្យ ទៅកាន់ពលរដ្ឋក្នុងភូមិ (សម្តីអាក្រក់ ជេរ ប្រមាថ) និងទីបី ប្រើសិទ្ធអំណាច រំលោភលើពលរដ្ឋទន់ខ្សោយ។
តំណាងអ្នកភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទោះស្ថិតនៅក្នុងពេលវេលារង់ចាំក៏ដោយ ក៏អ្នកភូមិនៅតែបន្ត ការផ្តិតមេដៃតទៅទៀតដែរ រហូតដល់ខាងសង្កាត់ មានតំណោះស្រាយ ជូនពួកគាត់ត្រឹមត្រូវមួយ ដែលអាចទទួលយកបាន។ ពលរដ្ឋអ្នកភូមិព្រៃព្រិចមួយរូប អ្នកស្រី តឿន វិត បានបញ្ជាក់ថា មេភូមិរបស់គាត់ នៅពេលដែលអ្នកភូមិ មានការបំពេញឯកសារអ្វីផ្សេងៗនោះ គឺកូនស្រីរបស់គាត់ ជាអ្នកធ្វើជំនួស។ ព្រោះគាត់មិនសូវចេះអក្សរ មានបញ្ហានេះជាញឹកញាប់ បានធ្វើឲ្យអ្នកភូមិទ្រាំមិនបាន ហើយរួមគ្នាបន្តការតវ៉ាមួយកំរិតទៀត ទោះជាមានអ្នកភូមិខ្លះ មិនហានចេញមុខក៏ដោយ។
ឆ្លើយតបនឹងការចោទប្រកាន់ របស់ក្រុមអ្នកភូមិ អ្នកស្រី ហុក លឿម មេភូមិព្រៃព្រិច បាននិយាយថា អ្នកស្រីមិនដឹងរឿងអ្វីនោះទេ។ អ្នកស្រីបានចាត់ទុករឿង ដែលកើតឡើងកន្លងមក ថាជារឿងបុគ្គល និងជារឿងរបស់ក្មេងៗ ដែលមិនមានពាក់ព័ន្ធ ជាមួយអ្នកស្រីទេ។
ទោះជាយ៉ាងណា ចៅសង្កាត់ខាងលើបានថ្លែងឲ្យដឹងដែរថា វាជាការប្រសើរណាស់ ដែលអ្នកភូមិបានដាក់ពាក្យបណ្តឹង មកកាន់សង្កាត់ ដើម្បីឲ្យសង្កាត់ជួយ នូវអ្វីដែលពួកគេទទួលយកមិនបាន។ ហើយវាជារឿងមួយ ដែលត្រឹមត្រូវ ព្រោះពលរដ្ឋ គឺជាកោសិកានៅក្នុងភូមិ មានសិទ្ធបញ្ចេញមតិ និងលើកឡើង នូវអ្វីដែលជាភាពអយុត្តិធម៌ នៅក្នុងមូលដ្ឋានរបស់ខ្លួន៕