អ៊ឺរ៉ូ២០១៦៖ បារាំងបង្ក្រាបអ៊ីស្លង់ ៥-២ មុនទៅជួបអាល្លឺម៉ង់
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៣ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 04, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦» ឈប់ទន់ភ្លន់លេងសើច ជាមួយក្រុមភ្ញៀវមកពីចំងាយទៀតហើយ។ នៅកីឡាដ្ឋាន «Stade de France» ខាងជើងជាប់រដ្ឋធានីបារីស នាយប់ថ្ងៃអាទិត្យទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមាន់គកបារាំង បានបង្ក្រាបយ៉ាងជូរចត់ ទម្លាក់ក្រុមអ៊ីស្លង់ (ឬអាយឡេន) ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុបឆ្នាំនេះ ឲ្យហាលអាវត្រឹមវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ និងត្រូវវិលត្រឡប់ទៅផ្ទះវិញជាស្ថាពរ។ «ជូរចត់» ព្រោះក្រុមអ៊ីស្លង់ ដែលពោរពេញដោយក្ដីសុបិន្ត និងបានបណ្ដេញក្រុមអង់គ្លេសឲ្យទៅផ្ទះមុនខ្លួន កាលពីប៉ុន្មានថ្ងៃកន្លងមកនោះ បានចាញ់ក្រុមបារាំងដល់ទៅ៥គ្រាប់ ក្នុងនោះ៤គ្រាប់ ត្រូវបានក្រុមពាក់អាវខៀវបារាំង រកបាននៅពាក់កណ្ដាលម៉ោងដំបូង។
ការប្រកួតទើបនឹងចាប់ផ្ដើម បានជាង១០នាទី កីឡាករខ្សែប្រយុទ្ធបារាំង «Olivier Giroud» បានទទួលគ្រាប់បាល់ ពីមិត្តរួមក្រុមរបស់ខ្លួន «Blaise Matuidi» ហើយបានទាត់បញ្ចូលទី របស់ក្រុមអ៊ីស្លង់ នៅនាទីទី១២។ បន្ទាប់មកទៀត នៅនាទីទី១៩ កីឡាករខ្សែបម្រើបារាំង «Paul Pogba» បានរកគ្រាប់បាល់មួយទៀត ដោយប្រើក្បាលបញ្ជូនដាក់ចូលទីអ៊ីស្លង់ បន្ទាប់ពីទទួលបាល់ ទាត់ពីជ្រុងដោយកីឡាករ «Antoine Griezmann»។ នៅ៣នាទីមុនបញ្ចប់ពាក់កណ្ដាលម៉ោងដំបូង ក្រុមបារាំងរកគ្រាប់បាល់ បានពីរគ្រាប់បន្ថែម ដោយកីឡាករ «Dimitri Payet» នៅនាទីទី៤៣ និងដោយកីឡាករ «Antoine Griezmann» នៅនាទីទី៤៥។
តែក្រុមអ៊ីស្លង់បាន«ប៉ះប៉ូវ» រកមុខមាត់ខ្លះមកវិញ ដោយទាត់បញ្ចូលក្រុមបារាំងបានពីរគ្រាប់ នៅពាក់កណ្ដាលម៉ោងទីពីរ។ បានពីរគ្រាប់ ក៏ព្រោះតែក្រុមបារាំងបានថ្នមជើង និងដកជើងល្អៗរបស់ខ្លួន ដើម្បីសម្រាកយកកម្លាំង នឹងអាលត្រៀមទៅជួបសងសឹកជាមួយក្រុមអាល្លឺម៉ង់ នៅថ្ងៃព្រហស្បត្តិ៍ខាងមុខ។ ការថ្នមជើងនេះ បានបង្កការធ្វេសប្រហែស ទុកចន្លោះប្រហោងឲ្យក្រុម«Vikings» ទាត់ និងប្រើក្បាលបុកបាល់ ចូលទីបារាំងបាន នៅនាទីទី៥៦ និងទី៨៤។
» ក្រុមអ៊ីស្លង់ ថ្លែងអំណរគុណទៅកាន់ក្រុមអ្នកគាំទ្រ ដែលមកទស្សនាផ្ទាល់នៅក្នុងកីឡាដ្ឋាន «Stade de France»៖
ជំនួបសងសឹក!
ក្រុមមាន់គកបារាំង ដែលរកបានគ្រាប់បាល់មួយបន្ថែមទៀត ដោយកីឡាករ «Olivier Giroud» នៅនាទីទី៥៩នោះ នឹងត្រូវទៅជួបជាមួយដៃគូសងសឹករបស់ខ្លួន គឺក្រុមអាល្លឺម៉ង់ ដែលធ្លាប់បានទម្លាក់ក្រុមបារាំង នៅត្រឹមវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតដណ្ដើមជើងឯកពិភពលោក កាលពីឆ្នាំ២០១៤ (ប្រកួតក្នុងប្រទេសប្រេស៊ីល) មុននឹងក្រុមអាល្លឺម៉ង់ឈ្នះបានលេខមួយ និងយកពានជើងឯកយកមកកាន់ក្នុងដៃ រហូតដល់ថ្ងៃនេះ។
ជំនួបរវាក្រុមបារាំង និងក្រុមអាល្លឺម៉ង់នោះ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បត្តិ៍ទី៧ ខែកក្កដាខាងមុខ ក្នុងកីឡាដ្ឋានដ៏ធំ នៃក្រុងម៉ាសីយ៍ (Marseille) ភាគខាងត្បូងបារាំង។ ជាការប្រកួត ដែលចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គដែលមានបួនក្រុមចុងក្រោយបង្អស់។ ការប្រកួតមួយទៀត នៅក្នុងវគ្គដដែលនេះ ជាជំនួបរវាងក្រុមព័រទុយហ្គាល់ និងក្រុមវៀល្ស៍ នៅថ្ងៃពុធ ទី៦ ខែកក្កដា ក្នុងកីឡាដ្ឋានក្រុង លីយ៉ុង (Lyon) ដែលស្ថិតនៅភាគខាងត្បូងបារាំងដែរ៕
--------------------
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖