ប្រតិកម្មនៃមេដឹកនាំធំៗ ជុំវិញមរណភាពនែលសុន មែនឌឺឡា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មរណភាពនៅយប់ព្រហស្បត្ត៍ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងជន្នាយុ ៩៥ឆ្នាំ របស់លោក នែលសុន មែនឌឺឡា (Nelson Mandela) អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង និងជាបិតាសិទ្ធិស្មើភាពពីរបបប្រកាន់ពូជសាសន៍ពណ៌សម្បុរ បានបង្កឲ្យមានប្រតិកម្មចូលរួមមរណទុក្ខ យ៉ាងច្រើនពីសំណាក់មេដឹកនាំធំៗ នៅលើផែនដីទាំងមូល។
លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ រូបថត (LEON NEAL / AFP)
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកប្រតិកម្មចូលរួមមរណទុក្ខ របស់មេដឹកនាំមួយចំនួន មកជម្រាបជូនលោកអ្នកដូចខាងក្រោម។
- ហ្សាកូប ហ្សូម៉ា (Jacob Zuma) ប្រធានាធិបតីនៃប្រទេសអាមេរិកខាងត្បូង
លោកជាមនុស្សមុនគេ ដែលបានប្រកាសឲ្យពិភពលោកដឹង ពីដំណឹងមរណភាព នៃអតីតកំពូលវីរបុរសនៃប្រទេសលោក។ នៅក្នុងសេចក្ដីប្រកាស ដែលថ្លែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លោកបាននិយាយជាអាថ៌ថា «លោក នែលសុន មែនឌឺឡា ជាទីស្រឡាញ់នៃយើង ដែលជាស្ថាបនិកនៃលិទ្ធិប្រជាធិបតេយ្យរបស់យើង បានទទួលមរណភាព។ លោកបានចាកចេញទៅដោយស្ងប់ស្ងៀម ក្រោមក្រសែភ្នែកសោកស្ដាយនៃក្រុមគ្រួសារ វេលាម៉ោង ២០និង១៥នាទី។ ឥឡូវនេះ លោកសម្រាកហើយ លោកបានទៅសោយសុខនៅសុគតិភពហើយ។» លោកបានបន្តសម្ដែងនូវវិយោគកថាទៅកាន់ប្រជាជាតិលោក យ៉ាងដូច្នេះថា៖ «ប្រជាជាតិរបស់យើង បានបាត់បង់កុលបុត្រដ៏ឆ្នើមមួយរូប»។
- ហ្វ្រង់ស៊័ ហូឡង់ (François Hollande) ប្រធានាធិបតីនៃប្រទេសបារាំង
លោកប្រមុខរដ្ឋរបស់ប្រទេសបារាំង បានសម្ដែងប្រតិកម្មចំពោះមរណភាពនេះថា «ជាអ្នកតស៊ូមួយរូបដ៏ពិសេស និងជាអ្នកទទួលជ័យជំនះយ៉ាងត្រចះត្រចង់។ លោកបាននាំមកឲ្យនូវអ្វីៗគ្រប់យ៉ាង ជូនដល់ប្រជាជាតិអាហ្វ្រិកខាងត្បូង។ ជាមោទនភាពនៃទ្វីបអាហ្វ្រិកទាំងមូល។»
- ដេវិដ កាមឺរូន (David Cameron) នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស
«ពន្លឺដ៏ធំមួយ បានរលត់។ នែលសុន មែនឌឺឡា ជាវីរបុរសនៃសម័យកាលយើងនេះ។ ខ្ញុំបានស្នើសុំឲ្យទម្លាក់ទង់ជាតិកាន់ទុក្ខ នៅវិមាននាយករដ្ឋមន្ត្រី។»
- អេនជឺឡា ម៉ែគែល (Angela Merkel) អគ្គទេសាភិបាលនៃប្រទេសអាឡឺម៉ង់
«ឈ្មោះ នែលសុន មែលឌឺឡា នៅចរិកជាប់ជានិច្ចផ្សារភ្ជាប់ទៅនឹងការតស៊ូ ប្រឆាំងនឹងការមិនឲ្យតម្លៃជាពលរដ្ឋនៃប្រព័ន្ធគ្រប់គ្រងមួយ»។
- ស៊ីនហ្សូ អាប៊េ (Shinzo Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន
«នែលសុន មែនឌឺឡា បានសម្រេចនូវការកសាងប្រទេស ដែលឈរលើមូលដ្ឋាគ្រឹះនៃការបង្រួបបង្រួមពលរដ្ឋ។ លោកជាមេដឹកនាំដ៏អស្ចារ្យមួយរូប។»
- បាន គី-មូន (Ban Ki-moon) អគ្គលេខាធិកានៃអង្គការសហប្រជាជាតិ
«ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលណាស់ នៅពេលទទួលបានដំណឹងនេះ។ លោកជាមនុស្សម្នាក់ដែលសំខាន់ជាទីបំផុត សម្រាប់យុត្តិធម៌ សម្រាប់មនុស្សជាតិ និងជាធនធាននៃវីរភាពមួយ សម្រាប់បំផុសទៅមនុស្សរាល់គ្នា។ លោកជាមនុស្សគំរូមួយ ក្នុងការប្រយុទ្ធដើម្បីសេរីភាព។ លោកតែងតែបានបំផុសជាគំនិត ដ៏មានតម្លៃទាំងនេះ ទៅអង្គការសហប្រជាជាតិ។ ក្នុងនាមអង្គការសហប្រជាជាតិ ខ្ញុំសូមសម្ដែងនូវការសោយស្ដាយ និងការរួមមរណទុក្ខរបស់ខ្ញុំ ជូនចំពោះប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូង និងទៅកានគ្រួសាររបស់លោក។»
- បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក
«លោកបានជោគជ័យហួសពីអ្វី ដែលគេអាចធ្វើបានបើប្រៀប ទៅនឹងមនុស្សធម្មតា។ លោកជាវីរជនដែលក្លាហាន គួរដើរតាមខ្លាំងជាងគេ និងមានតម្លៃជាសកល។ លោកជាផ្នែកមួយនៃប្រវត្តិសាស្ត្រ។ លោកបានបូជាសេរីភាពរបស់ខ្លួន ដើម្បីសេរីភាពរបស់អ្នកដទៃ។ មនុស្សជាតិទាំងមូលត្រូវបានដើរតាមវីរភាពរបស់លោក (...) លោកធ្លាប់និយាយថា លោកមិនមែនព្រះជាម្ចាស់ទេ។ តែខ្ញុំស្ថិតនៅក្នុងចំណោមមនុស្សរាប់សិបលាននាក់ ដែលបានគោរពកោតសរសើលោក៕»
----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ