កូនស្រីពៅ អូបាម៉ា ចេញរត់តុរកលុយ ក្រោមការឃ្លាំមើលពីភ្នាក់ងារសម្ងាត់
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៧សីហា ២០១៦
- កែប្រែចុងក្រោយ: August 09, 2016
- ប្រធានបទ: ជនល្បី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើឃើញនាងតូចតែម្នាក់ឯង មករត់តុ ហើយគិតលុយ នៅក្នុងហាង «Nancy’s» ដែលស្ថិតនៅលើកោះ «Martha’s Vineyard» ហើយចង់ប៉ះពាល់នាងនោះ ជនដៃដល់ច្បាស់ជាជួបអាសន្នធំហើយ។ តាមបញ្ជាឪពុករបស់នាង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក កងភ្នាក់ងារសម្ងាត់យ៉ាងហោច ចំនួន៦នាក់ បានរាយគ្នាយ៉ាងស្ងាត់ស្ងៀម នៅនឹងកន្លែង និងនៅជុំវិញហាងនោះ ដើម្បីឃ្លាំមើលជាប្រចាំ ថាបើមានអ្នកទិញណាម្នាក់ បង្ហាញកាយវិការមិនសូវស្រួល ពួកគេនឹងធ្វើអន្តរាគមន៍ភ្លាម។
ប៉ុន្តែការងារក្នុងខែក្ដៅ (ឬហៅម្យ៉ាងទៀត ការងារពេលវិសមកាល) របស់នាងតូច សារ៉ា អូបាម៉ា (Sasha Obama) ក៏ជាការសម្រេចចិត្ត របស់ឪពុកម្ដាយរបស់នាងដែរ បើទោះជាអ្នកទាំងពីរ មានឥទ្ធិពល និងអំណាចពេញមួយផែនដីក៏ដោយ។ មូលហេតុសំខាន់នោះ គឺប្ដីប្រពន្ធ អូបាម៉ា ចង់ប្រាប់កូនស្រីរបស់ខ្លួនថា ពួកគេនៅតែជាមនុស្សធម្មតា បន្ទាប់ពីពួកគេបានចម្រើនវ័យធំធាត់ អស់រយៈពេល៨ឆ្នាំ នៅក្នុងសេតវិមាន។
ប៉ុន្តែយ៉ាងហោចណាស់ ហាង «Nancy’s» ដែលនាង សារ៉ា ទៅធ្វើការនោះ ក៏ជាហាងដ៏ទំនើបមួយ ប្រចាំកោះ «Martha’s Vineyard» ដែរ។ កាលពីឆ្នាំមុនៗ គ្រួសារ អូបាម៉ា ទាំងមូល តែងទៅលំហែកាយនៅលើកោះនោះ ខណៈឆ្នាំនេះ នាងតូច សារ៉ា បានត្រឡប់ទៅលើកោះដដែល តែមិនមែនដើម្បីដើរលំហែទេ តែដើម្បីទៅរកប្រាក់ដាក់ហោប៉ៅ។
បើតាមគេហទំព័រ «TMZ» បានឲ្យដឹងថា នាងតូច សារ៉ា មានតួនាទីជាអ្នកទទួល «កុម្មង់ (Commande)» និងត្រួតពិនិត្យមើលតុអង្គុយ ដែលនៅទំនេរសម្រាប់ភ្ញៀវ។ នាងទទួលបានប្រាក់ខែ ដូចអ្នកបម្រើការដទៃទៀតដែរ៖ ១២ ទៅ១៥ដុល្លារ ក្នងមួយម៉ោង និងអាចមានលុយក្រៅបន្ថែម។ សារ៉ា អូបាម៉ា អាចនឹងទទួលលុយក្រៅបន្ថែមនេះ ច្រើនជាងអ្នកដទៃ ដោយហេតុថា មនុស្សជាច្រើនបានបបួលគ្នា មកកាន់ហាងនេះ ដើម្បីមើលកូនស្រីពៅ របស់ប្រធានាធិបតីអាមេរិក ដោយផ្ទាល់៕
-----------
» រូបភាពជួបជុំមួយគ្រួសារ នៅឆ្នាំ២០១២៖