អ៊ឺរ៉ូ២០១៦៖ ក្ដីអំណរ​ផ្ទុះ​ដូច​ភ្នំភ្លើង​នៅ​អ៊ីស្លង់ បន្ទាប់​ពី​បំបាក់​អង់គ្លេស

ជាជ័យជំនះ ដែលសឹងតែមិនគួឲ្យជឿបាន! ក្រុមជម្រើសជាតិ​អ៊ីស្លង់ (អាយឡេន) បានបំបាក់ក្រុមអង់គ្លេស នៅ​វគ្គ​១ភាគ​៨ផ្ដាច់​ព្រ័ត្រ ដើម្បី​ឡើង​ទៅជួបក្រុមបារាំង នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ហើយបានបង្កឲ្យផ្ទុះ នូវក្ដី​អំណរសាទរ​យ៉ាង​ខ្លាំងក្លា នៅ​ពាសពេញ​នៃ​ប្រទេស​ដ៏​តូច​មួយនេះ។
អ៊ឺរ៉ូ២០១៦៖ ក្ដីអំណរ​ផ្ទុះ​ដូច​ភ្នំភ្លើង​នៅ​អ៊ីស្លង់ បន្ទាប់​ពី​បំបាក់​អង់គ្លេស
ក្រុមកីឡាករអ៊ីស្លង់ សប្បាយនឹងជ័យជំនះរបស់ខ្លួន ជាមួយនឹងអ្នកគាំទ្រនៅក្នុងកីឡាដ្ឋាន។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 28, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិ របស់កោះអ៊ីស្លង់ មិនត្រូវបានអ្នកផងចាត់ទុក ជាក្រុមតូចមិនពូកែ ដូច​ក្រុម​ប្រទេស​ដែល​មាន​បាល់ទាត់​ខ្លាំងៗ ដទៃទៀតឡើយ ជាពិសេសបន្ទាប់ពីក្រុមអ៊ីស្លង់ បាន​បំបាក់​ក្រុម​អង់គ្លេស​​​យ៉ាងជូរចត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃច័ន្ទទី២៧ ខែមិថុនាម្សិលម៉ិញ។ ភ្លាមៗនៅក្រោម​ជ័យជំនះ​​នេះ បណ្ដា​ជន​អ៊ីស្លង់រាប់ម៉ឺននាក់ បានចុះមកជួបជុំគ្នា នៅនឹងទីលានមួយ ដែលមានដាក់អេក្រង់ដ៏ធំ បញ្ចាំង​​ពី​​ការ​ប្រកួត​ខាងលើ កណ្ដាលរដ្ឋធានី «Reyjavik»។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មាន​ក្នុង​ស្រុក​នានា។

សារព័ត៌មាន «RUV » បានចេញផ្សាយអត្ថបទ នៅលើគេហទំព័រខ្លួនថា៖ «ជ័យជំនះដែលមិនគួរឲ្យជឿបាន របស់​កោះ​អ៊ីស្លង់» ខណៈសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «Frettabladid» បានដាក់ចំណងជើងធំៗថា៖ «ក្រុម​​បាល់ទាត់របស់យើង បញ្ជូនក្រុមអង់គ្លេស ឲ្យត្រឡប់ទៅផ្ទះវិញ»។

អ្នកធ្វើអត្ថាធិប្បាយ ប្រចាំទូរទស្សន៍ក្នុងស្រុកមួយ បានស្រែកឡើងខ្លាំងៗ និងជាច្រើនដង រហូតស្អក ដោយ​ហេតុ​ពី​ជ័យជំនះ នៃក្រុមជម្រើសជាតិខ្លួន នៅចុងបញ្ចប់នៃការប្រកួត។ សូមទស្សនាវីដេអូ ដែលមានសម្លេង​របស់​អ្នក​ធ្វើ​អត្ថាធិប្បាយនេះ ដូចតទៅ៖

រីឯក្រសួងការបរទេសអ៊ីស្លង់ បានសរសេរនៅលើទំព័រទ្វីសធើរថា៖ «គ្មានវាចានឹងថ្លែងទេ មានតែភាព​សប្បាយ​រីករាយ រហូតដល់ហូរទឹកភ្នែក»។ តំណាងរាស្ត្រអ៊ីស្លង់ខ្លះ បានសរសេរចំអកឲ្យក្រុមអង់គ្លេសថា៖ «ជាការ​ចាក​ចេញ ពីអ៊ឺរ៉ូ (Brexit) ដ៏ពិតប្រាកដមួយ»។

ប្រទេសអ៊ីស្លង់ (ឬ អាយឡេន) ជាកោះមួយ នៅភាគខាងជើង កណ្ដាលមហាសាគរអាត្លង់ទិក។ កោះអ៊ីស្លង់ មាន​ផ្ទៃក្រឡាប្រមាណជាង ១០៣ពាន់គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅ ប្រមាណតែជាង​៣សែន​នាក់​ប៉ុណ្ណោះ។ តាំងពីប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៤នោះមក បណ្ដាជនអ៊ីស្លង់កម្រ​មាន​ឱកាស​សប្បាយ​រីករាយ ពីជ័យជំនះដែលប្រទេសខ្លួនទទួលបាន ពីការប្រកួតនានា ជាលក្ខណៈអន្តរជាតិណាស់។ នៅមុន​«អ៊ឺរ៉ូ២០១៦»​នេះ កោះអ៊ីស្លង់បានរីករាយ កាលពីឆ្នាំ២០០៨ម្ដងដែរ ជាមួយនឹងមេដាយប្រាក់ នៃការប្រកួតបាល់ទះ នៅក្នុង​កីឡាអូឡាំពិក ដែលបានប្រព្រឹត្តិទៅ នារដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមបញ្ជាក់ដែរថា បន្ទាប់ពីនេះទៅ ក្រុមអ៊ីស្លង់ នឹងត្រូវទៅជួបជាមួយក្រុមបារាំង នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្នុង​យប់​ថ្ងៃអាទិត្យខាងមុខ៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...