អ្នករាំ៦៦០នាក់ បើកការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៣ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤ លើកទី២០ បានបើកធ្វើហើយនៅទីក្រុង សៅ ប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល ជាមួយនឹងការប្រគុំតន្ត្រីយ៉ាងកក្រើកដី ពោរពេញដោយភ្លើងពណ៌ចម្រុះ នៅពីមុខទស្សនិកជនជាង៦ម៉ឺននាក់។ ពិធីបើកការប្រកួតនេះ បានឧទ្ទិសទៅឲ្យប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះផង និងរតនសម្បត្តិ៍របស់ប្រទេសនេះផង។
កំពូលអ្នកចម្រៀងដ៏ល្បីទាំងបីរូប នៅក្នុងពិធីបើកប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤។ (រូបថត twitter)
បាល់ទាត់ពិភពលោក - នៅវេលាម៉ោងប្រមាណជា ៣រសៀល និង១៤នាទី ម៉ោងក្នុងប្រទេសប្រេស៊ីល នៅក្រោមផ្ទៃមេឃខៀវខ្ចី ការរៀបចំការប្រគុំតន្ត្រីដ៏ធំមួយ បានកើតឡើងនៅកណ្ដាលវាលស្មៅ ដើម្បីសម្ពោធបើកជាផ្លូវការ នូវការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤ លើកទី២០។ ឆ្នាំ២០១៤នេះ ប្រទេសប្រេស៊ីល បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ជាលើកទីពីរ បន្ទាប់ពីលើកទីមួយរបស់ខ្លួន កាលពីឆ្នាំ១៩៥០។
ទស្សនិកជនជាង៦ម៉ឺននាក់ បានរីករាយកំសាន្ដផ្ទាល់ ជាមួយនឹងការបង្ហាញនូវផ្ទាំងទស្សនីយភាព ប្រមាណជា២៥នាទី រួមសម្ដែងដោយអ្នករាំ៦៦០នាក់ ក្រោមវត្តមានរបស់ប្រធានាធិបតីប្រេស៊ីល លោកស្រី ឌីលម៉ា រូស៊ែហ្វ (Dilma Rousseff) និងមេដឹកនាំមកពីប្រទេសប្រមាណជាង១០ផ្សេងទៀត បូករួមទាំងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គី-មូន (Ban Ki-moon) និងមនុស្សម្នាក់ទៀតដ៏សំខាន់ គឺនាយកសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក ជូសេហ្វ ផ្លាស្ទ័រ (Joseph Blatter) នោះផង។
អ្នកដឹកនាំឈុតឆាកជនជាតិប៊ែលហ្សិក លោក ដាហ្វនេ ក័ណេ (Daphné Cornez) បានថ្លែងនៅក្រោយពិធីនោះថា៖ «ផ្ទាំងទស្សនីយភាព នៃការបើកប្រកួតបាល់ទាត់ពិភពលោក បានឧទ្ទិសទៅប្រទេសប្រេស៊ីល និងរតនៈសម្បត្តិ៍របស់ប្រទេសនេះ ដែលទាំងអស់គ្នាដឹងថា ជាធម្មជាតិអ្នកស្រឡាញ់បាល់ទាត់»។
លោកបានថ្លែងទៀតថា ក្នុងនាទីនីមួយៗ ត្រូវបានចំណាយពេលជាង២០ម៉ោង ដើម្បីរៀបចំតម្លើងឈុតឆាក និងតម្រូវឲ្យមានការហាត់សមជាមួយនឹងសិល្បករ និងអ្នករាំ ប្រមាណជា៨៤ម៉ោង។
ការរៀបចំឈុតឆាក មានការចូលរួមពីតារាបីរូប៖ តារាចម្រៀងប្រេស៊ីល នាង ឡេតេ (Leitte) តារាចម្រៀងរ៉ាប់ដ៏ល្បី លោក ភីតប៊ូល (Pitbull) និងតារាចម្រៀងអន្តរជាតិដ៏ល្បី នាង ជេនីហ្វើរ ឡូប៉េស (Jennifer Lopez)។ អ្នកទាំងបីបានបកស្រាយ ចម្រៀងផ្លូវការ របស់ការប្រកួតបាល់ទាត់ពិភពលោកលើកនេះ ដែលមានចំណងជើងថា «យើងជាពិភពលោកតែមួយ (We are one)»។
អ្វីដែលខុសប្លែកបន្ដិច ពីការបើកប្រកួតបាល់ទាត់ពិភពលោក លើកមុនៗ គឺនៅឆ្នាំនេះ ប្រធានាធិបតីប្រេស៊ីល លោកស្រី ឌីលម៉ា រូស៊ែហ្វ ដែលតំណាងឲ្យម្ចាស់ផ្ទះរៀបចំការប្រកួត មិនបានថ្លែងសុន្ទរកថាដើម្បីដាក់ឲ្យសម្ពោធពិធីដ៏សម្បើមនេះទេ។ នេះអាចទំនងមកពីបញ្ហារំជើបរំជួល និងបាតុកម្មនៅក្នុងសង្គម បានក់ើតឡើងជាញឹកញាប់ នារយៈពេលចុងក្រោយ នៅក្នុងប្រទេសម្ចាស់ផ្ទះមួយនេះ៕
ចម្រៀង «យើងជាពិភពលោកតែមួយ (We are one)»៖