អាមេរិកមិនបណ្ដេញតារាចម្រៀង ជូស្ទីន ប៊េប៊ើរ ចេញពីទឹកដីខ្លួនទេ
ដោយមានញ្ញត្តិចុះហត្ថលេខា ដោយពលរដ្ឋអាមេរិកាំង ប្រមាណជា២៧៥ពាន់នាក់ ស្នើសុំឲ្យបណ្ដេញតារាចម្រៀងវ័យក្មេងសញ្ជាតិកាណាដា ជូស្ទីន ប៊េប៊ើរ (Justin Bieber) ចេញពីទឹកដីអាមេរិក តាំងពីចុងខែមករាកន្លងទៅ សេតវិមានបានសម្រេចចិត្តប្រតិកម្មនៅថ្ងៃសុក្រទី១៨ខែមេសានេះ មិនឆ្លើយតបតាមការស្នើសុំ ហើយថែមទាំងបានបដិសេធ ក្នុងការធ្វើអត្ថាធិប្បាយ នៅលើបញ្ហានេះទៀតផង។
តារាចម្រៀងវ័យក្មេងសញ្ជាតិកាណាដា ជូស្ទីន ប៊េប៊ើរ។ (រូបថតផ្ដិតពីវីដេអូចម្រៀង)
តារាចម្រៀង - នៅក្នុងញ្ញត្តិរបស់ក្រុមពលរដ្ឋអាមេរិកទាំងនោះ មានសរសេរជាអាថ៌ថា «ប៊ែប៊ើរអាយុ២០ឆ្នាំ ដែលជាមនុស្សមានគ្រោះថ្នាក់ ធ្វេសប្រហែស ជាជនដើរបផ្លិចបំផ្លាញ ជាជនញៀនគ្រឿងស្រវឹងនោះ មិនត្រឹមតែគម្រាមដល់សន្តិសុខរបស់ជនរួមជាតិយើងប៉ុណ្ណោះទេ តែជននេះក៏បានធ្វើជាគំរូដ៏អាក្រក់ សម្រាប់យុវវ័យរបស់ប្រទេសយើងថែមទៀត»។
បើទោះជារដ្ឋាភិបាលអាមេរិកាំង ចាំបាច់ត្រូវឆ្លើយតបទៅនឹងញ្ញត្តិទាមទារណា ដែលមានហត្ថលេខាច្រើនជាង១០០ពាន់នាក់ក៏ដោយ តែនៅលើកនេះ សេតវិមានក្នុងរដ្ឋការលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានទាញយកហេតុផលមួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាល មិនអាចធ្វើតាមបាន នូវការស្នើសុំទាំងនេះ។
«យើងមានការសោកស្ដាយណាស់ ដែលធ្វើអ្នកទាំងអស់ខកចិត្ត តែយើងនឹងមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការស្នើញ្ញត្តិនេះ។ លក្ខត្តិកៈនៃគម្រោង"យើងជាពលរដ្ឋ (We the People)" បានចែងមកយ៉ាងច្បាស់ថា សេតវិមានអាចបដិសេធមិនធ្វើអត្ថាធិប្បាយ នូវញ្ញត្តិស្នើសុំទាំងឡាយណា ដែលដំណោះស្រាយរបស់វា មានពាក់ព័ន្ធនឹងស្ថាប័នសហព័ន្ធ និងជាតិ ដើម្បីបញ្ជៀសនូវការយល់ឃើញ ប្រកបដោយបំណងលំអៀងណាមួយ។»
យ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីអាមេរិក បានជ្រើសរើសការឆ្លើយតប ដោយមិនផ្ទាល់មួយ។ កាលពីឆ្នាំទៅម៉ិញ សេតវិមានក៏ធ្លាប់ច្រានចោលម្ដងដែរ ក្នុងករណីដែលក្រុមអ្នកចូលចិត្តភាពយន្ដ សង្គ្រាមផ្កាយ (Star Wars) បានស្នើសុំឲ្យសាងសង់ស្ថានីយ៏អាវកាសមួយ ដែលបង្ហាញពីចក្រភពដ៏អស្ចារ្យ មាននៅក្នុងឈុតសម្ដែងនៃភាពយន្ដ។
ចំពោះក្នុងករណីរបស់តារាចម្រៀងវ័យក្មេង សញ្ជាតិដើមជាជនជាតិកាណដា ជូស្ទីន ប៊េប៊ើរ សេតវិមានបាននិយាយយកហេតុផលទៀតថា «សូមអ្នកគណនានៅផ្ទះរបស់អ្នក ព្រោះវាមានចំណូលពីសំបុត្រប្រគុំតន្ត្រី ប្រមាណជា១២,៥ពាន់លានដុល្លា និង១០០ពាន់លានដុល្លាផ្សេងទៀត ពីការលក់ថាសចម្រៀងរបស់លោក ប៊េប៊ើរ»។ ចំណុចទាំងនេះ សេតវិមានចង់និយាយដល់ ពីចំណូលដែលតារាចម្រៀងអាចរកបាន ហើយបង់ចូលថវិការបស់រដ្ឋការអាមេរិក និងអាចជាជំនួយមួយយ៉ាងធំ ក្នុងការបង់រំលោះប្រាក់ជំពាក់សាធារណៈទាំងឡាយ ដែលអាមេរិកនៅជាប់ដកខ្លួនមិនទាន់រួច មកទល់នឹងថ្ងៃនេះ។
នៅថ្ងៃទី៤ឧសភាខាងមុខ តារាចម្រៀង ជូស្ទីន ប៊េប៊ើ នឹងប្រឈមនឹងការកាត់ទោស នៅក្រុងមីអាមី ក្នុងរដ្ឋផ្លរីដ ពីបទបើកបរយានយន្ដ នៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ជាមួយនឹងប័ណ្ណបើកបរដែលហួសកំណត់ និងថែមទាំងតវ៉ាប្រឆាំងនឹងការឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមករានោះទៀត។ តារាចម្រៀងវ័យក្មេងរូបនេះ នៅតែប្រកែកថា ខ្លួនគ្មានកំហុសអ្វីទេ៕
---------------------------------------------------------
ដោយ សុបិន្ត (ទំនាក់ទំនង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ មេសា ២០១៤