សមាគមនិស្សិត៖ ជាកិច្ចការសង្គម ឬដើម្បីនយោបាយ?
ការបង្កើតជាសមាគមយុវជន ឬនិស្សិត នៅតាមបណ្តាសាកលវិទ្យាល័យរដ្ឋ និងឯកជននានានៅក្នុងប្រទេសកម្ពុជា វាជា ចំណែកមួយ ចូលរួមក្នុងកិច្ចការសង្គម និងជួយជំរុញឲ្យប្រទេសជាតិមានការរីកចំរើន។ ប៉ុន្តែ ការបង្កើតសមាគមនេះ ត្រូវបានអ្នកវិភាគខ្លះមើលឃើញថា បានធ្វើឡើង ដើម្បីបម្រើឲ្យគណបក្សនយោបាយ ឬក៏ក្រុមមនុស្សមួយចំនួន ប្រើប្រាស់ដើម្បីមហិច្ឆតារបស់ខ្លួន ហើយចង់យកយុវជន មកធ្វើជាឈ្នាន់ សម្រាប់ដំណើរទៅមុខរបស់ខ្លួន ឬក្រុមខ្លួន។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១ ក្រសួង អប់រំយុវជននិងកីឡា បានអនុម័ត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៏យុវជនកម្ពុជា ដែលមាន១២ចំណុចធំៗ ក្នុងនោះ មានការបង្កើនអោយមានកាន់តែខ្លាំង នូវការចូលរួមរបស់យុវជនក្នុងសង្គម និងការងារស្ម័គ្រចិត្ត។ ត្រង់ចំណុចនេះ លោកកែម ឡី អ្នកវិភាគឯករាជ្យទៅលើបញ្ហាសង្គម បានមើលឃើញថា ការចូលរួម របស់យុវជន នៅក្នុងការសម្រេចចិត្ត និងកិច្ចការងារសង្គម គឺនៅមានកម្រិតនៅឡើយ។ លោកពន្យល់ថា «ការចូលរួមរបស់យុវជនមានប្រាំដំណាក់កាល។ ទីមួយគឺ ការមិនចួលរួម។ ទីពីរការចូលរួមអសកម្ម មានន័យថាគ្រាន់តែចូលស្តាប់មិន បញ្ចេញយោបល់។ ទីបីការចូលរួមដោយបញ្ចេញសម្លេង សួរឆ្លើយ។ ទីបួន យុវជនមិនទាន់អាចធ្វើជាដៃគូ ដូចជាយក សម្លេងបោះឆ្នោត។ និងទីប្រាំ ការចូលរួមពេញទំហឹង។»
លោកកែម ឡី បានលើកពី ផលវិជ្ជមាន និងអវិជ្ជមាន ពីការចូលរួមរបស់យុវជន យ៉ាងដូច្នេះថា «ផលវិជ្ជមាននោះ គឺយុវជនមានបណ្តាញគ្រប់ទីកន្លែង បណ្តុះបណ្តាលយុវជន ក្នុងការអភិវឌ្ឍន៏ឲ្យក្លាយជាអ្នកដឹកនាំ ចូលរួមក្នុងឆាកនយោបាយ និងមានការស្ម័គ្រចិត្ត ក្នុងការងារសង្គម ដូចជាវាស់វែងដីធ្លី ជួនប្រជាពលរដ្ឋជាដើម។ ប៉ុន្តែចំពោះផលអវិជ្ជមានវិញ យុវជនត្រូវបានគេក្តោបយក ដើម្បីកេញចំណេញ ផលប្រយោជន៏នយោបាយ និងរិតត្បិតយុវជនក្នុងឆាកនយោបាយ ពីគណបក្សផ្សេងៗ។»
ចំណែកឯការបង្កើតសមាគម នៅតាមបណ្ដាគ្រឹស្ថានសិក្សានានា លោកកែម ឡី យល់ថាជាការល្អមួយ។ តែនៅរាល់ការបង្កើត គេត្រូវតែផ្តល់ឪកាស អោយនិស្សិតជាសមាជិក បានចូលរូមជាមួយគ្រឹស្ថានទាំងនោះ ក្នុងការតាមដានគុណភាពអប់រំ និងគុណភាពសិក្សារបស់សិស្សជាដើម។ ទាក់ទងនឹងការបើកសមាគម ដើម្បីធ្វើនយោបាយ លោកបានបកស្រាយថា យុវជនកម្ពុជា មិនទាន់អាចឈានដល់ ការធ្វើជាដៃគូរបស់រដ្ឋាភិបាល និងថែមទាំងមិនទាន់ អាចចូលរួមធ្វើកិច្ចការទាំងនោះ អោយបានពេញលេញនៅឡើយ។ ដូច្នេះការបង្កើតសមាគម របស់យុវជនមួយចំនួននោះ មានផលប្រយោជន៏នយោបាយច្រើនជាង ការចូលធ្វើការងារបម្រើសង្គម។
លោក រឿត សុខុន បានលើកឡើងពីគោលបំណង នៃការបង្កើតសមាគមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលលោកធ្លាប់ធ្វើជាប្រធាននោះ ថាចង់ជួយសម្រួលការងារដល់យុវជន ជាពិសេសជួយដល់និស្សិត ដែលមកពីបណ្តាខេត្តនានា មកសិក្សានៅសាកលវិទ្យាល័យនេះ។ លោក សុខុន បានលើកឡើងថា «សមាគមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការងារជាមួយកាយរិទ្ធ និងកាកបាតក្រហមកម្ពុជា ដើម្បីស្វះស្វែងរកជំនួយ ជួយដល់និស្សិតក្រីក្រ ដែលកំពុងរៀននៅក្នុងសាកលវិទ្យាល័យ និងនិស្សិតដែលជួបឧប្បតិ្តវហេតុ គ្រោះថ្នាក់ចរាចរណ៍ជាដើម»។ លោកបានបដិសេធយ៉ាងមុតមាំថា សមាគមនិស្សិត ដែលលោកធ្លាប់ធ្វើជាប្រធាននេះ មិនដែលពាក់ព័ន្ធទៅនឹងនយោបាយនោះទេ។ សម្រាប់រួបលោកផ្ទាល់ ការបង្កើតសមាគមនេះ មានសារះសំខាន់ណាស់ចំពោះនិស្សិតជាទូទៅ ព្រោះវានឹងជួយនិស្សិតឲ្យយល់ ពីដឹណឹងសិក្សា អាហារូបករណ៏ផ្សេងៗ និងជួយសម្របសម្រួលដល់និស្សិត ដែលមានជីវភាពក្រីក្រ។ មិនតែប៉ុណ្ណោះ និស្សិតនឹងទទួលបានបទពិសោធន៏ ទាក់ទងទៅនឹងការទំនាក់ទំនង ទាំងក្នុង និងក្រៅសាលាថែមទៀតផង។
ចំណែកលោក សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា ការបង្កើតសមាគម របស់និស្សិតនៅតាមសាកលវិទ្យាល័យនានា គឺវាល្អចំពោះពូកគាត់។ លោកបានបន្ថែមថា ការបង្កើតសមាគមនេះ សុទ្ធតែបម្រើផលប្រយោជន៏ របស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែបញ្ហាដែលទាក់ទងទៅនឹង ផលប្រយោជន៏នយាបាយ នៃការបង្កើតសមាគមនេះ លោកមិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែបញ្ជាក់ថា «បើសិនជាសមាគម រក្សាអព្យាក្រិតភាព មិនប្រកាន់បក្សនយោបាយ នោះជាជម្រើសរបស់ពូកគាត់»។
លោក ម៉ៅ ឆាយា ជាសមាជិកមួយរូប នៃសមាគមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថាការចូលជាមួយសមាគមនេះ គឺជួយឲ្យលោកយល់ដឹងច្រើ់នពីសង្គម ជាពិសេសគឺដឹងពីរបៀបទំនាក់ទំនង ទាំងនៅក្នុងសាកលវិទ្យាល័យដែលលោកសិក្សា និងមនុស្សជាច្រើនផ្សេងទៀត។ លោកឆាយាបន្តថា «ខ្ញុំគិតថាការចូលជាសមាគមនេះ គឺវាមិនទាក់ទងទៅនឹងនយោបាយទេ ប៉ុន្តែវាជាកិច្ចការងារសង្គមសុទ្ធសាធ»៕
------------------------------------------------------------
ដោយ៖ សុខ ចាន់ - ភ្នំពេញថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាង ដោយមនោរម្យព័ងអាំងហ្វូ។