គម្រោងជួបថ្នាក់ដឹកនាំអាស៊ី របស់ប្រធានាធិបតីអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ត្រូវបានរំពឹងថា នឹងជួបទល់មុខ នៅថ្ងៃអង្គារទី២០វិច្ឆិកាខាងមុខ ជាមួយ នឹងនាយករដ្ឋមន្ត្រីចិន វេង ជៀបាវ និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈពេលមានជំនួបកំពូល នៃបណ្ដាប្រទេសនៅតំបន់អាស៊ី ប៉ាស៊ីភិក នៅប្រទេសកម្ពុជានេះ។ នេះជាការប្រកាសអោយដឹង ពីសេតវិមាន ហើយត្រូវបានស្រង់ពត៌មានដោយ ទីភ្នាក់ងារ សារពត៌មានបារាំង អាអេហ្វប៉េ។
លោកបារ៉ាក់ អូបាម៉ា ក្នុងពេលស្បថចូលកាន់ដំណែង កាលពីជាប់ឆ្នោតអាណត្តិទីមួយ។ រូបថត wikipedia.org
ទីប្រឹក្សាជាតិអាមេរិកម្នាក់ លោក ប៊េន រ៉ូដឺស (Ben Rhodes) បានបញ្ជាក់ប្រាប់ថា ជំនួបនេះ នឹងកើតឡើងនៅថ្ងៃចុងក្រោយ បង្អស់ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅតំបន់អាស៊ី ផ្នែកអាគ្នេយ៍ ដែលនឹងចាប់ផ្ដើមពីថ្ងៃអាទិត្យទី ១៨វិច្ឆិកានេះ នៅប្រទេសថៃ និងនៅប្រទេសភូមា។ នៅប្រទេសភូមា លោកអូបាម៉ា មានគម្រោងជួបផ្ទាល់ជាមួយ ប្រធានាធីបតីលោក ថេន សេន និងជាមួយនឹងលោកស្រី អ៊ុងសាន ស៊ូជី អ្នកនយោបាយប្រឆាំងនៃប្រទេសនេះ។
ជំនួបជាមួយជប៉ុន និងចិន ដែលមានលក្ខណៈដាច់ដោយឡែកពីគ្នានេះ ត្រូវបានធ្វើឡើង នៅទីក្រុងភ្នំពេញ ខណៈទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កំពុងតែមើលមុខគ្នាមិនចំ តាំងពីច្រើនខែមកហើយ ទាក់ទងនឹងជម្លោះដែនទឹក ក្នុងមហាសមុទ្រចិនខាងកើត។ សូមបញ្ជាក់ថា ទីក្រុងតូក្យូ មានចំណងទាក់ទងយ៉ាងស្អិតរមួតជាមួយនឹងទីក្រុងវ៉ាស៊ីតោន។ ចំណែកទីក្រុងប៉េកាំងឯណេះវិញ មានចំណងទាក់ទង តែ«ស្មុគ្រស្មាញ» និងនៅតែមានរឿងជជែកមិនចប់ ជាមួយនឹងសហរដ្ឋអាមេរិក។
លោកប៊េន រ៉ូដឺស បានបន្ថែមថា ក្នុងអំឡុងពេលឆ្លងកាត់ទីក្រុងបាងកក លោកអូបាម៉ា នឹងត្រូវបានទទួលអោយចូលធ្វើសាវនាការ ជាមួយនឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រថៃ និងមានជំនួបជាលក្ខណៈទល់មុខ មួយទៀត ជាមួយនឹងលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ