ហោ ណាំហុង បង្ហាញពីរបៀបរីរៈនៃ«កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: November 16, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកានេះ ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានផ្លាស់វេនរបស់អាស៊ាន បានបើកវេទិកា សួរឆ្លើយមួយ ជាមួយនឹងអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងការបរទេស ទាក់ទងនឹង «កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ កិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត» ចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ។
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។
រូបថត MONOROOM.info/Phnom Thom។
លោកបាននិយាយថា មុននឹងកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម ការប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជា លើទិសដៅពីរចំណុច នៃការពិនិត្យមើលឡើងវិញ ពីកិច្ចប្រជុំអាស៊ានពីខែកក្តដាកន្លងទៅ និង កិច្ចប្រជុំរដ្ឋមន្ត្រីកាបរទេសនៅទីក្រុងញ៉ូយក កាលពីខែកញ្ញាកន្លងទៅ ថាតើត្រូវសម្រេចលើអ្វីខ្លះ? ត្រូវតាមដានអ្វីខ្លះ? ។
មជ្ឈមណ្ឌលកំចាត់ម៉ីនរបស់អាស៊ាន
សម្រាប់ការប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១៨ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្រ្តីខ្មែររូបនេះ បានអោយដឹងថា មានឯកសារពីរត្រូវអនុម័ត្រចុះហត្ថលេខា និងការប្រកាស នៃការបង្កើតវិទ្យាស្ថានអាស៊ីសម្រាប់សន្តិភាព និងសម្របសម្រួល។ ការអនុម័ត្រឯកសារពីរនេះ៖ ទីមួយ គឺការអនុម័តសេចក្តីថ្លែងការ ស្តីពីសិទ្ធិមនុស្សរបស់អាស៊ាន ទីពីរគឺការបង្កើតមជ្ឈមណ្ឌលម៉ីន របស់អាស៊ាននៅកម្ពុជា ។ ដោយអាស៊ានទាំង១០ មានប្រទេសអាស៊ាន៦ ដែលជួបប្រទះនឹងបញ្ហាម៉ីនដូចជា ប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ ហ្វីលីពីន និងមីយ៉ាម៉ា ។ ហើយដោយហេតុនៅឆ្នាំនេះ កម្ពុជាជាប្រធានអាស៊ាន ដូច្នេះវាជាការចាំបាច់ណាស់ ដែលតម្រូវអោយមាន មជ្ឈមណ្ឌលរបស់អាស៊ានមួយដើម្បីកំចាត់ម៉ីន ។
សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីសិទ្ធិមនុស្ស
លោកហោ ណាំហុង បានបន្តថា ឯកសារដែលត្រូចចុះហត្ថលេខាដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន គឺ«សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីសិទ្ធិមនុស្ស» ដែលបានត្រូវរៀបចំឡើង ដោយគណៈកម្មការអន្តររដ្ឋាភិបាលរបស់អាស៊ាន ស្តីពីសិទ្ធិមនុស្សនេះ។ មុននឹងអនុម័តសេចក្តីថ្លែងការណ៍ ជាជំហានទីមួយនេះបាន គណៈកម្មការអន្តររដ្ឋាភិបាល បានពិភាក្សាជាមួយ អង្គការសង្គមស៊ីវិលមកពីប្រទេសអាស៊ាន ជាច្រើនលើករួចមកហើយ។ សេចក្តីថ្លែងការណ៍នេះ នឹងមិនបានបំពេញចិត្ត តាមបំណងប្រាថ្នារបស់អង្គការសង្គមស៊ីវិលទាំងស្រុងនោះទេ តែនឹងធ្វើឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីឈានទៅរកការការពារ ជុំរុញឲ្យមានការគោរពសិទ្ធិមនុស្ស កាន់តែខ្លាំងក្លាឡើងថែមទៀត។
លោកប្រមុខការទូតខ្មែររូបនេះ បានសង្កត់ធ្ងន់ថា មិនមានប្រទេសច្រើនប៉ុន្មានទេ ពីក្នុងចំណោមប្រទេសទាំង១៩៣ ដែលអនុញ្ញាតឱ្យការិយាល័យតំណាងឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដាក់ប្រចាំនៅក្នុងប្រទេសរបស់ខ្លួននោះ។ តែដោយឡែក កម្ពុជាបានអនុញ្ញាតិឱ្យមានការិយាល័យនេះ ដើម្បីឱ្យមានការចូលរួមកែលម្អរ ហើយកម្ពុជាក៏បានជំរុញ អោយមានកំណែទម្រង់លើបញ្ហានេះ។ លោកបានបន្ថែមថា «ក្នុងករណីមានការចាំបាច់ គណៈកម្មការអន្តររដ្ឋាភិបាល ស្តីពីសិទ្ធិមនុស្ស អាចនឹងពិភាក្សាគ្នាទៀត អាចប្រជុំគ្នា អាចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ដើម្បីកែលម្អអត្ថបទនេះតទៅទៀត»។
សហគមន៍អាស៊ាន និងប្រទេសបូកបី
ការប្រជុំអាស៊ានបូកបី នឹងមានប្រមុខដឹកនាំ របស់អាស៊ានទាំងដប់ ជាមួយនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរេ។ លោកហោ ណាំហុងបញ្ជាក់ថា ប្រទេសដៃគូអាស៊ាន មានជាងម្ភៃ តែបីប្រទេសខាងលើនេះ ជាដៃគូរយ៉ាងជិតស្និត និងមានសហប្រតិបត្តិការណ៍យ៉ាងសកម្ម ជាមួយនឹងអាស៊ាន ។ ប្រទេសឥណ្ឌា នឹងអាចត្រូវចាត់ទុកជាប្រទេសទីបួន សម្រាប់កិច្ចប្រជុំអាស៊ានបូកបួន លើកក្រោយៗទៀត។
លោកបន្ថែមថា ការប្រជុំអាស៊ានបូកបីនេះ នឹងមានការអនុម័តឯកសារពីរ។ ទីមួយ គឺសេចក្តីប្រកាសរួមរវាងអាស៊ាន និងប្រទេសបូកបី អំពីខូប១៥ឆ្នាំនៃសហប្រតិបត្តការ។ ទីពីរ អនុមត័សេចក្តីថ្លែងការណ៍ អំពីការតភ្ជាប់អាស៊ានបូកបី ដោយតភ្ជាប់ទាំងហេដ្ឋារចនាសម្ពន្ធ័រឹង (ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក) និងទន់ (ព័ត៌មានវិទ្យា) ដោយមានទាំងការតភ្ជាប់ស្ថាប័ន ធ្វើយ៉ាងណា ឲ្យច្បាប់ទំលាប់នានារបស់អាស៊ាន កាន់តែស៊ីចង្វាក់ និងស្របជាមួយគ្នា ។ លោកបញ្ជាក់ថា ការឈានទៅរកការបង្កើត«សហគមន៍អាស៊ាន» ចាំបាច់ក្នុងសហគមន៍ ត្រូវមានការស៊ីចង្វាក់គ្នា រវាងស្ថាប័ន ច្បាប់ទំលាប់ទាំងអស់ របស់អាស៊ាន។
ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ធ្វើយ៉ាងណាឲ្យសហគមន៍ប្រជាជនរបស់អាស៊ានទាំងដប់ប្រទេស ដែលមានជាងប្រាំមួយរយលាននាក់នេះ មានមនោសញ្ចតនា មានអារម្មណ៍ថានៅក្នុងសហគមន៍តែមួយ ហើយប្រទេសបូកបី នឹងរួមចំណែកជួយអាស៊ាន ក្នុងការតភ្ជាប់អាស៊ាននេះផងដែរ ។
អាស៊ានបូកមួយ និងបញ្ហាសមុទ្រចិនខាងត្បូង
កិច្ចប្រជុំអាស៊ានបូក«ចិន»នេះ នឹងអនុម័តលើសេចក្តីថ្លែងការណ៍រួម អំពីខួបទីដប់នៃសេចក្តីថ្លែងការណ៍ DOC ។ កម្ពុជាបានផ្ដួចផ្ដើមគំនិតនេះ ពីឆ្នាំ២០០២ ដែលកាលនោះ កម្ពុជាជាប្រធានអាស៊ានលើកទីមួយ។ ឯកសារនេះនៅតែជាបច្ចុប្បន្នភាព ដែលគ្រប់ភាគីពាក់ពន្ធ័ទាំងអស់គោរព និងអនុវត្តដោយពេញលេញ ដោយសារតែ DOC មានគ្រប់ចំណុចទាំងអស់ ដើម្បីឈានទៅដោះស្រាយ «ជំលោះនៅសមុទ្រចិនខាងត្បូង» ទាំងខាងផ្លូវច្បាប់ ទាំងផ្លូវនយោបាយ។ ការប្រជុំពីរលើក ក្នុងខែកក្កដា និងខែកញ្ញា រវាងឧត្តមមន្ត្រីអាស៊ាន និងឧត្តមមន្ត្រីចិន អំពីការខិតខំតាក់តែង COC ដែលជាក្រមប្រតិបត្តិ ខុសពី DOC នេះ បានបង្ហាញពីគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងបញ្ហានេះ។ គេមិនអាចនិយាយថា កម្ពុជាធ្វើប្រងើយកន្តើយ មិនចូលរួមដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូងនេះបានទេ ។
ដៃគូរនៃយុទ្ធសាស្ត្រ សម្រាប់អាមេរិក
លោកប្រមុខការទូតខ្មែរ បានបន្តថា នៅថ្ងៃខាងមុខនេះដែរ កម្ពុជានឹងមានការប្រជុំកំពូលអាស៊ាន ជាមួយសហរដ្ឋអាមេរិច ដែលមានការចូលរួម ពីសំណាក់ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា។ ការប្រជុំនេះ គឺដើម្បីពង្រឹងទំនាក់ទំនង ការសហប្រតិបត្តការរវាងអាមេរិក និងអាស៊ាន។ ក្នុងអាណត្តីទីមួយលោកបារ៉ាក់ អូបាម៉ា ធ្លាប់បានប្រកាស នឹងធ្វើនយោបាយខិតមកជិតអាស៊ាន មកពង្រឹងទំនាក់ទំនងសហប្រត្តិប័ត្រការជាមួយអាស៊ាន ឲ្យក្លាយជាភាពជាដៃគូរនៃយុទ្ធសាស្ត្រ។ ដោយហេតុនេះហើយ ទើបលោក បារ៉ាក់ អូបាម៉ា សម្រេចមកចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកនេះនៅកម្ពុជា ដើម្បីប្រែក្លាយ អោយមានការប្រជុំកំពូលអាស៊ាន-អាមេរិចនេះ ជារៀងរាល់ឆ្នាំ ៕
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ