មេនស៊ីធី ក្លាយជាជើងឯកអង់គ្លេសដោយសារ... បរាជ័យរបស់មេនញ៉ូ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ មេសា ២០១៨
- កែប្រែចុងក្រោយ: April 18, 2018
- ប្រធានបទ: ជើងឯកអង់គ្លេស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពសប្បាយរីករាយ បានកើតមានឡើង ព្រោះទឹកភ្នែករបស់អ្នកដទៃ! នៅក្នុងពិភពបាល់ទាត់ មានរឿងរបៀបនេះច្រើនណាស់ និងពិតជាសាហាវ រកថ្លែងមិនត្រូវ!!! ដូចករណីនេះជាដើម៖ ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) បានក្លាយជាជើងឯក ព្រោះក្រុម មេនឆេស្ទ័រយូណាយធីត (Manchester United) បានប្រកួតចាញ់ក្រុម «West Bromwich Albion» ក្នុងពិន្ទុ ០-១ លើទឹកដីខ្លួនឯង (របស់ក្រុម មេនញ៉ូ)។
បរាជ័យរបស់ក្រុម មេនញ៉ូ បានធ្វើឲ្យក្រុមនេះ គ្មានពិន្ទុ (ពិន្ទុ០) សម្រាប់យកមកបូកបន្ថែម ឲ្យចំណាត់ថ្នាក់ទីពីររបស់ខ្លួន នៅក្នុងក្របខណ្ឌ ប្រកួតជុំបូកពិន្ទុ «Premier League» របស់ចក្រភពអង់គ្លេសឡើយ។ ខណៈក្រុម មេនស៊ីធី រកបានបីពិន្ទុបន្ថែម ដាច់ពីលើក្រុម មេនញ៉ូ បន្ទាប់ពីក្រុម មេនស៊ីធី បានប្រកួតយកឈ្នះ (៣-១) លើក្រុម ថូទេនហាម (Tottenham) កាលពីថ្ងៃសៅរ៍។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម មេនញ៉ូ និងក្រុម «West Bromwich Albion»៖
ក្រុម មេនស៊ីធី ទទួលបានតំណែង ជាជើងឯកនេះ ជាលើកទី៥ នៅក្នុងប្រវត្តិសាស្ត្រ នៃក្រុម។ ប៉ុន្តែការទទួលបានតំណែង ក្នុងឆ្នាំនេះ មិនមែនជាលទ្ធផល ដែលក្រុមទន្ទឹងរង់ចាំនោះទេ តែគឺតំណែង ជាជើងឯកអ៊ឺរ៉ុប «Champions League» ឯណោះទេ ដែលក្រុម មេនស៊ីធី បានចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទិញទាំងកីឡាករ ទាំងគ្រូបង្វឹក និងអ្នកបច្ចេកទេសផ្សេងទៀត ដែលមិនខុសប៉ុន្មាន ពីក្រុម ប៉ារីស (Paris Saint-Germain) នោះឡើយ។
តែទីបំផុតទៅ ក្រុម មេនស៊ីធី បានហាលអាវ នៅត្រឹមវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប កាលពីសប្ដាហ៍កន្លងទៅ ចំពោះក្រុម លីវើភូល (Liverpool) ដែលជាក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេសដូចគ្នា៕
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម មេនស៊ីធី និងក្រុម ថូទេនហាម៖