សម្ភាសសុន ឆៃ ៖ វិបត្តិដីធ្លីដ៏ធំនៅរតនគីរី បង្កមកពីក្រុមហ៊ុនវៀតណាម
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានចុះធ្វើការស៊ើបអង្គេតករណីជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តរតនគីរី រយៈពេលពីរថ្ងៃ ថ្ងៃទី១៩ -២០ ខែឧសភា ឆ្នាំ២០១៣។
ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ Bunthoeun Chea/ MONOROOM.info)
ការស៊ើបអង្គេតតំបន់ព្រៃសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនវៀតណាមក្នុងស្រុកអ៊ូយ៉ាដាវ និងស្រុកលំផាត់នេះ លោក សុន ឆៃបានផ្តល់បទសម្ភាសជាមួយមនោរម្យព័ងអាំងហ្វូ ពីចំណាត់ការបន្តរបន្ទាប់ លើលទ្ធផលដែលទទួលបាន ពីការស៊ើបអង្គេតនេះដូចខាងក្រោម៖
មនោរម្យព័ងអាំងហ្វូ ៖ ក្រោយពីការអង្កេតករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនវៀតណាម នៅខេត្តរតនគីរី តើលោក និងមានចំណាត់ការយ៉ាងណា ចំពោះលទ្ធផលដែលលោកធ្វើការអង្គេតបាន?
សុន ឆៃ ៖ ខ្ញុំជាតំណាងរាស្រ្ត ត្រូវតែបំពេញកាតព្វកិច្ចនេះ។ មានប្រជាជនច្រើនដែលកំពុងតែរងគ្រោះ ដោយសារសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ រាល់ព័ត៌មានដែលប្រមូលបានពីការរំលោភដីរដ្ឋ ដីសហគម និងការកាប់បំផ្លាញព្រៃឈើ ដោយក្រុមហ៊ុនវៀតណាមនេះ មានជាពាក្យបណ្តឹង ឯកសារមួយចំនួន និងមានថតជាវីដេអូ។ ខ្ញុំកំពុងតែធ្វើរបាយការណ៍ និង ពិភាគ្សាជាមួយក្រុមអ្នកច្បាប់ ដើម្បីរៀបចំបញ្ជូនឯកសារទាំងនេះទៅប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលករណីនេះលោកប្រហែលជាមិនបានដឹងផង។ ជាចុងក្រោយខ្ញុំនឹងប្តឹងទៅតុលាការ ចំពោះការកាប់បំផ្លាញព្រៃឈើ ការទន្រ្ទានដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងការឃុបឃឹតរបស់មន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត។
មនោរម្យព័ងអាំងហ្វូ ៖ លោកថាមានគម្រោងនឹងប្តឹងមន្រ្តីមួយចំនួន តើលោកអាចបញ្ជាក់ពីមូលហេតុ ដែលពាក់ពន្ធ័មួយចំនួនបានទេ?
សុន ឆៃ ៖ នឹងប្តឹងពីមន្ត្រីមូលដ្ឋានដូចជារដ្ឋបាលព្រៃឈើ ដែលចូលដៃជាមួយឈ្មួញ និងក្រុមហ៊ុនវៀតណាម។ ក្រុមហ៊ុននេះធ្លាប់ត្រូវបានរដ្ឋាភិបាលខាងក្រសួងកសិកម្ម ព្រមានម្តងរួចមកហើយ ចំពោះការចេញទៅកាប់ ឈើក្រៅតំបន់ដីសម្បទាន ហើយអូសចូលមកក្នុងតំបន់របស់ខ្លូននិងបានធ្វើការដឹកចេញរាល់យប់ពី៣០ ទៅ៤០ឡាន។
មនោរម្យព័ងអាំងហ្វូ ៖ តើលោកអាចរៀបរាប់ដោយត្រួសៗនូវលទ្ធផលដែល បានធ្វើការអង្កេតនោះទេ?
សុន ឆៃ ៖ ខ្ញុំបានជួបជាមួយជនជាតិភាគតិចពីរស្រុក ស្រុកអូយ៉ាដាវ ដែលមានសហគមនចារ៉ាយ និងស្រុកលំផាត់ដែលមានសហគមលំពូន។ ពួកគាត់បានដាក់ពាក្យបណ្តឹងមកខ្ញុំជាង២០បណ្តឹង ដែលមានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិដីធ្លីនេះ។ មានក្រុមហ៊ុនវៀតណាមយ៉ាងតិចពី១៧ ទៅ២០ក្រុមហ៊ុន។ ក្នុងនោះមានក្រុមហ៊ុនពីរធំៗមួយឈ្មោះ Hoang Anh និងឈ្មោះ Ea Lev Em Yoy Stock ដែលបានគ្រប់គ្រងលើផ្ទែដីប្រមាណជាពីសែនហិចតា។ ពួកគេមានសមាគមវៀតណាមមួយ ជាអ្នករត់ការក្នុងការទទួលខុសត្រូវ នូវដីសម្បទានសេដ្ឋកិច្ចទាំងនោះពីមន្ត្រីខិលខូច និងមានក្រុមហ៊ុនខ្មែរមួយចំនួនទៀតដែបានទទួលនូវដីសម្បទាននេះ ហើយបានលក់ទៅឲ្យក្រុមហ៊ុនវៀតណាមទាំងនោះជាបន្តបន្ទាប់។ ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនវៀតណាមបានគ្រប់គ្រង លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ប្រមាណជាប្រាំសែនហិចតានៅទូទាំងប្រទេសកម្ពុជា។
មនោរម្យព័ងអាំងហ្វូ ៖ នៅទីនេះ ថ្វីត្បិតតែមានបញ្ហាដីធ្លី តែចំពោះជីវភាពរបស់ពួកគាត់ប្រហែលជានឹងប្រសើរឡើង ដោយសារតែពួកគាត់បានការាងារធ្វើពីក្រុមហ៊ុនទាំងនោះ។ តើលោកសង្កេតឃើញយ៉ាងណាចំពោះករណីនេះ?
សុន ឆៃ ៖ ក្នុងស្ថានភាពជាក់ស្តែង ដែលខ្ញុំបានពិនិត្យឃើញ និងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងនោះ មិនមានពលរដ្ឋណាម្នាក់នៅតំបន់នេះ បានទទួលការងារធ្វើពីក្រុមហ៊ុនវៀតណាមនោះទេ។ កម្មករទាំងអស់ដែលបំរើឲ្យក្រុមហ៊ុននោះ មានប្រហែលត្រឹមតែ២០នាក់ប៉ុណ្ណោះ ដែលជាជនជាតិខ្មែរ ហើយមកពីខេត្តកំពង់ឆ្នាំងទៀត ក្រៅពីនោះសុទ្ធតែជាជនជាតិយួនទាំងអស់ ប្រហែលជាង២០០គ្រួសារ។ ខ្ញុំគិតថា ដោយសារតែក្រុមហ៊ុនទាំងនោះ បានរំលោភយកដីកម្មសិទ្ធិ ដីចំការ និងដីកេរ្តិ៍របស់ពួកគេ ដូច្នេះអាចពួកគេមិនធ្វើ ឬមួយក្រុមហ៊ុនទាំងនោះមិនឲ្យធ្វើតែម្តង ដោយសារតែការតវ៉ារបស់ពួកគាត់។
មនោរម្យព័ងអាំងហ្វូ ៖ តើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការរំលោភសិទ្ធិដីធ្លីទាំងនោះ មានចំនួនសរុបប៉ុន្មានគ្រួសារ ហើយបានបាត់បងដីកម្មសិទ្ធិប៉ុន្មានហិកតា?
សុន ឆៃ ៖ ប្រជាពលរដ្ឋរស់នៅតំបន់នោះមានពីក្រុមជាតិសាសន៍ មួយជាជនជាតិចារ៉ាយ និងមួយទៀតជាជនជាតិទំពូន ដែលមានគ្នាសរុបជាង៥០០គ្រួសារ។ ចំណែកកម្មសិទ្ធិដីធ្លីដែលបានបាត់បង់ ពីការធ្វើសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះ មានប្រហែលជាង៣០០០ហិកតា។
មនោរម្យព័ងអាំងហ្វូ ៖ ក្នុងការចុះអង្គេតនេះ តាមលោកពិនិត្យឃើញជាក់ស្តេង តើមានចំណុចអ្វីដែលសំខាន់ ទាក់ទងទៅនឹងការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្ស និងការមិនអនុវត្តច្បាប់?
សុន ឆៃ ៖ តាមការពិនិត្យជាក់ស្តែងមានប្រាំចំណុច។ ទីមួយរដ្ឋាភិបាលមិនដែលឃើញជាក់ស្តែងទេ ឲ្យសម្បទានគេគូសតែលើផែនទី ស្តាប់តែមន្ត្រី«ខូច»នៅមូលដ្ឋានថាដីនេះទំនេរ ដីនោះទំនេរ គ្មានប្រភេទដីរិចរិលទេ មានតែ«ព្រៃស្រោង និងព្រៃហ៊ុបធំៗ»។ ទីពីរតាម «នយោបាយស្បែកខ្លា»ថា ត្រូវមានការយល់ព្រមពីសហគម និងការការពារភូមិករ ចំការសហគម។ តែផ្ទុយមកវិញ ឲ្យតែបានដីហើយ បំភ័យយកដីប្រជាពលរដ្ឋទាំងអស់តែម្តង រួមទាំងដីព្រៃមួយចំនួនទៀតដែលហាមឃាត ឬការពារទៀត។ ទីបីភាពអាណាធិបតេយ្យរបស់ក្រុមហ៊ុន ដូចជាមិនមានដាំអ្វីទេ គិតតែកាប់ ដឹកនិងប្រមូលឈើតែមួយមុខគត់ សំខាន់«ពួកគេចង់បានឈើជាង»។ ទីបួន ការរំលោភយកដីសហគម ការផំផ្លាញដីស្រែចំការ ការឈូសកំទេចលំនៅដ្ឋាន ការបំផ្លាញវប្បធម៌ដែលជាកេរ្ត៍របស់ពួកគាត់(ប្រជាពលរដ្ឋ)។ ទីប្រាំ មានការបារម្មណ៍ចំពោះការបាត់បង់ទឹកដី ព្រោះមានសម្បទានដីសេដ្ឋកិច្ចដល់ទៅ៩៩ឆ្នាំ ហើយស្ថិតនៅក្បែព្រំដែន និងយកប្រជាពលរដ្ឋគេ(យួន) មករស់នៅធ្វើជាកម្មករតហូតដល់ជាង២០០គ្រួសារ។ នេះជាបញ្ហាគ្រោះថ្នាក់ណាស់ ខ្ញុំចង់ឲ្យលោកនាយករដ្ឋមន្ត្រីដឹងផ្ទាល់ ហើយខ្ញុំនឹងរាយការណ៍ជូនគាត់ផ្ទាល់តែម្តង ក្រែងអ្នករាយការណ៍ពីមុនមិនច្បាស់លាស់៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២២ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ