ទឹកលិចផ្ទះ ទៅរកអាជ្ញាធរឲ្យដោះស្រាយ តែត្រូវ«ចាប់ខ្លួន»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 10, 2014
- ប្រធានបទ: ក្រុងគុជ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្តងទៀត អ្នកភូមិបឹងកក់ប្រាំពីរនាក់ ត្រូវបានអាជ្ញាធរប្រទេសកម្ពុជា ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេធ្វើការបិទផ្លូវ ព្រះមុនីវង្ស។ ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ ប្រមាណជាងហាសិបនាក់ បាននិយាយថា ការបិទផ្លូវនេះ ព្រោះតែអាជ្ញាធរមិនផ្តល់ នូវដំណោះស្រាយណាមួយសមស្រប ដល់ពលរដ្ឋដែលកំពុងលិចលង់ ដោយសារទឹកសំអុយចេញពីលូមកវិញ នាពេលមានភ្លៀងធ្លាក់មកម្តងៗ។
មុនការចាប់ខ្លួន និងការប៉ះទង្គិចរហូតដល់ពេលមានហិង្សានេះ គេសង្កេតឃើញមានការដាក់ពង្រាយកម្លាំង ប្រមាណជាង១០០នាក់ ប្រដាប់ដោយដំបង និងខែល។ លើកំណាត់វិថីព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ នាវេលាម៉ោងជាង១០ព្រឹក ត្រូវបានបិទ ទោះបីជាអាជ្ញាធរសម្របសម្រួល ឲ្យបើកវិញយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានបិទផ្លូវ ហើយនៅតែគ្មានការអន្តរាគមន៍ និងឆ្លើយតបពីខាងសាលាក្រុង ការប៉ះទង្គិចមួយក៏បានចាប់ផ្តើមឡើង បង្ខំឲ្យអ្នកភូមិមួយចំនួនសម្រេចចិត្ត ផ្លោះរបងចូលទៅក្នុងសាលាក្រុងដើម្បីរត់គេសខ្លួន។
នៅមុខស្នងការនគរបាលចរាចរក្រុងភ្នំពេញ អ្នកភូមិតំណាងសហគមន៍បឹងកក់មួយរូប អ្នកស្រី បូវ សោភា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គ្នីគ្នារបស់អ្នកស្រីចំនួនប្រាំពីរនាក់ បានរងការប្រើប្រាស់ហិង្សា ពីក្រុមអាជ្ញារធរ និងចាប់ខ្លួនបោះចូលឡានភ្លាម។ អ្នកស្រីបន្តថា ការចាប់ខ្លួននេះ ក្រុមអ្នកស្រីមិនមានធ្វើអ្វីខុសនោះទេ ដោយគ្រាន់តែមកសុំជំនួយ ពីខាងសាលាក្រុង ជួយធ្វើយ៉ាងណាបណ្តោះទឹកចេញពីភូមិ បើកមុខទឹកឲ្យហូរចេញ កុំបិទមុខទឹកដូចសព្វថ្ងៃ និងទឹកក្នុងក្រុងត្រូវពង្វៀងចេញ តាមផ្លូវផ្សេងកុំទម្លាក់មកក្នុងតំបន់បឹងកក់ ដូចសព្វថ្ងៃនេះ។
ស្រ្តីដែលរួចផុតពីការចាប់ខ្លួនរូបនេះបានបន្តថា ជាច្រើនថ្ងៃមកហើយ ដែលបានស្នើសុំ តែខាងសាលារាជធានីមិនមានវិធានការអ្វីជួយឡើយ ក្រៅពីសម្ងំស្ងៀម ពួនអាត្មាយករួចខ្លួននោះ។ ដោយពិបាក ក្នុងការរស់នៅទើបសម្រេចចិត្តជាថ្មី មកធ្វើការតវ៉ា ដើម្បីការដោះស្រាយដ៏ពិតប្រាកដមួយ ខណៈការស្នើសុំកន្លងមក គ្មានប្រសិទ្ធិភាព និងគ្មានការឆ្លើយតបអ្វីទាំងអស់។
ក្រោយពីការប៉ះទង្គិច និងការចាប់ខ្លួននោះមក ស្រ្តីបីនាក់ពីក្នុងចំណោមប្រាំពីរនាក់ បានរងរបួស។ រីឯអ្នកបឹងកក់ដែលបានចាប់ខ្លួននោះ រួមមានអ្នកស្រី ទេព វន្នី, អ្នកស្រី ផាន់ ឈុនរ៉េត, អ្នកស្រី គង់ ចន្ថា,អ្នកស្រី បូរ ឆវី សុង អ្នកស្រី សុង ស្រីលាភ អ្នកស្រី ង៉ែត ឃុន និងអ្នកស្រី នង ស្រេង។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេក្នុងថ្ងៃនេះ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។
អ្នកស្រី បូវ សោភា បានធ្វើការបញ្ជាក់ថា បើគ្មានការដោះលែងសកម្មជនបឹងកក់ ទាំងប្រាំពីរនាក់នោះទេ អ្នកស្រីនិងនាំកម្លាំងប្រជាពលរដ្ឋ ធ្វើការទាមទារ និងស្វែងរកអន្តរាគមន៍ពីបណ្តាស្ថានទូតនានា និងជួបជុំគ្នាជាថ្មី នៅមុខសាលារាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ៕